ទោះ​ធ្លាប់មាន​ជម្លោះ​​នឹង​គ្នា​ចិន​-​ជប៉ុន​​សង្ឃឹម​អាច​​ចាប់ដៃ​សហការ​​រឹតចំណង​​មិត្ដភាព​

26-08-2016 10:20 am 1083
មន្ដ្រីជាន់​ខ្ពស់​ជប៉ុន​(ឆ្វេង)​ចាប់ដៃ​ជាមួយ​មន្ដ្រិជាន់ខ្ពស់​ចិន

​មន្ដ្រីជាន់ខ្ពស់​តំណាង​ប្រទេស​ចិន​និង​ជប៉ុន​បាន​ជួបគ្នា​កាលពី​ថ្ងៃ​ទី​២៥​សីហា នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ខណៈ​មន្ដ្រីជាន់ខ្ពស់​ជប៉ុន​ធ្វើ​ទស្សនកិច្ច​ទៅ​ទីនោះ​។​នៅ​ក្នុង​កិច្ច​ជំនួប ចិន​និង​ជប៉ុន​បាន​យល់ព្រម​ជាមួយគ្នា ថា​នឹង​សម្រេច​ឲ្យមាន​កិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំ​ចិន​ជា​មួយ​ជប៉ុន គឺ​រវាង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង ជាមួយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ហ្ស៊ី​ន​ហ្ស៊ូ អាបេ​។​


​តាម​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ភាគី​ចិន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ដោយ​បង្កើន​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ និង​ចង់​ដោះស្រាយ​បញ្ហា​ធ្លាប់​កើត​ឡើង​ឲ្យ​ចប់​ឆាប់ៗ​។​ប្រភព​ពី​រដ្ឋាភិបាល​ជ​ប៉ុន​វិញ​ឲ្យដឹងថា ជប៉ុន​សង្ឃឹម​ចិន​អាច​ដើរតួនាទី​ជាមួយ​កូរ៉េ​ខាងជើង ដោះស្រាយ​ទង្វើ​មិន​គប្បី​កន្លងមក ជាក់ស្ដែង​មាន​ការបាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៤​សីហា​។​


​សកម្មភាព​កូរ៉េខាងជើង​ធ្វើឲ្យ​ជប៉ុន​បារម្ភ​យ៉ាងខ្លាំង ព្រោះ​កូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​មី​ស៊ី​ល​ចូល​ដែនទឹក​ជា​តំបន់​សេដ្ឋកិច្ច​ជប៉ុន​ថ្មីៗ​។​អ៊ីចឹង​ហើយ​ជប៉ុន​ពឹង​លើ​ចិន​ជា​ដៃគូ​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង អាច​ធ្វើការ​ជាមួយ​រដ្ឋ​ផ្ដាច់ខ្លួន​មួយ​នេះ កុំ​ធ្វើ​អ្វី​ដែល​ជា​សកម្មភាព​បង្ក​អស្ថេរភាព​និង​អន្ដិ​សុខ​។​


​ក្រៅពី​នេះ​មន្ដ្រីជាន់ខ្ពស់​ចិន​និង​ជប៉ុន​ក៏​បាន​ពិភាក្សាគ្នា ពី​បញ្ហា​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​


​សូមបញ្ជាក់​ថា កិច្ច​ជំនួប​រវាង​មន្ដ្រីជាន់ខ្ពស់​តំណាង​ប្រទេស​ចិន​និង​ជប៉ុន​កាលពី​ថ្ងៃ​២៥​សីហា ជា​កិច្ច​ជំនួប​មុនពេល​កិច្ចប្រជុំ​G20​មកដល់​។​កិច្ចប្រជុំ​G20​នឹង​ប្រព្រឹត្ដទៅ​នៅ​ដើម​ខែ​កញ្ញា ក្នុង​ទីក្រុង​Hangzhou​ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត