ជប៉ុន​​ព្យាយាមចែចង់​រុស្ស៊ី​​ស្រប​ពេល​​មាន​ភាព​​តានតឹង​​ជាមួយ​ចិន​

01-09-2016 4:05 pm 1514
លោក​Shinzo AbeជួបលោកVladimir Putinនៅរុស្ស៊ីកាលពីខែឧសភា

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​Shinzo Abe​នឹង​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin នៅឯ​កិច្ចពិភាក្សា​វិស័យសេដ្ឋកិច្ច នៅក្នុង​ទីក្រុង​Vladivostok ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច កាន់តែ​ជិតស្និទ្ធ រួមមាន​វិស័យ​ថាមពល និង​បច្ចេកវិទ្យា​។ កិច្ចពិភាក្សា​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ​។ ជំនួប​ពិភាក្សា ធ្វើឡើង​ក្រោយ​លោក Putin ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​កាលពី​ខែ​ធ្នូ​។ ចាប់តាំងពី​លោក​Abe​ឡើងកាន់តំណែង​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០១២ លោក Putin បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​តែ​ម្តង​គត់ ប៉ុន្តែ​សម្រាប់​លោក​Abe​វិញ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​ជាច្រើន​ដង​ហើយ​។​

 

​ការប៉ុនប៉ង​ចែចង់​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ ជាមួយ​រុស្ស៊ី​របស់​ជប៉ុន​នាពេលនេះ ក៏​ដើម្បី​បង្កើន​អំណាច​បន្ថែម​ទប់ទល់​ឥទ្ធិពល​របស់​ចិន​។ ចិន​ជា​មិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី ប៉ុន្តែ​ចិន​និង​ជប៉ុន មាន​ភាព​តានតឹង​ជាមួយ​គ្នា​ដោយសារ​ជម្លោះ​ដែនទឹក ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត​។ កាលពី​ខែ​មុន ជប៉ុន​និង​ចិន​បាន​ជួប​ភាព​តានតឹង​ជាមួយគ្នា​ជាថ្មី ដោយសារ​ចិន​បញ្ជូន​នាវា​ល្បាត​ទៅក្នុង​ដែនទឹក​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​។ ជប៉ុន​បាន​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​តវ៉ា​នៅក្នុង​ទីក្រុង​តូក្យូ​ចំនួន​២​ដង ហើយ​ចិន​បានបញ្ជាក់​ថា បញ្ហា​ដែនទឹក​ត្រូវតែ​ដោះស្រាយ​តាមរយៈ​ទំនាក់ទំនង​ការទូត​។

 

​តើ​ជប៉ុន​អាច​ចែចង់​រុស្ស៊ី​ឲ្យមក​កៀក​ខ្លួន​បាន​ឬ​យ៉ាងណា បើ​ជប៉ុន​ជា​មិត្ត​ជាមួយ​អាមេរិក ហើយ​អាមេរិក​ក៏​មិនសូវ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រុស្ស៊ី​។ ភាព​រកាំរកូស​បាន​កើត​ឡើង​ខ្លាំង​ចុងក្រោយ នៅពេល​រុស្ស៊ី​កាត់​យក​ទឹកដី​Crimea របស់​អ៊ុយ​ក្រែន​ធ្វើជា​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​២០១៤ ដែល​ជប៉ុន អាមេរិក​និង​ប្រទេស​លោកខាងលិច ចោទ​រុស្ស៊ី​ថា​បាន​បំពាន​ធ្ងន់ធ្ងរ​លើ​អ៊ុ​យក្រែន ហើយ​បាន​នាំគ្នា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ទីក្រុង​មូ​ស្គូ​ទៀតផង​។ ជប៉ុន​និង​រុស្ស៊ី​ក៏មាន​ជម្លោះ​ដែនទឹក​ជាមួយគ្នា​ដែរ គឺ​កោះ​ស្ថិត​នៅ​ភាគ​ខាងលិច​មុទ្រ​ប៉ាស៊ីហ្វិក​។ ជប៉ុន​បាន​ទាមទារ​ដែនទឹក​ស្ថិត​នៅ​ភាគ​ខាងលិច​សមុទ្រ​ប៉ាស៊ី​ហ្វិក ដែល​ជប៉ុន​ហៅ​ថា​ដែនដី​ភាគ​ខាងជើង​និង​រុស្ស៊ី​ហៅថា Kuriles​ភាគខាងត្បូង​៕

 

 ពាក្យគន្លឹះ  រុស្ស៊ីនិងជប៉ុន

ព័ត៌មានផ្សេងទៀត