កម្ពុជា​-​ចិន រួម​គ្នា​បង្កើត​គណៈកម្មកា​រ​​កសាង​សមត្ថភាព​​ក្នុង​វិស័យ​​សាធារណការ​ និង​ដឹកជញ្ជូន​

25-08-2016 11:57 am 1176

​ក្រោយពី​ទទួលបាន​ជំនួយ ក៏ដូចជា​កម្ចី​ឥណទាន ពី​សំណាក់​រដ្ឋាភិបាល​ចិន ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​កន្លងមក ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ចិន លោក​ស៊ុន ចាន់ថុល បាន​ស្នើ​ទៅ​កាន់​សម​ភាគី​ចិន ក្នុង​ការរួម​គ្នា​បង្កើត​គណៈកម្មការ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។


​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Yang Chuantang រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ដឹកជញ្ជូន នា​ទីក្រុង​ប៉េកាំង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​កម្ពុជា​បាន​ស្នើ​ឲ្យមាន​ការគាំទ្រ ពី​សម​ភាគី​ចិន​ក្នុង​ការបង្កើត​គណៈកម្មកា​រ​រួមគ្នា​មួយ ទាក់ទង​នឹង​ការកសាង​សមត្ថភាព ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។​


​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី​ចិន ក៏​បាន​យល់ព្រម​ជាមួយនឹង​សំណើ របស់លោក ស៊ុន ចាន់ថុល ក្នុង​ការបង្កើត​គណៈកម្មកា​រ​រួមមួយ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ​បន្ថែមទៀត លើ​គ្រប់​វិស័យ​ដែល​ទាក់ទង ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការដឹកជញ្ជូន​។ ក្រោយមក​រដ្ឋមន្ត្រីក្រសួង​ទាំងពីរ ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​កម្មវិធី​កសាង​សមត្ថភាព​។


​ក្រៅពី​នោះ​ផង​ដែរ កម្ពុជា​បាន សម្ដែង​អំណរគុណ​ដល់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ការគាំទ្រ​ជា​បន្ត​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ លោក ស៊ុន ចាន់ថុល បានឲ្យដឹង​ទៀតថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់​ប្រាក់​កម្ចី​សម្បទាន និង​ជំនួយឥតសំណង ដល់​កម្ពុជា ដើម្បី​សាងសង់​ផ្លូវថ្នល់​ប្រវែង​ជាង​២០០០ គីឡូម៉ែត្រ និង​ស្ពាន​ប្រវែង​សរុប​ជិត​៧​គីឡូ​ម៉ែត​។​


​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ ទៅវិញទៅមក​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​ហេ​ដ្ឋា         រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ផ្លូវដែក ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ភ័ស្តុភារ​ដឹកជញ្ជូន ផែនការមេ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា​។ ក្នុងនោះដែរ លោក​ស៊ុន ចាន់ថុល ក៏​បាន​សម្តែង​ការគាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​មួយ​វិថី​មួយ និង​វិថី​សូត្រ​សមុទ្រ ដែល​បាន​បង្កើតឡើង ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ លោក​គូសបញ្ជាក់ថា កម្ពុជា​ជា​សមាជិក   ស្ថាបនិក​ដើម​មួយ ក្នុង​ចំណោម​សមាជិក​ស្ថាបនិក​នានា នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​ជំរុញ​គាំទ្រ​ដោយ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​


​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​លោក Yang និង​គណៈប្រតិភូ​ពី​ក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង រវាង​ក្រសួង​ទាំងពីរ ក៏​ដូចជា​ប្រទេស​ទាំង​ពីរ បន្ថែម​ទៀត​ផង​ដែរ​៕

 

 ពាក្យគន្លឹះ  ក្រសួងសាធារណការ

ព័ត៌មានផ្សេងទៀត