លោក​អ៊ូ វីរៈ​៖ វប្បធម៌​អន្តរាគមន៍​ដកតំណែង នឹង​ធ្វើឲ្យ​មន្ត្រី​ខ្លាចរអា​ក្នុង​ការអនុវត្ត​ច្បាប់​

13-08-2016 4:55 pm 63696

​ភាពចម្រូងចម្រាស់ នៃ​ការឃាត់​រថយន្ត​សង្គ្រោះ​វិទ្យុ​ABC ពី​សំណាក់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល ចេញមុខ​អន្តរាគមន៍ ដោយ​បាន​បញ្ជា ប្រគល់ជូន​វិទ្យុ​ABC​វិញ និង​បាន​សម្រេច​ប្រគល់​សង្គ្រោះ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​ដកតំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ឃាត់​រថយន្ត​សង្គ្រោះ​របស់​វិទ្យុ​ABC​នេះ​ផង​ដែរ​។ យ៉ាងណាមិញ សម្រាប់​អ្នក​តាមដាន​សង្គម បាន​មើលឃើញ​ថា ការអន្តរាគមន៍​បែបនេះ អាច​នឹង​ធ្វើឲ្យ​មន្ត្រី មានការ​ខ្លាចរអា ក្នុង​ការអនុវត្ត​ច្បាប់ ដោយសារ​ខ្លាច​បាត់បង់​តំណែង​។ តើ​វប្បធម៌​អន្តរាគមន៍​ជះឥទ្ធិពល​អ្វីខ្លះ​ដល់​ការអនុវត្ត​ច្បាប់​?

​តាមរយៈ​ការ​ទូរស័ព្ទ​ចូល​វិទ្យុ​ABC ដោយផ្ទាល់ នៅ​ថ្ងៃ​ទី​១៣ សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សុំ​ការ​អភ័យទោស ជំនួស​មន្ត្រី​ដែល​អនុវត្ត ខុសឆ្គង​លើ​ការងារ​សប្បុរស របស់​វិទ្យុ​ABC​។ ជាការ​ប៉ះប៉ូវ លោកនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​លោក​ឃួង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ យក​រថយន្ត​សង្គ្រោះ ប្រគល់ជូន​លោក​អាចារ្យ​អេ អគ្គនាយក​វិទ្យុ​ABC​វិញ និង​ប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត ដើម្បី​បន្ត​ការងារ​មនុស្សធម៌​បន្តទៀត​។ ទន្ទឹម​នឹង​នេះ​ប្រមុខ​រដ្ឋាភិបាល ក៏​បាន​បញ្ជា​ឲ្យ​ដកតំណែង លោក​សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ឃាត់​រថយន្ត​សង្គ្រោះ​វិទ្យុ​ABC​នេះ​។​

​សំឡេង​

​ការអន្តរាគមន៍ ដែល​ឈាន​ដល់​ការដកតំណែង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​បន្ទាប់​ពី ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈកម្មការ​លុបបំបាត់ ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ សីហា បាន ឃាត់​រថយន្ត​គិលានសង្គ្រោះ​បន្ទាន់​របស់ វិទ្យុ ABC FM107.50 ដែល​កំពុង​តែ​ចរាចរ ដឹក​ផលិតផល​ទឹក​ត្របែក ទៅ​ចែកចាយ​បន្តទៅ​អាជីវករ​លក់​បន្ត នៅ​ចំនុច​ស្ពាន​អាកាស​៥​មក​។​

​ការឃាត់​រថយន្ត​នេះ ដោយ​ពិនិត្យឃើញ​ថា រថយន្ត​មិន​បាន​ចុះបញ្ជី​រថយន្ត​គិលានសង្គ្រោះ និង​សុំ​ការអនុញ្ញាតិ​ច្បាប់ ពី​ក្រសួង​សុខាភិបាល ផ្ទុយ​ពី​សារាច​រណ៍​ណែនាំ បទដ្ឋាន​ច្បាប់​សុខាភិបាល​។ មួយវិញទៀត រថយន្ត​ពុំ​មាន​ស្លាក​លេខ​សំគាល់ ខុស​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពុំ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​បច្ចេកទេស សុខាភិបាល​សំរាប់ សង្គ្រោះបន្ទាន់ និង​ក្នុង​រថយន្ត ពុំ​មាន​បំពាក់​សំភារៈ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​ឱសថ​សំរាប់ធ្វើ​អន្តរាគមន៍ សង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ​នោះទេ​។​

​ក្រោយ​ការឃាត់​រថយន្ត​ភ្លាមៗ លោក​សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទកាសែត ដោយ​បាន​បញ្ជាក់ថា ការអនុវត្ត​លើ​រថយន្ត​សង្គ្រោះបន្ទាន់ ដែល​មិន​គោរព​ច្បាប់​នេះ មិនមែន​ទើបតែ​អនុវត្ត​ចំពោះ​តែ​រថយន្ត​របស់​វិទ្យុ​ABC​នេះ​ទេ ប៉ុន្តែ​ក្រសួងសុខាភិបាល បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០៨-២០០៩ មក​ម្លេះ​។​

សំឡេង​

​ជុំវិញ​បញ្ហា​នេះ លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​យល់ឃើញថា ការអន្តរាគមន៍​បែបនេះ ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល អាច​នឹង​ធ្វើឲ្យ​មន្ត្រី មានការ​ខ្លាចរអា ក្នុង​ការអនុវត្ត​ច្បាប់ ព្រោះ​ដោយសារ​ខ្លាច​បាត់បង់​មុខតំណែង​។ ត្រង់​ចំណុច​នេះ អាច​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​ពុំ​មាន​ប្រសិទ្ធភាព និង​មាន​មន្ត្រី​អសកម្ម​ច្រើន​។

សំឡេង

​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ថា ការដក​តំណែង​ប្រធាន​មន្ទីរ សុខាភិបាល​រាជធានី​ភ្នំពេញ​នេះ មិនមែន​ជា​ការ​យក​ឈ្នះ​ចាញ់​នោះ​ទេ ប៉ុន្តែ​ជា​ការទទួលខុសត្រូវ និង​ដើម្បី​កុំឲ្យ​មាន​ការភ័ន្តច្រឡំ ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។​

សំឡេង​

ដោយៈសៅ វិសាល


 ពាក្យគន្លឹះ  ក្រសួងសុខាភិបាល

ព័ត៌មានផ្សេងទៀត