សហមេធាវី​ការពារសិទ្ធិ​លោកកឹម​ សុខា​ សម្រេច​ប្តឹងឧទ្ឋរណ៍​

26-08-2016 10:09 am 16686

នៅក្រោយចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទបញ្ចប់​សំណុំ​រឿង លោកកឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៣ សីហា សហមេធាវីកាពារសិទ្ធិលោកកឹម សុខា បាន​សម្រេចប្តឹងឧទ្ឋរណ៍ចំពោះដីកា​ដំណោះស្រាយរបស់ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេចនោះ។

 

សហមេធាវីកាពារសិទ្ឋិលោកកឹម សុខា ដែលមានសមាជិកទាំងអស់៥រូប បានបញ្ជាក់នៅ​ក្នុង​បណ្តឹង​នោះ​ថា​ ការចេញដីកាដំណោះស្រាយរបស់ចៅក្រម​ស៊ើបសួរ ហើយបញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ លេខ​២៤០១​ចុះថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ របស់សាលាដំបូង​រាជធានីភ្នំពេញ ទៅជំនុំជម្រះ បានធ្វើឲ្យប៉ះ​ពាល់​​ដល់សិទ្ឋិ និងផលប្រយោជន៍ស្របច្បាប់​របស់កូនក្តី ព្រោះមេធាវី​បានប្តឹងនឹងដីកា​សម្រេចមួយ​ចំនួន​របស់ចៅក្រមស៊ើបសួរ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ចប់ជាស្ថាពរនៅឡើយ។ ​អាស្រ័យ​ហេតុ​នេះ ទើបសហមេធាវី​សុំប្តឹងឧទ្ឋរណ៍នឹងដីកា​ដំណោះស្រាយលេខ២៤៩១ ក១.ដ.ដចុះថ្ងៃទី​២៣ សីហា ឆ្នាំ២០១៦ របស់ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទាំង​មូលនៃសេចក្តី​សម្រេច។

 

ការប្តឹងនេះ ធ្វើឡើងបន្ទាប់ពីចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ​ភ្នំពេញ លោកថាន់ ឡេង បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ជា​ស្ថាពរ និង​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ ទៅ​ជំនុំ​ជម្រះ ។ប៉ុន្តែ​យ៉ាង​ណា​សាលាដំបូងរាជធានីភ្នំពេញ​ភ្នំពេញ នៅមិន​ទាន់​បាន​កំណត់​ពេលវេលា​នៃ​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ។

 

កាលពីថ្ងៃ ​ទី​២៥ សីហា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ហៅ​ការ​សម្រេច​របស់​តំណាង​អយ្យ​ការ និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ ថា​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ របស់​ជាតិ។

 

ក្នុងសេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង ចាត់​ទុក​ថា គណបក្សកាន់អំណាច​បានប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ ហើយ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់​ឈរ​ប្រឆាំង​សកម្មជន និង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ជាង​នេះ​ទៀត ក្រុម​សមាជិក​សភា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ ចាត់​ទុក​ថា ការ​សម្រេច​នេះ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត ដែល​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូងរាជធានីភ្នំពេញ ចោទ​ប្រកាន់​ជា​ស្ថាពរ និង​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ ដោយ​ពុំ​ទាន់​បាន​លើក​អភ័យ​ឯកសិទ្ធិ​សភា​ជា​មុន​នៅ​ឡើយ​ផង។

 

សូមបញ្ជាក់ថា សំណុំ​រឿង​ខាងលើនេះពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង​សញ្ចារកម្ម​ជាមួយ​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ហើយដោយសារតែសំណុំរឿងនេះ បានរុញ​ច្រាន​ឲ្យ​លោក កឹម សុខា ត្រូវ​វ័ណ្ឌ​ក​រហូតដល់​សំងំតែក្នុងទីស្នាក់ការគណបក្ស ជាង៣ខែមកហើយ៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត