បញ្ហាវៀតណាម ដែលតែងតែរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើងកំដៅជាថ្មីទៀតហើយ។ មិនមែនជារឿងថ្មីនោះទេ ដែលវៀតណាមតែងតែរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។នៅថ្ងៃទី១៨ សីហា ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតជាថ្មីមួយទៀត ស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពនានា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវជាដើមនៅតាម បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងតាកែវ។
អស់ពីរឿងដីខ្មែរស្រែវៀតណាម ចូលដល់រឿងវៀតណាមជីកស្រះ ចូលក្នុងដែនអធិបតេយ្យភាពរបស់ខ្មែរ អស់ពីរឿជីកស្រះ ដែលមិនទាន់ដោះស្រាយរួចផង ឥឡូវចូលមកដល់រឿងសង់ប៉ុស្តិ៍យាម ចូលក្នុងតំបន់ហាមឃាត់របស់កម្ពុជាទៀត។ជាដំណោះស្រាយរបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើកំណត់ទូតទៅភាគីវៀតណាម និងកំណត់ពេលជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយ។ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះនៅមិនទាន់ឃើញមានជាដុំកំភួននៅឡើយទេ ហើយជាបន្តបន្ទាប់វៀតណាមនៅតែបន្តរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាដដែល ជាដដែល។
ថ្មីៗនេះ កងទ័ពវៀតណាម បានសង់ប៉ុស្តិ៍យាមចំនួន២ នៅស្រុកអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។កន្លងមកបើទោះជា អាជ្ញាធរខេត្ត បានហាមប្រាមយ៉ាងណា ក៏ភាគីវៀតណាមនៅតែមិនបញ្ឈប់ការសាងសង់នេះ។
កាលពីខែកក្កដា កន្លងទៅក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតទៅវៀតណាម ម្តងរួចហើយ ទាក់ទងនឹងរឿងកងទ័ពវៀតណាម បានសង់ប៉ុស្តិ៍យាមចំនួន២ នៅស្រុកអូរយ៉ាដាវ ។ តែបើទោះជាបែបនេះ វៀតណាមនៅតែគឃ្លើនដដែល។ ទើបនៅថ្ងៃទី១៨ សីហា ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតជាថ្មីមួយទៀត ស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពនានា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវជាដើមនៅតាម បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងតាកែវ។
នៅក្នុងកំណត់ទូត ក្រសួងការបរទេសកម្ពុជា បានរំលឹកឡើងវិញ ពីសកម្មភាពរបស់វៀតណាម ដែលបានសាងសង់ប៉ុស្តិ៍ព្រំដែន ផ្លូវ ជីកស្រះ និងសាងសង់សំណង់នានា នៅតាមបន្ទាត់ព្រំដែន ដោយបានបញ្ជាក់ថា ការសាងសង់នេះគឺជា ការរំលោភបំពានមកលើដែនអធិបតេយ្យ របស់កម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាព សាងសង់ទាំងអស់នេះជាបន្ទាន់ និងធ្វើឲ្យស្ថានភាពបរិស្ថាន នៅតំបន់ទាំងនោះមានសភាព ដូចដើមឡើងវិញ។ ក្រសួង ក៏បានស្នើវៀតណាម ចាត់វិធានការរារាំងកុំឲ្យពលរដ្ឋវៀតណាម ចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែន ទាំងឡាយណា ដែលមិនទាន់បញ្ចប់ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងដ៏ល្អ និងទំនាក់ទំនងជិតស្និទ្ធជាប្រពៃណី ដោយត្រូវទុកឲ្យគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរបញ្ចប់ខណ្ឌសីមាឲ្យបានចប់ជាស្ថាពរសិន។
នៅក្នុងកំណត់ទូតនេះដែរ បានលើកឡើងពីលទ្ឋផលនៃកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ដែលថា្នក់ដឹកនាំភាគីទាំង២ ឯកភាពគ្នាស្នើសុំបារាំង ផ្តល់អ្នកជំនាញបច្ចេកទេសខាងផែនទី មកចម្លងខ្សែព្រំដែនផែនទីបោនខ្នាត១/១០០ ០០០ ទៅលើផែនទីUTM ខ្នាត១/៥០ ០០០ នៅចន្លោះបង្គោលលេខ៣០-៤០ស្ថិតក្នុងខេត្តរតនគិរី/ដាក់ឡាក់ និងចន្លោះបង្គោលព្រំដែនលេខ១៣៨-១៤៧ស្ថិតក្នុងភូមិដូងខេត្តស្វាយរៀង/តៃនិញ ព្រមទាំងជួយដៅខ្សែព្រំដែនលើដីជាក់ស្តែងផង។
សកម្មភាពសង់ប៉ុស្តិ៍ ជីកស្រះ ធ្វើផ្លូវ និងសង់សំណង់នានានេះ ប្រទេសវៀតណាម បានធ្វើឡើងជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០១១មកម្ល៉េះ ហើយកម្ពុជា ក៏បានផ្ញើកំណត់ទូតទៅកាន់ វៀតណាមជារឿយៗផងដែរ។ តែភាគីវៀតណាម នៅតែគឃ្លើននិងបន្តធ្វើសកម្មភាព របស់ពួកគេដដែល។
សូមបញ្ជាក់ ថាបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមជាបញ្ហារសើបរបស់គណបក្សកាន់អំណាច។ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមនេះ បានក្លាយជាប្រធានបទដែលគណបក្សប្រឆាំង តែងតែប្រើប្រាស់ដើម្បីកេងចំណេញប្រជាប្រិយភាពរបស់ខ្លួន។ ដោយសារតែរឿងព្រំដែននេះ តំណាងរាស្រ្តបក្សប្រឆាំងពីររូបមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលសកម្មរឿងព្រំដែនត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ឃុំខ្លួននៅ ពន្ធនាគារព្រៃសទាំងមានអភ័យឯកសិទ្ធិ ដោយចោទពាក់ព័ន្ធនឹងការរឿងប្រើប្រាស់ ផែនទីក្លែងក្លាយ៕
ដោយ៖ខាត់ សុធី