ជប៉ុន​​ហៅ​ចិន​​មក​តវ៉ា​​២​ដង​ហើយ​​ក្រោយ​ចិន​​បញ្ជូន​កប៉ាល់​​ទៅ​ក្បែរ​​កោះ​ជម្លោះ​​កាលពី​សប្តាហ៍​មុន​

09-08-2016 2:58 pm 2058
លោក​Fumio Kishidaនៅខាងឆ្វេងនិងលោក​Cheng Yonghuaនៅក្នុងជំនួបនៅថ្ងៃទី៩សីហា

​លោក​Fumio Kishida​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន បាន​ព្រមាន​ចិន​ថា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈធ្ងន់ធ្ងរ ដោយសារ​រឿង​ដែនទឹក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ទាមទារ​ដោយ​ប្រទេស​ទាំង​ពីរ​។ នៅក្នុង​ជំនួប​ជាមួយ​លោក​Fumio Kishida នៅក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​៩​សីហា​នេះ លោក​ឯកអគ្គរដ្ឋទូត​ចិន​Cheng Yonghua បាន​ប្រាប់​ជប៉ុន​ថា នឹង​ព្យាយាម​ផ្លាស់ប្តូរ​ស្ថានការណ៍​នាពេលនេះ ឲ្យ​ដូច​ធម្មតា​វិញ​។​

 

​លោក​Cheng Yonghua បាន​អះអាង​ថា កោះ​ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត ជា​ផ្នែក​នៃ​ការគ្រប់គ្រង​របស់​ខ្លួន ហើយ​ថា​ជម្លោះ​នេះ​គួរតែ​ត្រូវ​ដោះស្រាយ​គ្នា តាមរយៈ​ទំនាក់ទំនង​ការទូត ដូច្នេះ​ស្ថានការណ៍​ពេលនេះ នឹង​មិន​មាន​ភាព​តានតឹង​កើន​ឡើង​នោះ​ទេ​។ ឆ្លើយ​សំនួរ​របស់​អ្នកកាសែត​ក្រោយ​ជំនួប​ជាមួយ​លោក​Fumio Kishid a​លោក​Cheng Yonghua​បានបញ្ជាក់​ថា រឿង​ដែល​កប៉ាល់​ចិន ធ្វើ​ចរាចរ​ក្បែរ​ដែនទឹក​ជម្លោះ​នោះ វា​ជា​សកម្មភាព​មួយ​ដែល​ចិន​តែង​ធ្វើ​តាម​ទម្លាប់​ប៉ុណ្ណោះ​។​

 

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​លោក​Cheng Yonghua មក​តវ៉ា ក្រោយ​ចិន​បញ្ជូន​កា​ប៉ាល់​និង​ឆ្មាំ​សមុទ្រ​ជាច្រើន​នាក់ ទៅ​ក្បែរ​កោះ​ជម្លោះ​ដែល​ចិន​ហៅថា Diaoyu និង​ជប៉ុន​ហៅថា Senkaku​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត​។ ភ្លាមៗ​បន្ទាប់​ពី​សកម្មភាព​បែ​ប​នេះ​កើតឡើង​លោក Cheng Yonghua ក៏​ត្រូវបាន​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក Shinsuke Sugiyama ហៅ​មក​ជួប​ម្តង​ហើយ​កាលពី​ថ្ងៃ​សុក្រ​។​

 

​ភាព​តានតឹង​រវាង​ចិន ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​លើ​លោក ជាមួយ​ជប៉ុន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣ បាន​កើតឡើង​រប៉េះរប៉ោះ ដោយសារ​ជប៉ុន​ឈឺឆ្អាល​នឹង​ជម្លោះ​នៅ​សមុទ្យ​ចិន​ខាងត្បូង ធ្វើឲ្យ​ចិន​មិន​ពេញចិត្ត​។ ការ​ឈឺឆ្អាល​ចុងក្រោយ​របស់​ជប៉ុន គឺ​នៅ​ពេល​ដែល​ចិន​បដិសេធ​ការសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ ដែល​កាត់ក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​រឿង​ជម្លោះស​មុទ្យ​ចិន​ខាងត្បូង​។ ចិន​បាន​ព្រមាន​ជប៉ុន​កុំឲ្យ​លូកដៃ​ជ្រែតជ្រែក​ចូល​ក្នុង​ជម្លោះ ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ជប៉ុន​ទាល់តែសោះ​។ ពោល​ជាប់​ពាក់ព័ន្ធ​ជាមួយ​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយ​ណេ និង​តៃវ៉ាន់​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  ជប៉ុននិងចិន

ព័ត៌មានផ្សេងទៀត