កាត់បន្ថយ​អត្រា​អ្នក​ស្លាប់​និង​កើត​ជម្ងឺ​ដោយសារ​ថ្នាំជក់ គប្បី​ចូលរួម​គ្រប់​ស្ថាប័ន​និង​បុគ្គល​

19-08-2016 9:49 am 922
រូបភាពពីភ្នំពេញប៉ុស្តិ៍

​ក្រោយពី​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អាជ្ញាធរ អាជីវករ​លក់ដូរ និង​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​សណ្ឋាគារ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅ​ខណ្ឌ​ចំនួន​៣​រួចមកហើយ រួម​មាន​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៧ សីហា​នេះ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ នៅក្នុង​ទឹកដី​ខណ្ឌចំការមន​។ ជា​យុទ្ធនាការ​ផ្សព្វផ្សាយ ពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ខណ្ឌ​ទាំង​១៣  ក្នុង​រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​ពន្យល់​ណែនាំ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាង​លក់​កាហ្វេ និង​អ្នក​ប្រកប​អាជីវកម្ម​លក់ដូរ​ផ្សេងៗ​ទៀត ឲ្យ​យល់ដឹង​ពី ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ ឲ្យ​អនុវត្ត​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​លោក​គឹម ចាន់​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌចំការមន មានប្រសាសន៍ថា ការចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មិនមែន​ដើម្បី​យល់​ដឹង​តែ​ម្នាក់ឯង​នោះទេ តែ​ជា​ការផ្សព្វផ្សាយ​បន្ត ឲ្យបាន​ទូលំទូលាយ ទៅកាន់​ក្រុម​គ្រួសារ និង​សហគមន៍ ឲ្យបាន​យល់ដឹង​ពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។​

​គួរបញ្ជាក់​ថា ដើម្បី​កាត់បន្ថយ​ជនរងគ្រោះ ដែល​ស្លាប់ និង​កើត​ជម្ងឺ និង​ពិការ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ នៅ​កម្ពុជា ឲ្យបាន​យ៉ាង​មាន​ប្រសិទ្ធភាព ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ក្រោម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត​។ ការអនុវត្ត​នូវ​លិខិត​គតិយុត្តិ​ទាំងនេះ ទាមទារ​ការចូលរួម​ពី​គ្រប់​ស្ថាន​ប័ន និង​បុគ្គល​។​

​ទោះជា​មាន​ការហាមឃាត់​យ៉ាងនេះ​ក្ដី ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ មិន​បាន​ហាមឃាត់​ការដាក់​លក់​បារី​ទេ​។ ក៏ប៉ុន្តែ ច្បាប់​អនុញ្ញាត​ឲ្យ​ដាក់តាំង​បង្ហាញ​កញ្ចប់​បារី​បានតែ ១​កញ្ចប់​ក្នុង​មួយ​ម៉ាក នៅ​កន្លែង​លក់​បារី​មួយ​។ សម្ភារៈ​ដាក់តាំង​កញ្ចប់​បារី​នោះ ត្រូវ​មាន​ពណ៌​ត្នោត ដែល​មិន​ទាក់ទាញ និង​មាន​ទំហំ​ផ្ទៃមុខ​មិន​លើស​ពី ២​ពាន់​ម៉ែត្រការ៉េ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត