អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានចាត់ទុកការផុ្តល់យោបល់របស់អ្នកលេងហ្វេសប៊ុកមានឈ្មោះវៀតណាមមកលើហ្វេសប៊ុកនាយករដ្ឋមន្ត្រីខ្មែរ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលវៀតណាមនោះទេ។ ការប្រកាសរបស់ក្រសួងការបរទេសវៀតណាមយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះអំពើអសីលធម៌របស់កមា្មភិបាល និងក្រុមបុគ្គលវៀតណាមមួយក្រុម ដែលជេរប្រមាថ និងប្រើសម្តីធ្ងន់ៗមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងហ្វេសប៊ុករបស់លោក ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានពន្យល់ប្រាប់ខាងភាគីកម្ពុជាថា« ការដែលមនុស្សមួយក្រុមដែលត្រូវបានចាត់ទុកថាជាប្រជាជនវៀតណាម បានសម្តែងមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេក្នុងបណ្តាញសង្គមនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់វៀតណាមឡើយ»។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាមមិនមានការឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមើលងាយបុគ្គលឬសម្តែងនូវអាកប្បកិរិយាញុះញង់ ជ្រុលនិយម បំបែកបំបាក់មនោសសញ្ចេតនា ដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។
ទំនាក់ទំនងរវាងកម្ពុជា វៀតណាមវិញ ក្រសួងការបរទេសវៀតណាម បានកត់សម្គាល់ថា “វៀតណាមផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃភាពអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ជាក់ស្តែងក្នុងបណ្តាឆ្នាំកន្លងមក វៀតណាមបានខិតខំប្រប្រែងជាមួយកម្ពុជាក្នុងការថែរក្សានិងជំរុញទំនាក់ទំនងនេះប្រកបដោយសន្តិភាព មិត្តភាព ល្អប្រសើរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ”។
គួរបញ្ជាក់ថា កាលពីនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ធ្វើការថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះអំពើអសីលធម៌របស់កមា្មភិបាល និងក្រុមបុគ្គលវៀតណាមមួយក្រុម ដែលជេរប្រមាថ និងប្រើសម្តីធ្ងន់ៗមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងហ្វេសប៊ុករបស់លោក។ ក្រសួងបរទេសកម្ពុជាបានចាត់ទុកជនវៀតណាមមួយក្រុមនោះថា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងនរមកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយ ដែលមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ៕
( ដោយ គួន សំបូរ)