​វៀតណាម​​​បញ្ជូន​​​មីស៊ីល​​​ទៅ​​សមុទ្រ​​ចិន​​​ខាងត្បូង​​​ដោយ​ស្ងាត់ៗ​

10-08-2016 11:38 am 9643
មីស៊ីលដែល​វៀតណាម​​បានបាញ់សាកល្បង

ប្រទេស​វៀតណាម​បាន​ពង្រឹង​វិស័យ​ការពារ​របស់ខ្លួន​ដោយ​ស្ងាត់ៗ​នៅ​តំបន់​ប្រជុំ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​មាន​បញ្ហា​ជាមួយ​ចិន គឺ​ឃើញ​មាន​បញ្ចូន​​មីស៊ីល​ទៅ​ដំឡើង​លើកោះ​។​មីស៊ីល​នោះ​អាច​បាញ់​កម្ទេច​ការហោះ​ចុះឡើង និង​ការដំឡើង​មូលដ្ឋាន​យោធា​របស់​ចិន ឆ្លងកាត់​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​នៃ​ប្រទេស​លោកខាងលិច​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​


​មន្ដ្រី​ការទូត​និង​មន្ដ្រី​យោធា​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុម​ស៊ើបការណ៍​សម្ងាត់​បាន​បង្ហាញ​ថា​ទីក្រុង​ហាណូយ​បាន​ដឹកជញ្ជូន​មីស៊ីល ពី​ដែនដី​វៀតណាម​ឆ្ពោះទៅ​ដំឡើង​នៅ​ទីតាំង​ក្នុង​មូលដ្ឋាន​ចំនួន​៥ នៅលើ​ប្រជុំ​កោះ​ស្ព្រាត​លី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​ការធ្វើ​សកម្មភាព​ទំនង​ធ្វើឲ្យ​ភាព​តានតឹង​កើតឡើងប​ន្ដ​ទៀត​រវាង​វៀតណាម​ជាមួយ​ចិន​។​


​​មីស៊ីលត្រូវបាន​បញ្ជូន​ទៅ​មូលដ្ឋាន​យោធា ដោយ​បិទបាំង​ពី​ការឃ្លាំមើល​ពី​លើ​អាកាស ហើយក៏​មិន​ទាន់​បំពាក់សម្ភារគ្រប់គ្រាន់​ដែរ ប៉ុន្ដែ​អាច​ធ្វើ​ប្រតិ​បត្ដិកា​រ​ជាមួយ​កាំភ្លើង​ធំ និង​ដំឡើង​ក្នុង​រយៈពេល​តែ​ពីរឬ​បី​ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រើប្រាស់​បាន​ហើយ​។​នេះ​បើ​យោង​តាម​ប្រភពបី​ផ្សេងគ្នា​។​


​ចលនា​រុលទៅមុខ​របស់​វៀតណាម​នៅ​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​ផ្នែក​យោធា​និយាយថា វា​ជា​ការផ្លាស់ប្ដូរ​ផ្នែក​យោធា​ដ៏​សំខាន់​បំផុត​ដែល​វៀតណាម​បាន​ធ្វើ​។​ទីក្រុង​ហាណូយ​ចង់​ដំឡើង​​មីស៊ីលនៅ​កន្លែង​ដែល​គេ​គ្រោងទុក ខណៈ​មាន​ការបារម្ភ​ថា​អាច​នឹង​មាន​ភាព​តានតឹង ក្រោយ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ ចេញ​សេចក្ដីសម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន លើ​ករណី​ហ្វីលីពីន​ប្ដឹង​ចិន​កាលពី​ឆ្នាំ​២០១៣ ពាក់ព័ន្ធ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​


​ប៉ុន្ដែ​តាមពិតទៅ​ចិន​កំពុង​រកាំរកូស​នឹង​ហ្វីលីពីន​ទៅហើយ ក្រោយ​តុលាការ​ចេញ​សេចក្ដីសម្រេច​។​ហេតុនេះ​ដោយ​ចិន​កំពុង​រវល់​ជាមួយ​ហ្វីលីពីន វា​ជា​ឱកាស​ល្អ​សម្រាប់​វៀតណាម អាច​ពង្រីក​ខ្លួន​ចូល​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដោយ​ស្ងាត់ៗ​៕


ព័ត៌មានផ្សេងទៀត