លោកកឹម​ សុខា​​អាច​​នឹង​ត្រូវចាប់​ខ្លួន​​ ប្រសិន​​បើ​ហ៊ាន​​ចេញ​ទៅ​​ក្រៅ​ប្រទេស​​ជួបលោក​សម រង្ស៊ី​

16-08-2016 2:02 pm 6491

បើតាមការរៀបរាប់របស់លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ នៅលើបណ្តាញ​សង្គម​Face​book​ បានអះអាងថា គណបក្ស​សង្រ្គោះ​ជាតិ នឹងរៀបចំពិធីសំណេះសំណាល​ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅប្រទេសបារាំង​ នៅថ្ងៃ​ទី២៧ សីហា ឆ្នាំ២០១៦ខាងមុខ ហើយកម្មវិធីនោះលោកអះអាង​ថា ក៏​មាន​វត្តមានលោក កឹម សុខាចូលរួមដែរ។

 

នៅពេលឃើញការលើកឡើងពីវត្តមានរបស់លោកកឹម សុខា ថានឹងចូលរួមជាមួយលោក​សម រង្ស៉ី នៅ​ឯ​ប្រទេសបារាំងដែរនោះ មជ្ឈដ្ឋានជាច្រើនចោទជាសំណួរថា តើលោកកឹម សុខា  អាចនឹងត្រូវចាប់​ខ្លួន​ដែរឬទេ? ចម្ងល់នេះ ដោយសារតែកន្លងមកលោកកឹម សុខា  ត្រូវបានតុលាការកម្ពុជា ហាមឃាត់​មិន​ឲ្យ​​ធ្វើ​ដំណើរ​ចេញទៅក្រៅប្រទេសនោះទេ។ មិនឲ្យចាកចេញពីប្រទេស ដោយសារប្រធាន​ស្តីទី​គណ​បក្ស​​ប្រ​ឆាំង​រូបនេះ ​កំពុង​ពាក់ព័ន្ធនឹងបណ្តឹងមួយចំនួន ក្នុងនោះក៏មានបទបរិហារកេរ្តិ៍ និងបទមិនខ្លួន​តាម​​ការ​កោះ​ហៅរបស់តុលាការ ក្នុងនាមជាសាក្សីរឿងសញ្ចារកម្មកន្លងមក ជាមួយនឹងកញ្ញាខុម ចាន់​ដារ៉ាទី ហៅស្រីមុំ។

 

មជ្ឈដ្ឋានជាច្រើនបានវិភាគថា បើលោកកឹម សុខា ពិតជាទៅចូលរួមនៅប្រទេសបារាំង​ដូចការ​លើក​ឡើង​​របស់ លោកសម រង្ស៉ី មែន លោកកឹម សុខា មិនត្រឹមតែប្រឈម​នឹងការចាប់ខ្លួនប៉ុណ្ណោះទេ តែ​អាចត្រូវជាប់ចោទ​ មួយ​ករណី​ផ្សេង​ទៀត គឺការប្រឆាំង​នឹងការ​សម្រេច របស់តុលាការ។

 

គួររំលឹកថា​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ចៅក្រម​ស៊ើ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ថា​ន់ ឡេង បាន​ចេញ​ដីកា​សម្រេច លើ​ករណី​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ដីកា​នោះ​បាន​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ និង​មិន​ឲ្យ​ចាកចេញ​ទៅ​ក្រៅប្រទេស ក្រៅ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះឡើយ​។
​ក្នុង​ដី​ការសម្រេច បើសិន​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា គេចវេស​ដោយ​ចេតនា ពី​កាតព្វកិច្ច​ពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន តាម​មាត្រា​២៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​តប​ភ្លាមៗ​ផងដែរ ដោយ គណបក្ស​នេះ​យល់ថា ការសម្រេច​របស់​តុលាការ ជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​អ្នកតំណាងរាស្ត្រ និង​ជា​ការរំលោភ​ម្តង​ទៀត​លើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ទង្វើ​ចោទប្រកាន់​លើ​លោក កឹម សុខា​ថា ជា​រឿង​នយោបាយ​។​

យ៉ាងណា​ក៏ដោយ​បើ​តាម​លោក​ហូ វ៉ាន់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា មជ្ឈដ្ឋាន​នានា អាច​យល់​ច្រឡំ​ចំពោះ​ការលើកឡើង​របស់​លោក​សម រង្ស៊ី​។​លោក​ថា វត្តមាន​របស់​លោក កឹម សុខា នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៦​ខាងមុខ គឺ​ធ្វើឡើង​តាមរយៈ​វីដេអូរ​Conference ដូចដែល​លោក​សម រង្ស៉ី ធ្លាប់​ធ្វើ​កន្លង​មក​អ៊ីចឹង​ដែរ​………………………………..

 

​សំឡេង​លោក​ហូ វ៉ាន់​៖

 

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​Facebook ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង នឹង​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ប្រទេស​បារាំង ក្រោម​អធិបតីភាព​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​សៅរ៍​ទី ២៧ ខែ​សីហា ឆ្នាំ ២០១៦​ខាងមុខនេះ​៕

ដោយ៖ខាត់​ សុធី

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត