មន្ត្រី​​ដុះ​ស្លែ​​កែ​មិន​​ឡើង​​

17-08-2016 5:34 pm 2551

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ចំពោះ​មន្ត្រី​របស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល​។ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​មក ត្រូវបាន​គេ​កត់សម្គាល់ថា ការងារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី និង​មន្ត្រី​នៅក្រោម​ឱវាទ គឺ​មាន​ការកែប្រែ​ឥរិយាបថ​ជាច្រើន ជាពិសេស​ការទទួលខុសត្រូវ​នៅក្នុង ក្រសួង​របស់​ខ្លួន​។ ប៉ុន្តែ​នៅ​មាន​មន្ត្រី​មួយចំនួន ដែល​មិន​ព្រម​ភ្ញាក់រលឹក ជា​ពិសេស​មន្ត្រី​កាន់តំណែង​ដុះ​ស្លែ នៅក្នុង​ស្ថាប័ន​នី​មួយៗ ដែល​ជា​ហេតុ​ធ្វើឲ្យ​កំណែទម្រង់​ស៊ីជម្រៅ​របស់លោក ហ៊ុន សែន ដំណើរការ​មិន​រលូន​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

 

«​មុជទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល និង​ព្យាបាល​»​។ នេះ​ជា​សារ​ខ្លី​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ថ្លែង​ប្រាប់​ដល់​មន្ត្រី​របស់​ខ្លួន​ដើម្បី​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ នៅក្នុង​ជួរ​គណបក្ស និង​មន្ត្រី​នៅ​ជួរ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​។ ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​របស់​លោក​បាត់បង់​២២​កៅអី​នៅ​ឆ្នាំ​២០១៣​។​

 

​ជិត​មួយ​ឆ្នាំ​នៃ​ការប្រកាស​ធ្វើកំណែទម្រង់ ត្រូវបាន​គេ​មើលឃើញថា មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ ហាក់​មាន​ភាព​ស្ទុះស្ទា​ជាង​មុន បើ​ប្រៀបធៀប​ពី​ឆ្នាំ​មុនៗ​។ ទាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​មន្ត្រី​នៅតាម​ក្រសួង​ដទៃទៀត បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ចំពោះ​តួនាទី​របស់​ខ្លួន​។ លោកនាយក​រដ្ឋមន្ត្រី បាន​ចុះ​បេសកកម្ម​ជួប​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រោយ​ហេតុផល​ថា ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​នៅតាម​មូលដ្ឋាន​។ ចំណែក​រដ្ឋមន្ត្រី​មួយចំនួនទៀត ក៏​ត្រូវ​បាន​ពលរដ្ឋ​លើកសរសើ​ផងដែរ ចំពោះ​ការបំពេញ​ការងារ​របស់ខ្លួន​។​

 

​ប៉ុន្តែ​ជា​ការកត់សម្គាល់ មន្ត្រី​ដែល​ត្រូវបាន​គេ​លើក​សរសើ​នោះ គឺជា​មន្ត្រី​វ័យក្មេង​ដែល​ពោល​ពេញ​ទៅដោយ​ថាមពល​ក្នុង​ការដឹកនាំ​ក្រសួង​របស់​ខ្លួន​។ ដោយឡែក​ចំពោះ មន្ត្រី​ដែល​កាន់តំណែង​ដុះ​ស្លែ​នៅតាម ក្រសួង​ស្ថាប័ន​មួយចំនួន នៅតែ​មាន​ភាពស្ពឹក​ស្រពន់​នៅឡើយ បើ​ទោះបី​មាន​ការ​ក្រើនរម្លឹក​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្រី និង​ការរិះគន់​ពី​សាធារណៈជន​ក្តី​។

 

​មន្ត្រី​កាន់តំណែង​ដុះ​ស្លែ​ទាំងអស់នោះ តែង​បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ និង​វាយតម្លៃ​ទាប​ចំពោះ​ការងារ​របស់​ស្ថាប័ន​រដ្ឋាភិបាល​។ ក្រសួង ឬ​មន្ទីរ​ដែល​មន្ត្រី​ទាំងនោះ​គ្រប់គ្រង ត្រូវបាន​គេ​មើលឃើញថា មិនមាន​វិធានការ​អ្វី​ថ្មី ឬក៏​ចក្ខុវិស័យ​ដើម្បី​ដឹកនាំ​ស្ថាប័ន​ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​ការងារ​ហាក់​នៅ​ទ្រឹង​មួយ​កន្លែង​ដូច​មិន​បាន​ទៅ​មុខ​សោះ បើទោះជា​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​យ៉ាងណាក្តី​។​

 

​បើ​តាម​អ្នកជំនាញ​ខ្លះ យល់​ថា​មន្ត្រី​កាន់តំណែង​ដុះ​ស្លែ​ទាំងអស់នោះ​ហើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​កំណែទម្រង់​ស៊ីជម្រៅ​របស់​លោកនាយ​ករដ្ឋមន្ត្រី នៅ​មិនទាន់​មាន​ភាពរលូន ហើយ​អាច​ធ្វើឲ្យ​កំណែទម្រង់​នេះ បរាជ័យ​ផងដែរ​។

 

​ដើម្បី​លុបបំបាត់​បញ្ហា​នេះ​បាន រដ្ឋាភិបាល​គួរតែ​ហ៊ាន​កាត់​សាច់​ស្អុយ​របស់ខ្លួន​ចេញ​ខ្លះ ក្នុងន័យ​ដើម្បី​កសាង​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើងវិញ​។ សាច់​ស្អុយ គឺជា​មន្ត្រី​ដែល​ជាប់សែស្រឡាយ​គណបក្ស​មួយ នេះ​ដែល​ធ្លាប់​កាន់តំណែង​ដុះ​ស្លែ ហើយ​បញ្ជូល​មន្ត្រី​ដែល​មាន​សមត្ថភាព​មក​ជំនួស ដោយ​មិន​គិត​ពី​ក្រុម ឬ​បក្សពួក​របស់​ខ្លួន​។ វិធានការ​កាត់​សាច់​ស្អុយ រដ្ឋាភិបាល​អាច​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​បានចែង ឬ​ឲ្យចូល​និវត្តមុន​ជាដើម​។ ដោយឡែក​សម្រាប់​មន្ត្រី ដែល​មាន​សមត្ថភាព​វិញ រាជរដ្ឋាភិបាល​ត្រូវ​បញ្ជូល​មន្ត្រី ទាំងអស់នោះ​ធ្វើ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល ដែល​គោលនយោបាយ​នេះ​មាន​ប្រទេស​រីកចំរើន​មួយ​ចំនួន តែងតែ​ធ្វើ ក្នុងនោះ​មានដូចជា ប្រទេស​វៀតណាម អាមេរិក ចិន​ជាដើម​។​

 

​ចំពោះ​មន្ត្រី​ដែល​គ្មាន​សមត្ថភាព រដ្ឋាភិបាល​ត្រូវតែ ហ៊ាន​ដកចេញ បើ​ទោះបីជា​មន្ត្រី​នោះ​មិនទាន់​ដល់​អាយុ​ចូល​និ​វត្តក្តី​។ ម្យ៉ាងទៀត ដើម្បី​ដាក់​មន្ត្រី​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរតែ​រៀបចំ​ការបណ្តុះបណ្តាល និង​ការស្រាវជ្រាវ មន្ត្រី​វ័យក្មេង​ដើម្បី​យក​មក​ជំនួយ​តំណែង​មន្ត្រី​ដែល​ចូល​និវត្ត ឬ​មន្ត្រី​អសមត្ថភាព​។ ការបណ្តុះបណ្តាល់​នេះ ត្រូវ​ធ្វើឡើង​ដោយ​មាន​តម្លាភាព និង​គ្មាន​អំពើ​ពុល​រលួយ​ក្នុង​ការជ្រើសរើស​។ ការជ្រើសរើស គឺ​មិន​ប្រកាន់​បក្សពួក ឬ​សែស្រឡាយ​គណបក្ស សំខាន់​ផ្តល់​ឱកាស​ដល់​យុវជន​ដែល​មាន​សមត្ថភាព​។

 

​ការ​បញ្ជូ​លឈាម​ថ្មី​ចូល​ក្នុង​ស្ថាប័នរដ្ឋ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​ធ្វើ បើសិនជា​រដ្ឋាភិបាល​ចង់​ធ្វើកំណែទម្រង់​ទទួលបាន​ជោគជ័យ​។ ច្បាស់​ណាស់ កំណែទម្រង់​ស៊ីជម្រៅ ជា​អាយុជីវិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន សាជាថ្មី​៕

(ដោយ៖គួន សំបូរ)

 


 ពាក្យគន្លឹះ  មន្ត្រី​​ដុះ​ស្លែ​​

ព័ត៌មានផ្សេងទៀត