មេធាវី​លោក​កឹម សុខា​៖ ជាង​មួយ​ទសវត្ស​មក ​ទើប​តែ​ជួប​​ចំណាត់ការ​តុលាការ​​លឿន​ដូច​​ផ្លេកបន្ទោរ​​

27-08-2016 11:46 am 36266

«​ក្នុង​ប្រវត្តិសាស្ត្រ​ជា​មេធាវី​មួយ​ទសវត្ស​ជាង​មកនេះ ខ្ញុំ​ទើបតែ​ជួប​ចំណាត់ការ​របស់​អយ្យកា​រ និង​តុលាការ​ដែល​លឿន​ដូច​ផ្លេកបន្ទោរ ។ សុំ​សរសើរ​អស្ចារ្យ​ដែល​ធ្វើបាន ធ្វើកើត យ៉ាងនេះ​»​។ នេះ​ជា​សម្ដី​របស់​លោកស្រី ម៉េង សុភា​រី មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ដែល​បាន​សេ​រសរ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​នា​ថ្ងៃ​ទី ២៧ សីហា ឆ្នាំ​២០១៦​។


​ចំណាត់ការ​ដែល​លឿន​ដូច​ផ្លេកបន្ទោរ ត្រូវបាន​លោក​ស្រី​មេធាវី បញ្ជាក់​ឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៣ សីហា ២០១៦ ចេញ​ដីកា​ដំណោះស្រាយ បញ្ជូន​រឿង​ទៅ​ជំ​រះ​, ថ្ងៃទី ២៤ សីហា ២០១៦​សំណុំរឿង​ដល់ដៃ   ប្រធាន​តុលាការ​ដើម្បី​ចាត់តាំង​ចៅក្រម​ជំ​រះ​, ថ្ងៃទី ២៤ សីហា ២០១៦ ដដែល ប្រធាន​បាន​ចាត់តាំង​ចៅក្រម​ជំ​រះ​រួចរាល់​, ថ្ងៃទី ២៤ សីហា ២០១៦ ដដែល បាន​កំណត់​ពេលវេលា​បើកសវនាការ ហើយ​តំណាង​អយ្យការ​បានចេញ​លិខិតអញ្ជើញ​មេធាវី​ចូល​សវនាការ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៩ កញ្ញា ២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​។​


​លោកស្រី ម៉េង សុភា​រី បាន​ថ្លែង​ទៀតថា​៖ «​សូម្បី​តែ​ដីកា​ដំណោះស្រាយ ដែល​មេធាវី​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ រយៈពេល​៥​ថ្ងៃ ក៍​តុលាការ​មិន​ខ្វល់ ពាក្យ​បណ្តឹងសាទុក្ខ​ទាក់ទង​និង​ការស្នើសុំ​បំពេញ​កិច្ច​កំពុង​ចាត់ការ​នៅ​តុលាការ​កំពូល​នៅឡើយ ក៍​តុលាការ​នេះ​អត់​ខ្វល់ សំខាន់​គឺ​ឆាប់​បាន​ជំនុំ​ជំ​រះ ឆាប់​បាន​ចេញ​សាលក្រម​...​។ ពិត​ជា​ប្រទេស​មហាអំណាច​មែន​»​។​


​សូមជម្រាបថា ការរិះគន់​លើ​ចំណាត់ការ​តុ​កាលារ​កម្ពុជា​របស់​លោក​ស្រី ម៉េង សុភា​រី នេះ​ធ្វើឡើង​ក្រោយពី​បាន​ដាក់ពាក្យ​ប្ដឹង​ឧទ្ធរណ៍​បន្ត​លើ​សំណុំរឿង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី ២៣ សីហា កន្លងទៅនេះ ដោយ​មិន​សុខចិត្ត​លើ​សេចក្ដីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ និង​សម្រេច​បញ្ជូន​សំណុំរឿង​ដែល​លោក​កឹម សុខា បដិសេធ​ចូល​ខ្លួន​របស់​តុលាការ​ទៅ​ជំនុំជម្រះ ត្រូវបាន​មា​ធា​វី​ការពារ​ក្ដី​លោក​កឹម សុខា ។    


​ជា​ការ​គួរ​កត់សម្គាល់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ចប់​ការ​ស៊ើបសួរ និង​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ចោទ​ពី​បទ «​បដិសេ​ក្នុង​ការ​ចូល​ខ្លួន​» ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ទៅ​បើក​សវនាការ​ជំនុំជម្រះ​។ បទល្មើស «​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​» ចែង​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ពី ១​ខែ​ទៅ​៦​ខែ និង ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​១​លាន​រៀល​៕

 

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត