សាទរ​ការ​ប្រកាស​​មិន​​​ឲ្យ​ជួល​ដី​​​ឲ្យ​ប្រជាជនប្រទេសជិតខាង ​​​​​ប៉ុន្តែ​​គួរ​អនុវត្តឲ្យ​ជា​ក់​លាក់​​​

17-08-2016 5:09 pm 2735

​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ក្រើនរម្លឹក​ជាថ្មី ដល់​មន្ត្រី​អាជ្ញាធរ​ស្ថិត នៅតាម​ព្រំដែន ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ទាំងអស់ ត្រូវ​បាន​ហាម​ដាច់ខាត មិន​ឲ្យ​ជួល​ដី​ដល់​ជនជាតិ​វៀតណាម​ឡើយ​។ ការផ្ញើ​សារ​រម្លឹក​ជា​ថ្មី​នេះ ធ្វើឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧ សីហា​នេះ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី បាន​ធ្វើដំណើរ​ចុះសួរសុខទុក្ខ​មន្ត្រីរាជកា​រ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៦ សីហា​។​

​លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​ខេត្តតាកែវ​ជាប់​ព្រំដែន​វៀតណាម ដូច្នេះ​អាជ្ញាធរខេត្ត ត្រូវ​បង្កើន​ទំនាក់ទំនង សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ ហើយ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងសងខាង អោយ​ចេះ​យោគយល់​គ្នា​។ ហាម​ដាច់ខាត​ការជួល​ដី​អោយ​ប្រជាជន​វៀតណាម​។ នេះ​មិនមែន​សម្រាប់​តែ​ខេត្តតាកែវ​មួយ​ទេ គឺ​សម្រាប់​ខេត្ត​ទាំងអស់ ដែល​មាន​ព្រំប្រទល់​ជាមួយ​វៀតណាម​។ ត្រូវ​ចូលរួម​សហការ​គ្នា​ទប់​ស្កាត់​អំពើ​នេសាទ​ខុសច្បាប់​ទាំងឡាយ​។ ចំពោះ​ការងារ​ព្រំដែន អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​រៀបចំ​បោះបង្គោល​ព្រំដែន អោយ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

​លោក​សូរ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បាន​មើលឃើញ​ថា ការ​កើន​រម្លឹក កុំឲ្យ​មាន​ការជួល​ដី ឲ្យ​ជនជាតិ​វៀតណាម ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​នេះ ជា​រឿង​ដែល​ល្អ​ប្រសើរ​។ ប៉ុន្តែ​គួរតែ​មាន​ការអនុវត្តឲ្យ​មានប្រ​សិទ្ធ​ភាព ព្រោះ​កន្លងមក​រូបលោក​ធ្លាប់​ចុះ ទៅ​តំបន់​ព្រំដែន ជាប់​ព្រំប្រទល់ ប្រទេស វៀតណាម ស្ថិត​នៅ​ភាគ​ខាងកើត ឃើញថា នៅតែ​មាន​ការជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ដដែល​។​

សំឡេង

​លោក​សូរ ចន្ថា បន្តថា បញ្ហា​នៃ​ការជួល​ដី​ឲ្យ​ជន​បរទេសជិតខាង ដោយ​មិន​បាន​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ ជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត សម្រាប់​បញ្ហា​ព្រំដែន​។ ជាក់ស្តែង​ប្រទេស​កម្ពុជា និង​វៀតណាម នៅ​មិនទាន់​កំណត់​ព្រំដែន​ច្បាស់លាស់​នៅឡើយ ដែល​ជាហេតុ​នាំឲ្យ​មាន​ការពិបាក​ក្នុង​ការបោះ​បង្គោល​។​

សំឡេង​

​ដោយឡែក លោក​អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​សង្គម បានបញ្ជាក់​ថា បញ្ហា​នៃ​ការជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ នៅ​ប្រទេស​ជិតខាង អាច​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា​មិន​អាច​ជួល​ដី​ឲ្យ​ប្រទេសជិត​ខាងធ្វើ​អាជីវកម្ម​នោះទេ​។ អាច​ធ្វើទៅបាន លុះត្រាតែ​កម្ពុជា​មាន​សំណៅ​ឯកសារ​គ្រប់គ្រាន់ ដូច​ជា​ការកំណត់​ព្រំដែន​ច្បាស់លាស់ ប្លង់​កម្មសិទ្ធិ​ដីធ្លី សញ្ជាតិ​ខ្មែរ​ឲ្យបាន​គ្រប់ៗ​គ្នា​។ តែ​ពេល​នេះ នៅ​មិនទាន់​មាន​នៅឡើយ​។​

សំឡេង

​គួររម្លឹកថា កាលពី​ចុងឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ ឲ្យ​អភិបាលខេត្ត នៅ​ជាប់​ព្រំដែន​វៀតណាម ថៃ និង​ឡាវ ឲ្យ​បញ្ឈប់​សកម្មភាព​ជួល​ដី នៅតាម​ព្រំដែន​ទៅឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស ជាប់​ព្រំដែន​ទាំងអស់នេះ ដែល​វា​នឹង​បង្ក​ឲ្យមាន​ផល​លំបាក ក្នុង​ការគ្រប់គ្រង និង​អាច​បង្ក​ឲ្យមាន​ភាព ស្មុគស្មាញ​ផ្សេងៗ ដើម្បី​ចៀសវាង​បញ្ហា​ផ្សេងៗ​ដូចជា ដី​ខ្មែរ ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ថៃ ឬ​ដី​ខ្មែរ ស្រែ​ឡាវ​ជាដើម​។ កាលនោះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ផ្ញើលិខិត ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​មាន​ព្រំដែន​ជាប់​កម្ពុជា ឲ្យ​ហាម​ប្រជាពលរដ្ឋ​របស់​ពួកគេ​កុំ​ឲ្យ​ជួល​ដី​ពី​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​គួរបញ្ជាក់​ថា ខេត្ត​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​រួមមាន​៖ កំពត តាកែវ កណ្តាល កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង ក្រចេះ មណ្ឌលគិរី និង​រតនគិរី ៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  កម្ពុជា-វៀតណាម

ព័ត៌មានផ្សេងទៀត