ប្រទេសវៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែបង្ហាញចរិតដ៏អាក្រក់របស់ខ្លួនក្នុងការរំលោភមកលើដែនអធិបតេយ្យកម្ពុជា បើទោះបីកម្ពុជាបានធ្វើកំណត់ទូតជាបន្តបន្ទាប់ស្នើឲ្យប្រទេសមួយនេះបញ្ជប់សកម្មភាព ដែលរំលោភទៅលើតំបន់ហាមឃាត់យ៉ាងណាក្តី។ សកម្មភាពរបស់រដ្ឋាភិបាលក្រុងហាណូយនេះ គឺជាការមើលងាយដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចពលរដ្ឋកម្ពុជា និងមិនគោរពអធិបតេយ្យភាពប្រទេសជិតខាងជាដើម។ មួយវិញទៀត ប្រទេសវៀតណាមខ្លួនឯងចង់ផ្ញើសារប្រាប់កម្ពុជាថា ខ្លួននៅតែជាបងធំលើកម្ពុជាផងដែរ។ សូមស្តាប់បទវិភាគដោយ គួន សំបូរ៖
រាជរដ្ឋាភិបាលកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើកំណត់ទូតជាបន្តបន្ទាប់ ស្នើសុំឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បញ្ឈប់ការជីកដីធ្វើគ្រឹះសម្រាប់ការសាងសង់ប៉ុស្តិ៍យោធា នៅត្រង់តំបន់ហាមឃាត់តាមព្រំដែន ដែលប្រទេសទាំងពីរធ្លាប់បានធ្វើកិច្ចព្រមព្រៀងគ្នាកាលពីថ្ងៃទី១៧ មករា ឆ្នាំ១៩៩៥។
កំណត់ទូតរបស់កម្ពុជានេះ បានធ្វើឡើងក្រោយពីវៀតណាមតែងតែធ្វើសកម្មភាព រំលោភមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសរំលោភមកលើតំបន់ ស ដែលជាតំបន់ហាមឃាត់។ កម្ពុជាធ្វើកំណត់ទូតផ្ញើទៅវៀតណាម ប៉ុន្តែជាការកត់សម្គាល់ ប្រទេសកុម្មុយនីស្តមួយនេះ មិនដែលឃើញឆ្លើយតបមកកម្ពុជាវិញនោះទេ។ ផ្ទុយទៅវិញប្រទេសនេះ នៅតែបន្តសកម្មភាពរំលោភបំពាន មកលើដែនអធិបតេយ្យកម្ពុជាថែមទៀត។
ជាក់ស្តែងកាលពីចុងខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះ ទាហានវៀតណាម បានរំលោភសង់ប៉ុស្តិ៍មួយកន្លែងនៅក្នុងតំបន់សហាមឃាត់ ចំណុចអូរកុមារ ជិតប៉ុស្តិ៍ការពារព្រំដែនខ្មែរភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ ចំណែករាជរដ្ឋាភិបាល ក៏បានផ្ញើកំណត់ទូតទៅភាគីវៀតណាម ភ្លាមៗបន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី ផ្តល់របាយការណ៍ថា វៀតណាមរំលោភសង់ប៉ុស្តិ៍បន្ត។ រហូតមកទល់នឹងបច្ចុប្បន្ន ភាគីវៀតណាម មិនទាន់ឆ្លើយតបកំណត់ទូតរបស់ភាគីកម្ពុជានៅឡើយ។ ផ្ទុយទៅវិញ តម្រួតព្រំដែនខ្មែរនៅតំបន់នោះអះអាងថា វៀតណាម នៅតែបន្តសង់ប៉ុស្តិ៍ បើទោះបីតម្រួតព្រំដែនស្នើសុំឲ្យវៀតណាម គោរពកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនដែលប្រទេសទាំងពីរបានចុះ ហត្ថលេខាក៏ដោយ។
សកម្មភាពរបស់រដ្ឋាភិបាលក្រុងហាណូយនេះ ត្រូវបានអ្នកជំនាញមួយចំនួនចាត់ទុកថា ជាការបង្ហាញនូវចរិតអាក្រក់របស់ខ្លួន និងបង្ហាញភាពមិនស្មោះត្រង់ជាមួយអ្នកជិតខាង ជាពិសេសកម្ពុជា។ សកម្មភាពវៀតណាម គឺជាការមិនគោរពអធិបតេយ្យភាពប្រទេសកម្ពុជា និងមើលងាយដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញ ក៏ដូចពលរដ្ឋកម្ពុជាទាំងមូល ហើយចង់ផ្ញើសារប្រាប់ថា ខ្លួននៅតែជាបងធំលើកម្ពុជា។ ទាក់ទងនឹងច្បាប់អន្តរជាតិវិញ យើងកត់សម្គាល់ថា វៀតណាមកំពុងតែរំលោភលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនៃប្រទេសកម្ពុជា វៀតណាម ឆ្នាំ១៩៩៥ ។
គួរម្លឹកថា ប្រទេសវៀតណាមធ្លាប់គ្រប់គ្រងកម្ពុជាចាប់ពីឆ្នាំ១៩៧៩ ដល់១៩៨៩ បន្ទាប់ពីប្រទេសមួយនេះបានឈ្លានពានកម្ពុជា។ វៀតណាមធ្លាប់ប្រកាសថា ខ្លួនជាអ្នកមានគុណមកលើកម្ពុជា ដោយអះអាងថា ខ្លួនបានជួយផ្តួលរំលំរបបខ្មែរក្រហមរបស់ប៉ុលពត។ ប៉ុន្តែសម្រាប់កម្ពុជាវិញ ប្រទេសវៀតណាមទៅវិញទេ ដែលជំពាក់គុណកម្ពុជា ពីព្រោះកម្ពុជាបានផ្តល់ជម្រកដល់ទាហានវៀតណាម ដើម្បីធ្វើសង្គ្រាមមុនពេលការបង្រួបបង្រួមវៀតណាមទាំងពីរនៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ ១៩៧៥។
ត្រឡប់មកវិញ ដើម្បីដោះស្រាយទង្វើអាក្រក់របស់ប្រទេសវៀតណាមបាន ភាគីកម្ពុជា គួរតែពិចារណាស្នើសុំប្រទេសបារាំង ដើម្បីជួយអន្តរាគមន៍ជុំវិញការបំពានរបស់វៀតណាមនេះ ពីព្រោះប្រទេសបារាំងធ្លាប់ធ្វើជាអាណានិគមលើទឹកដីប្រទេសទាំងពីរហើយបារាំងជាអ្នកចងក្រងគូសផែនទីកូសាំងស៊ីនដល់ប្រទេសទាំងពីរផងដែរ។
មួយវិញទៀត ក្រសួងការបរទេសកម្ពុជា ត្រូវតែអញ្ជើញប្រមុខការទូតវៀតណាមមកបំភ្លឺ ជុំវិញការរំលោភមកលើដែនអធិបតេយ្យកម្ពុជា។ បើវៀតណាមមិនគោរព ដំណាក់កាលបន្ទាប់កម្ពុជាត្រូវអញ្ជើញប្រមុខការទូតទាំងអស់ ប្រចាំប្រទេសកម្ពុជាដោយបូកភាគីវៀតណាមផងមកធ្វើសាក្សីក្នុងបទបង្ហាញពីការរំលោភបំពាននេះ។
ជាការកត់សម្គាល់ ការបំពានរបស់ប្រទេសវៀតណាមនេះ ត្រូវបានអ្នកវិភាគ និងអ្នកតាមដានសង្គម បានកត់សម្គាល់ថា ដោយសារតែនយោបាយការទូតកម្ពុជាចុងក្រោយនេះ បានដើរចេញពីវៀតណាម ព្រោះថាកម្ពុជាងាកទៅរកចិន។ ក្រៅពីអ្នកផ្តល់ជំនួយ ចិនគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ពីព្រោះចិនមានទំនាក់ទំនងជាប្រពៃណីជាមួយកម្ពុជាដែរ តាំងពីសម័យអតីតព្រះមហាក្សត្រព្រះបរមកោដ្ឋ។ អ្វីដែលមើលឃើញកាន់តែច្បាស់អំពីគម្លាតរវាងទីក្រុងភ្នំពេញ និងហាណូយ គឺបញ្ហាសមុទ្រចិនខាងត្បូង ហើយបញ្ហានេះ កម្ពុជាប្រកាន់ជំហរមួយ ដែលមិនគាំទ្រក្រុងហាណូយ ទល់នឹងមហាយក្សចិន៕
(ដោយ៖គួន សំបូរ)