ជោគវាសនា​​ការបោះឆ្នោត​​របស់​មេបក្ស​ប្រឆាំង​​ស្ថិត​ក្នុង​​កណ្តាប់ដៃ​​តុលាការ​​

14-08-2016 5:03 pm 11121

​លោក​សម រង្ស៊ី និង​លោក​កឹម សុខា កំពុង​ប្រឈម​នឹង​ការដក​សិទ្ធិ​ក្នុង​ការចូលរួម​ចុះឈ្មោះ និង​ឈរ​បោះឆ្នោត ខណៈ​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ​រូប​នេះ​ជាប់​បណ្តឹង​មួយចំនួន​។ បើ​តាម​លោក​ស៊ិក ប៊ុ​កហុក ប្រធាន​គ​.​ជ​.​ប បញ្ជាក់ថា លោក​សម រង្ស៊ី ត្រូវបាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ចុះ​ឈ្មោះ និង​ឈរឈ្មោះ​បោះឆ្នោត​បាន​ទេ រីឯ​លោក​កឹម សុខា អាច​មាន​សិទ្ធិ បើ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ​។

 

“​យោងតាម​ច្បាប់បោះឆ្នោត មាត្រា​៤៦ បាន​ហាមឃាត់​ជន​ទាំងឡាយ​ដែល​ជា​ទណ្ឌិត ឬ​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​ ឬ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ​”​។ ស្ថិត​ក្នុង​លក្ខខណ្ឌ​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្ក្រោះ​ជាតិ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត និង ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់ ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​ទេ​។ នេះ​បើ​តាម​លោក​ស៊ិក ប៊ុ​កហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ។​

​សំឡេង​លោក​ស៊ិក ប៊ុ​កហុក​៖

 

​ប្រធាន​គ​.​ជ​.​ប ប្រាប់ឱ្យដឹង នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន ស្ដី​ពី​ការចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​សីហា​។​

 

​ដោយឡែក ទាក់ទង​នឹង​ករណី​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស៊ិក ប៊ុ​កហុក នា​ពេល​ថ្មីៗ​នេះ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា លោក​កឹម សុខា មិនទាន់​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ​នៅ​ឡើយ​ទេ អាច​មាន​សិទ្ធិ​ចុះឈ្មោះ និង​ឈរឈ្មោះ​បោះឆ្នោត​។ ប្រធាន​គ​.​ជ​.​ប រូបនោះ បញ្ជាក់ថា លោក​កឹម សុខា នៅពេល​នេះ​កំពុង​មាន​ពាក្យបណ្តឹង​ជាច្រើន​ករណី ប៉ុន្តែ​មិន​ទាន់​មាន​សាលក្រម​ណា​មួយ​ចូល​ជា​ស្ថាពរ​នោះទេ ដូច្នេះ​លោក​នឹង​មាន​សិទ្ធិ​ឈរឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ ប្រសិន​នៅពេល​ខាងមុខ​មាន​សាលក្រម​ស្ថាពរ​ណាមួយ​ពី​តុលាការ​នោះលោក​កឹម សុខា នឹង​អស់សិទ្ធិ​ហើយ​។

 

​សូមបញ្ជាក់​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​សំណើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ក្នុង​សំណុំរឿង “​បរិហាកេរ្តិ៍​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​”​។ ជា​សំណុំរឿង​ដែល​លោក​ហោ ណាំហុង បាន​ប្តឹង​លោក​សម រង្ស៊ី ជុំវិញ​ការនិយាយ​នៅ​សារមន្ទីរ​ជើងឯក កាលពី​ឆ្នាំ​២០០៨ ដែល​ចោទប្រកាន់​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ថា ជា​ប្រធាន​គុក​បឹងត្របែក​នៅក្នុង​សម័យ​ខ្មែរក្រហម​។ ចំណែក​លោក​កឹម សុខា ពេលនេះ​ក៏​មាន​បណ្ដឹង​ព័ទ្ធ​ខ្លួន​មួយចំនួន ហើយ​កំពុង​សំងំ​ខ្លួន​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​ផងដែរ​។​

 

​អ្នកវិភាគ​សង្គម និង​នយោបាយ លោក​មាស នី លើកឡើងថា ករណី​លោក​សម រង្ស៊ី មិន​អាច​ចុះ​ឈ្មោះ និង​ឈរឈ្មោះ​បោះឆ្នោត​បាន ហើយ​លោក​កឹម សុខា កំពុង​ប្រឈម​នឹង​ការដក​សិទ្ធិ​បោះឆ្នោត​នេះ នឹង​ធ្វើឲ្យ​ក្បាលម៉ាស៊ីន​របស់គណ​បក្ស​ប្រឆាំង​មួយ​នេះ​ជួប​វិបត្តិ​។ លោក​មាស នី បញ្ជាក់ដែរថា ការជាប់គាំង​ដោយ​ហេតុផល​ជាប់​បណ្តឹង​តុលាការ​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ជា​យុទ្ធនាការ​របស់​អ្នកនយោបាយ ដើម្បី​បំបាក់​គូ​បក្សដិ​បក្ស​របស់ខ្លួន​....​។​

​សំឡេង​លោក​មាស នី​៖

 

​ជា​ការកត់សម្គាល់ ការរង​នូវ​បណ្តឹង​មួយ​ចំនួន​របស់​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ហេតុផល​ដែល​ធ្វើឲ្យ​លោក​សម រង្ស៊ី បាន​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស ហើយ​លោក​កឹម សុខា សំងំ​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ​។ អ្នកវិភាគ លោក​មាស នី ប្រាប់​ឲ្យដឹង​ជា​ថ្មី​ថា ទោះបីជា​បណ្តឹង​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំងពីរ​នេះ ជា​បណ្តឹង​បុគ្គល​ក៏ដោយ ប៉ុន្តែ​សុទ្ធតែ​ហ៊ុំព័ទ្ធ​ដោយ​រឿង​នយោបាយ ដូច្នេះ​ត្រូវ​ដោះស្រាយ​តាម​បែប​នយោបាយ​។ លោក​មាស នី អះ​អា​ថា បើ​ករណី​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ នោះ​បញ្ហា​គឺ​ត្រង់​ថា ភាគី​ម្ខាង​ជាប់​ឃ្នោះដៃ រីឯ​ភាគី​ម្ខាង​ទៀត​រត់​ម្នាក់ឯង ហើយ​ស្រែក​ថា​នេះ​ជា​លទ្ធិប្រជាធិបតេយ្យ​។

 

​សូមជម្រាបថា ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​។ ហើយ​ការ​បោះឆ្នោត​ទាំងពីរ​នេះ​ទាមទារ​ឲ្យមាន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​ដំណើរការ​ចុះឈ្មោះ​សម្រាប់​អ្នក​បោះឆ្នោត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត