សហគមន៍​​អឺរ៉ុប​​ព្រួយ​បារម្ភ​​ពេល​​កម្ពុជា​​បើក​​ច្រក​​អន្តរ​ជាតិ​​ក្បាល​ដំរី​​ក្នុង​​ខេត្ត​​មណ្ឌល​​គី​រី​​

10-08-2016 3:11 pm 1188


​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ច​ច អេ​ដ​ហ្គា (George Edgar) បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក​ស ខេង ថា​សហគមន៍​អឺរ៉ុប ក៏ដូចជា​អង្គការ​អភិរក្ស​សត្វព្រៃ​ផងដែរ គឺ​មាន​ការបារម្ភ​ចំពោះ​ការបើក​ច្រក​អន្តរជាតិ ក្បាលដំរី ទៅកាន់​ប្រទេស​វៀតណាម​ស្ថិតនៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។​

 

​ការព្រួយបារម្ភ​នេះ ដោយសារតែ​មាន​ការស្ថាបនា​ផ្លូវ​មួយ ឆ្ពោះទៅកាន់​ព្រំដែន ធ្វើឲ្យប៉ះពាល់​ដល់​តំបន់ស្នូ​លនៃព្រៃ​អភិរក្ស ដូច្នេះហើយ​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ស្នើសុំ​ធ្វើ​យ៉ាងណា​បើសិន​មិនទាន់​មាន​ការស្ថាបនា សូម​ពិនិត្យ​លទ្ធភាព​ផ្អាក ឬក៏​លុប​គម្រោង​នេះ​ចោល​តែម្តង​។​

 

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា ការស្ថាបនា​ផ្លូវ​ប៉ះពាល់​ដល់​តំបន់​ស្នូល​នៃ​ព្រៃ ប៉ះពាល់​ទៅដល់​ការបាត់បង់​ធនធានធម្មជាតិ ក៏ដូចជា​ប៉ះពាល់​ទៅដល់​សត្វព្រៃ​មួយចំនួន​ដែល​ជិត​ផុត​ពូជ នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​ចំណុច​ទាំងនេះ​ជា​ការបារម្ភ របស់​សហគមន៍​អឺរ៉ុប ក៏ដូចជា​អង្គការ​អភិរក្ស​សត្វព្រៃ​។​

 

​ជា​ការឆ្លើយតប​ទៅនឹង​ក្ដី​ព្រួយបារម្ភ​នេះ លោក​ស ខេង ឧបកនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​បាន​គាំទ្រ​ចំពោះ​ការបារម្ភ​នេះដែរ ហើយ​លោក​ស ខេង កម្ពុជា​ត្រូវតែ​បន្ត​រក្សា ធនធាន​ព្រៃ​ធម្មជាតិ និង​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ផ្សេងៗ នៅក្នុង​តំបន់​នោះ ទោះបីជា​ការបើក​ច្រកព្រំដែន វា​ជា​ការ​ចាំបាច់​មួយ​ធ្វើឲ្យ​ប្រសើរឡើង នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ក៏ដោយ ប៉ុន្តែ​ការរក្សា​ធនធាន​ព្រៃ​ធម្មជាតិ និង​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ ក៏​កម្ពុជា​ខិតខំ​ធ្វើយ៉ាងណា​ថែរក្សា​ឲ្យបាន​។​

 

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រូបនេះ បានបញ្ជាក់​ថា ចំពោះ​សំណើរ​ឲ្យ​ពិចារណា​ឡើងវិញ ពី​ការបើក​ច្រក​នេះ គឺ​មាន​ជម្រើស​២ ទី​១. គឺ​កម្ពុជា​មិន​បើក​ច្រក​នេះ​តែម្តង ដោយសារ​វា​ប៉ះពាល់ ក៏​ប៉ុន្តែ​កម្ពុជា​ក៏​នឹង​ចុះ​សិក្សា​ឲ្យបាន​ច្បាស់លាស់ ថា​វា​ប៉ះពាល់​អ្វីខ្លះ​? ទី​២. ច្រក​នៅ​តែ​បើក​ប៉ុន្តែ គឺ​កម្ពុជា​ប្រើប្រាស់​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​វា​មិន​ប៉ះពាល់​ធនធាន​ព្រៃ​ធម្មជាតិ និង​សត្វព្រៃ ប៉ុន្តែ​ជម្រើស​នេះ​ក៏​ទាមទារ​ឲ្យ​កម្ពុជា សិក្សា​ឲ្យបាន​ច្បាស់លាស់​ផង​ដែរ ដើម្បី​ដឹង​ពី​ផលប៉ះពាល់​។​

 

​សូមបញ្ជាក់​ថា ការព្រួយបារម្ភ​របស់​សហគមន៍​អឺរ៉ុប និង​អង្គការ​អភិរក្ស​សត្វព្រៃ​នេះ​ ​ធ្វើ​ឡើង​​នៅ​ពេល​​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​៕ ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  សហគមន៍អឺរ៉ុប-កម្ពុជា

ព័ត៌មានផ្សេងទៀត