លោកម៉ម សូណង់ដូ​គ្រោងប្តឹង​ព្រះតេជគុណ​ប៊ុត ប៊ុនតិញ​

24-08-2016 11:46 am 16378

លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានសរសេរ​លិខិតស្នើឲ្យព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ប្រធានអង្គការព្រះពុទ្ឋសាសនាដើម្បីសន្តិភាព និង​ជាស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​​ឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ឆ្លើយតបជាលាយលក្ខ​អក្សរឲ្យបានឆាប់រហ័ស ជុំវិញអ្វីដែលព្រះតេជ​គុណប៊ុត ប៊ុនតិញ មានសង្ឃដីកាថា លោកម៉ម សូណង់ដូ បានសុំ​តំណែង​ជាតំណាងរាស្ត្រពីលោកសម រង្ស៊ី។

 

ក្នុងលិខិតផ្ញើជូនព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ លោកម៉ម សូណង់ដូបានបញ្ជាក់ថា  លោកមានការភ្ញាក់​ផ្អើល និងសោកស្តាយ ដែលបានឮសម្តីតាមរយៈលោកប៊ុនធឿន ក្នុងកម្មវិធីមតិប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃទី២១ សីហា តាមរលកធាតុអាកាសវិទ្យុFM105 MHz.។ ក្នុងកម្មវិធីនោះលោក​ប៊ុនធឿន​និយា​យ​​ថា «​ព្រះតេជ​គុណប៊ុត ប៊ុនតិញ ធ្លាប់មានសង្ឃដីកាតាមបណ្តាញសង្គមថា លោកម៉ម សូណង់​ដូ​បាន​ទៅសុំលោក​សម​ រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ យកតំណែងជាតំណាងរាស្ត្រ២នាក់ ប៉ុន្តែលោក​សម រង្ស៊ីឲ្យតែ​មួយ​នាក់ អ៊ីចឹងទើបលោកម៉ម សូណង់ដូមិនពេញចិត្ត​ទៅបង្កើត​គណបក្ស ដើម្បីផ្ចាញ់​ផ្ចាល់ខឹង​គេមិនឲ្យ​តំណែង»។

 

លោកម៉ម សូណង់ដូ ចោទសួរទៅព្រះតេជ​គុណប៊ុត ប៊ុនតិញថា តើពាក្យរបស់លោក​ប៊ុនធឿន និយា​យ​ខាងលើនោះ ពិតឬមិនពិត? លោកម៉ម សូណង់ដូ ទាមទារឲ្យ​ព្រះតេជគុណប៊ុត ប៊ុនតិញ ឆ្លើយបំភ្លឺជា​លាយ​លក្ខអក្សរឲ្យបានឆាប់រហ័ស ពីព្រោះលោក មានបំណងដាក់ពាក្យបណ្តឹងទៅតុលាការ ក្នុងបទ​លាប​ពណ៌ មូលបង្កាច់ និងបរិហារកេរ្តិ៍ ដែលធ្វើឲ្យប៉ះពាល់​ដល់កិត្តិយស​របស់​លោក និងគណបក្ស​សំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។

 

យ៉ាងណាក្តី ព្រះតេជគុណប៊ុត ប៊ុនតិញ បានតបតាមរយៈបណ្តាញ​សង្គមFacebook​របស់​ព្រះអង្គ​ថា ព្រះអង្គនឹងមិនឆ្លើយចំពោះការស្នើសុំនេះទេ ពីព្រោះនេះជាសិទ្ធិបញ្ចេញមតិ​។ ព្រះតេជគុណ​ប៊ុត ប៊ុន​តិញ បញ្ជាក់ទៀតថា បើលោកម៉ម សូណង់ដូ ជាប្រធាន​គណបក្ស​ខ្លាចការរិះគន់ មិនគួរធ្វើជាអ្នក​ន​យោ​បាយនោះទេ។

 

សូមបញ្ជាក់ថា នៅមុនការបោះឆ្នោតអាណត្តិទី៥ លោកម៉ម សូណង់ដូបានបង្កើត​សមាគម​​មួយ​ឈ្មោះ​ថា​សមាគមអ្នកប្រជាធិបតេយ្យ មានសមាជិករាប់ម៉ឺននាក់ ពេលការបោះឆ្នោតខិតជិត​មក​ដល់ លោកម៉ម សូណង់​ដូ បានអំពាវនាវដល់សមាជិក​សមាគមអ្នកប្រជាធិបតេយ្យទាំងអស់ ឲ្យបោះឆ្នោតឲ្យគណបក្ស​សង្គ្រោះជាតិ។ ក្រោយការបោះឆ្នោតភ្លាមៗលោកម៉ម សូណង់ដូ ក៏កាន់​តែស្និទ្ឋស្នាលជាមួយថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយមកស្រាប់តែលោកម៉ម សូណង់ដូ ងាកទៅរៀបចំរចនា​សម្ព័ន្ឋគណ​បក្ស​ចាស់របស់លោកឡើងវិញ គឺគណបក្សសំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ។ តាំងពីពេលនោះមក លោក​​​ចាប់ផ្តើមរិះគន់មកលើគណបក្សសង្គ្រោះជាតិយ៉ាងចាស់ដៃជាបន្តបន្ទាប់៕

 

ដោយ៖ខាត់ សុធី

 

 

 ពាក្យគន្លឹះ  លោកម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត