រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​​ជួបពិភាក្សា​ជាមួយ​​ប្រធានាធិបតី​ហ្វីលីពីន​​ដើម្បី​ដាក់​សម្ពាធ​ចិន​

11-08-2016 2:21 pm 2348
រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​(ឆ្វេង)​និងប្រធានាធិបតី​ហ្វីលីពីន

នៅ​ថ្ងៃ​ទី​១១​សីហា​នេះ រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​លោក​Fumio Kishida ត្រូវ​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ហ្វីលីពីន មាន​លោក​ប្រធានាធិបតី​Rodrigo Duterte និង​រដ្ឋមន្ដ្រី​ការបរទេស​ហ្វីលីពីន​លោក​Perfecto Yasay​។​លោក​Fumio Kishida​បច្ចុប្បន្ន កំពុងស្ថិត​នៅ​ក្រុង​ដា​វ៉ា​វ​ប្រទេស​ហ្វីលីពីន ហើយ​គោលបំណង​ដែល​លោក​ចង់​ជូ​ប​ជាមួយ​ថ្នាក់ដឹកនាំ​ហ្វីលីពីន គឺ​ដើម្បី​ចាប់ដៃ​សហការគ្នា​ជំរុញ​ឲ្យ​ចិន​គោរព​ច្បាប់​អន្ដរជាតិ​។​


​ការកើនឡើង​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត គឺជា​របៀបវារៈ​នៅក្នុង​កិច្ច​ពិភាក្សា​រវាង​លោក​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​ជា​មួយ​ថ្នាក់ដឹកនាំ​ហ្វីលីពីន​។​នាវា​ចិន​បាន​ចូល​ទៅក្នុង​ដែន​អធិបតេយ្យ​ជប៉ុន ជុំវិញ​ប្រជុំ​កោះ​សេន​កាគុ​ក្នុង​សមុទ្រចិន​ខាងកើត​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ធ្វើឲ្យ​ជប៉ុន​ប្រតិកម្ម​យ៉ាងខ្លាំង​។​ជប៉ុន​បាន​ទាំង​ព្រមាន​ចិន​ថា បើ​នៅ​ធ្វើ​សកម្មភាព​ឈ្លានពាន​ទៀត ទំនាក់ទំនង​ជប៉ុន​-​ចិន​អាច​ត្រូវ​ធ្លាក់ចុះ​កាន់តែខ្លាំង​។​ជប៉ុន​ចាត់ទុក​កោះ​សេន​កាគុ​ជា​ផ្នែក​មួយ​នៃ​ការត​ភ្ជាប់​ទៅ​ទឹកដី​របស់​ខ្លួន ប៉ុន្ដែ​ប្រទេស​ចិន​និង​តៃវ៉ាន់​បាន​អះអាង​កាន់កាប់​ដែរ​។​


​និយាយ​ពី​ហ្វីលីពីន​វិញ ហ្វីលីពីន​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ​ចេញ​សេចក្ដីសម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន លើ​បណ្ដឹង​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ភាព​តានតឹង​កើតឡើង​កាន់តែ​ខ្លាំង​រវាង​ចិន​និង​ហ្វីលីពីន​។​ចិន​ប្រកាស​មិន​ទទួលស្គាល់ ប៉ុន្ដែ​ហ្វីលីពីន​ទទូច​ឲ្យ​គោរព​តាម​សេចក្ដីសម្រេច​។​ម្ខាងៗ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន មិនទាន់​ចុះសម្រុង​គ្នា​ទេ​។​


​ខណៈ​ជប៉ុន​កំពុង​មាន​វិវាទ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត ហើយ​ហ្វីលីពីន​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ជប៉ុន​ចង់​សហការ​ជាមួយ​ហ្វីលីពីន ដើម្បី​ឲ្យ​ចិន​ស្វែងរក​ដំណោះស្រាយ​​មក​បញ្ចប់​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ដោយ​សន្ដិភាព​។​លោក​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​ក៏​អំពាវនាវ​ឲ្យ​ហ្វីលីពីន​យល់​ពី​ជំហរ​របស់​ជប៉ុន​ដែរ​ថា ការរំលោភ​របស់​ចិន​ម្ដង​ហើយ​ម្ដងទៀត​នៅ​សមុទ្រចិន​ខាងកើត គឺជា​ការរំលោភ​លើ​ដែន​កម្មសិទ្ធិ​របស់​ជប៉ុន និង​ជា​ទង្វើ​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត ដូចជា​ចិន​ធ្វើ​លើ​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​អ៊ីចឹង​ដែរ​។​


​សូមបញ្ជាក់​ថា កិច្ច​ជំនួប​រវាង​ប្រធានាធិបតី​ហ្វីលីពីន​លោក​Duterte​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន ជា​លើកទីមួយ​ហើយ​ចាប់តាំងពី​ចូលកាន់​តំណែង​កាលពី​ខែមិថុនា​។​ជប៉ុន​សង្ឃឹម​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន តាមរយៈ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ដ្រី​ការបរទេស​លោក​Fumio Kishida ទៅ​ហ្វីលីពីន​នៅពេលនេះ​៕

 ពាក្យគន្លឹះ  ជប៉ុន-ហ្វីលីពីន

ព័ត៌មានផ្សេងទៀត