តុលាការ​កំពូល​​កោះហៅ​​លោក​កឹម សុខា ​ចូល​បំភ្លឺ​​នៅថ្ងៃទី​២​កញ្ញា​​

30-08-2016 11:02 am 6843

​តុលាការ​កំពូល បាន​ចេញ​ដីកា​ថ្មី​មួយ​កោះហៅ​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ    ចូលខ្លួន​បំភ្លឺ​នា​ថ្ងៃ​ទី​២​កញ្ញាសប្ដាហ៍​ក្រោយនេះ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​«​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៦ ឧសភា ឆ្នាំ​២០១៦​។​

​ដីកាកោះ​ចេញ​ដោយ លោក អ៊ុក គីម​សិទ្ធិ អគ្គព្រះរាជអាជ្ញា​រង​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល បានបញ្ជាក់​ថា ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី ២២ សីហា ឆ្នាំ​២០១៦ ដែលមាន​​ជនជាប់ចោទ លោក​កឹម សុខា ជា​ម្ចាស់​បណ្ដឹងសាទុក្ខ ត្រូវដាក់​ឲ្យ​ស្ថិត​​​ក្រោម​ការពិនិត្យ​ពី​បទ បដិសេធ​ក្នុង​ការ​ចូល​ខ្លួន (​ពាក្យស្នើសុំ​បំពេញ​កិច្ច​) ប្រព្រឹត្ត​ទៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​ញ្ញត្តិ​មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។  ជាមួយគ្នា​នោះ​ដែរ លោក អ៊ុក គីម​សិទ្ធិ បានបញ្ជាក់​ថា «​សូមឲ្យ​លោក​កឹម សុខា ចូល​មក​តុលាការ​កំពូល​ឲ្យបាន​ទាន់​ពេលវេលា​ការ​កាលបរិច្ឆេទ​»​។

​គួរ​ជម្រាប​ថា ក្នុង​សំណុំរឿង​លោក​កឹម សុខា ខាងលើនេះ មាន​សមាសភាព​ចៅក្រម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចំនួន ៥​នាក់​រួមមាន​៖ លោក ឃឹម ប៉ុណ្ណ ជា​ប្រធាន​, លោក យស់ សូឌឿន​, លោក សាលី ធារ៉ា​, លោក សេង នាង និង​លោក គង់ តារា​ឆាត​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា​នេះ             កម្លាំង​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​ជញ្ចាំង​មុខ​ផ្ទះ​របស់​លោក កឹម សុខា ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​សមត្ថកិច្ច​យក​ដីកាកោះ​ទៅ​បិទ​នៅ​លើ​ជញ្ជាំង​មុខផ្ទះ​លោក​កឹម សុខា កន្លងមក​ក៏​មាន​ករណី​នេះ​ច្រើន​ដង​ហើយ​ដែរ​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ចៅក្រម​ស៊ើបសួរ​សាលា  ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ចប់​ការ​ស៊ើបសួរ និង​បញ្ជូន​សំណុំរឿង ទៅ​បើក​សវនាការ​ជំនុំជម្រះ នា​ថ្ងៃ​ទី ៩ កញ្ញា​ខាង​មុខ​នេះ​។ បទល្មើស «​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​» ចែង​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ពី ១​ខែ​ទៅ​៦​ខែ និង ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​១​លាន​រៀល​៕
(​ដោយ​៖ ចេ​ន សុជាតា​)


 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត