អនុក្រឹត្យ​ហាម​ជក់​បារី​នៅតាម​​​​ទីសាធារណៈ​នឹង​ចូល​ជាធរមាន​នៅ​ខែ​កញ្ញា​​​ខាង​មុខ​​

23-08-2016 4:46 pm 32219

​ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ទេសចរណ៍ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​មន្ត្រី​អធិការកិច្ច​ទេសចរណ៍ នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​២៣ សីហា​នេះ​។​

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោក​ហោ សារុន អនុ​រដ្ឋលេខា តំណាង​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​មន្ត្រី​អធិការកិច្ច​ទេសចរណ៍​ទូទាំងប្រទេស ដែលជា​អ្នក​អនុវត្ត​ច្បាប់ ក្នុង​ការចុះ​ពិន័យ​អន្តរ​ការណ៍ ដែល​មានចែង​ក្នុង​សេចក្តី ណែនាំ​ស្តីពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ទូទាំង​ប្រទេស ក៏​ដូចជា​អនុក្រឹត្យ​ស្តីពី​វិធានការ​ហាម​ការជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ ដែល​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ខាង​មុខ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ធ្វើឡើង បន្ទាប់​ពី​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CCMH) អង្គការ​សុខភាព​ពិភពលោក រួម​នឹង​ក្រសួង​ទេសចរណ៍ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា ឲ្យ​យល់ដឹង​ពី ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ នៅ​តំបន់​ទេសចរណ៍​នានា ដើម្បី​ឲ្យស្រប​ទៅ​តាម​សេចក្តីណែនាំ របស់​ក្រសួង​ទេសចរណ៍ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​។​

​សូមបញ្ជាក់​ថា ដើម្បី​ចូលរួម​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ ក្នុង​វិស័យ​ទេសចរណ៍ ឲ្យមាន​ប្រសិទ្ធភាព​ពេញលេញ ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​សេចក្តីណែនាំ ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ទូទាំង​ប្រទេស​ថា​៖

១. ត្រូវ​បិទ​ស្លាក​សញ្ញា​ហាម​ជក់ នៅ​កន្លែង​មើលឃើញ​ច្បាស់​។​

២.​មិន​ត្រូវ​ដាក់​តាំង ឬ​បង្ហាញ​ប្រដាប់​គោះ​បារី នៅ​កន្លែង​ហាមឃាត់​មិន​ឲ្យ​ជក់ និង​បង្ហុយ​ផលិតផល​ថ្នាំជក់​។​

៣.​ត្រូវ​បង្គាប់​មិន​ឲ្យ​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ ចំពោះ​ជន​ណា​ដែល​មិន​អនុវត្ត​តាម​ស្លាក​បម្រាម​ហាម​ជក់​។​

៤. មិន​ត្រូវ​ផ្សាយពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

៥.​អាច​ដាក់​តាំង​បង្ហាញ កញ្ចប់​ផលិតផល​ថ្នាំជក់​ធម្មតា បាន​តែ​មួយ​កញ្ចប់​ក្នុង​មួយ​ម៉ាក នៅ​នឹង​កន្លែង​លក់ ឬ​តូប​លក់ ឬ​ក្នុង​ហាង​លក់​បារី​ប៉ុណ្ណោះ​។ ទូ​ឬ​សម្ភារៈ​សម្រាប់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់​ត្រូវ​មាន​ពណ៌​ត្នោត និង​មាន​ទំហំ​មិន​លើសពី ២​ពាន់​សង់ទីម៉ែត្រ​ការ៉េ​។​

៦.​ត្រូវ​ដាក់​តាំង​បង្ហាញ ឬ​លក់​តែ​ផលិតផល​ថ្នាំជក់ ដែល​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​ភាសា​ខ្មែរ ទំហំ​៥៥% បោះពុម្ភ​លើ​ផ្នែក​ខាង​លើ​ផ្ទៃ​សំខាន់ ទាំង​២​នៃ​កញ្ចប់​ផលិតផល​ថ្នាំជក់​។​

៧. ចំពោះ អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ មិន​អនុវត្ត​តាម​សេចក្តីណែនាំ ត្រង់​ចំណុច​ទី​១ ទី​២ និង​ទី​៣ ត្រូវ​ពិន័យ​អន្តរកាណ៍​ជា​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​។ សម្រាប់​អ្នក​ល្មើស​នឹង​ចំណុច​ទី​៦ នឹង​ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល និង​ឈាន​ដល់​ការមិន​ផ្តល់ ឬ​បន្ត​អាជ្ញា​បណ្ណទេ​សចណ៍​ពី​ក្រសួង​ទេសចរណ៍​ឡើយ​៕ ដោយៈ​សៅ វិសាល​

 

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត