អ្នកលក់​បារី​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​នឹង​ពិន័យ​ពី​១​ម៉ឺន​រៀល​ដល់​២​លាន​រៀល​

09-08-2016 12:01 pm 884

​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអនុវត្ត បរិស្ថាន គ្មាន​ផ្សែង​បារី ត្រូវបាន​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃ​ទី​០៩ សីហា​នេះ ដោយ​មាន​ការសហការ រវាង​សាលា​ខណ្ឌ​ជ្រោយចង្វារ ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CCMH) អង្គការ​សុខភាព​ពិភពលោក​(WHO)​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី ពន្យល់​ណែនាំ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាង​លក់​កាហ្វេ និង​អ្នក​ប្រកប​អាជីវកម្ម​លក់ដូរ​ផ្សេងៗ​ទៀត ឲ្យ​យល់ដឹង​ពី ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ ឲ្យ​អនុវត្ត​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​បើ​តាម​ច្បាប់​ស្តីពី​ការពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​តម្រូវឲ្យ​ម្ចាស់​ក្រុមហ៊ុនថ្នាំជក់​ទាំងអ​ស់ ដែល​ចរាចរ​ក្នុងប្រទេស​កម្ពុជា ត្រូវ​បោះពុម្ភ​សារព្រមាន​សុខភាព ជា​អក្សរ និង​ជា​រូបភាព​ទំហំ​៥៥% លើ​ផ្ទៃ​នៃ​កញ្ចប់​បារី​។ មិន​ត្រូវ​បិទ​ផ្សាយ​នូវ​ផ្ទាំង​បដា ឬ​រូបភាព​ផ្សេងៗ ដែល​ស្ថិត​ក្នុង​ទម្រង់​នៃ ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ រួម​នឹង​បិទ​ស្លាក​សញ្ញា ហាម​ជក់បារី និង​មិន​ត្រូវ​តាំង​បង្ហាញ​ប្រដាប់​គោះ​បារី​។​
​លោក​យ៉ិល ដារ៉ាវុធ មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន បញ្ជាក់ថា រាល់​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ខាងលើនេះ សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ពី​២​លាន​រៀល និង​អ្នកលក់ដូរ​តាម​តូប​តូចៗ ពិន័យ​១​ម៉ឺន​រៀល​។ ដោយឡែក ម្ចាស់​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មិន​ព្រម​បោះពុម្ភ​សារព្រមាន​សុខភាព ជា​រូបភាព គឺ​នឹង​ពិន័យ​រហូតដល់​៤​លាន​រៀល​។ ករណី​មិន​រៀងចាល នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ទោះជា​មាន​ការហាមឃាត់​យ៉ាងនេះ​ក្ដី ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ មិន​បាន​ហាមឃាត់​ការដាក់​លក់​បារី​ទេ​។ ក៏ប៉ុន្តែ ច្បាប់​អនុញ្ញាត​ឲ្យ​ដាក់តាំង​បង្ហាញ​កញ្ចប់​បារី​បានតែ ១​កញ្ចប់​ក្នុង​មួយ​ម៉ាកនៅ​កន្លែង​លក់​បារី​មួយ​។ សម្ភារៈ​ដាក់តាំង​កញ្ចប់​បារី​នោះ ត្រូវ​មាន​ពណ៌​ត្នោត ដែល​មិន​ទាក់ទាញ និង​មាន​ទំហំ​ផ្ទៃមុខ​មិន​លើស​ពី ២​ពាន់​ម៉ែត្រការ៉េ​។​

​សូមបញ្ជាក់​ថា កន្លងមក ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្តីណែនាំ ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ទូទាំង​ប្រទេស​ថា​៖
១. ត្រូវ​បិទ​ផ្សាយ ឬ​ដាក់​បម្រាម​អំពី​ការហាម​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅតាម​ផ្លូវ​ចូល និង​កន្លែង​សមស្រប​ផ្សេងទៀត នៃ​កន្លែង​សាធារណៈ ដែល​ឲ្យ​សាធារណជន​អាច​មើលឃើញ​ច្បាស់​។​

២.​មិន​ត្រូវ​ដាក់​តាំង ឬ​បង្ហាញ​ប្រដាប់​គោះ​បារី ឬ​រូបភាព​ប្រដាប់​គោះ​បារី ទោះ​ក្នុង​ទម្រង់ ទំហំ និង​ប្រភេទ​ណាក៏ដោយ នៅ​កន្លែងធ្វើការ កន្លែង​សាធារណៈ និង​កន្លែង​ផ្សេង​ទៀត ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ជក់ និង​បង្ហុយ​ផលិតផល​ថ្នាំជក់​។​

៣.​ត្រូវ​បង្គាប់​មិន​ឲ្យ​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ ចំពោះ​ជន​ណា​ដែល​មិន​អនុវត្ត​តាម​ស្លាក​បម្រាម​ហាម​ជក់ និង​ត្រូវ​សហការ ជាមួយ​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ឲ្យទាន់​ពេលវេលា​។​

៤. មិន​ត្រូវ​ផ្សាយពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់ ក្នុង​បរិវេណ​មូលដ្ឋាន​របស់​ខ្លួន ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ រួម​មាន​ផ្ទាំង​រូបភាព ផ្ទាំង​ប៉ាណូ ផ្ទាំង​បដា ផ្ទាំងគំនូរ ឬ​បណ្ណ​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​ផ្សេងៗ​ទៀត ឬ​តាមរយៈ​រូបភាព​ចល័ត​នៅលើ​ជញ្ជាំង​រថយន្ត ឬ​លើ​យានជំនិះ និង​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​។​

៥.​អាច​ដាក់​តាំង​បង្ហាញ កញ្ចប់​ផលិតផល​ថ្នាំជក់​ធម្មតា បាន​តែ​មួយ​កញ្ចប់​ក្នុង​មួយ​ម៉ាក នៅ​នឹង​កន្លែង​លក់ ឬ​តូប​លក់ ឬ​ក្នុង​ហាង​លក់​បារី​ប៉ុណ្ណោះ​។ ទូ​ឬ​សម្ភារៈ​សម្រាប់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់​ត្រូវ​មាន​ពណ៌​ត្នោត និង​មាន​ទំហំ​មិន​លើសពី ២​ពាន់​សង់ទីម៉ែត្រ​ការ៉េ​។​

៦.​ត្រូវ​ដាក់​តាំង​បង្ហាញ ឬ​លក់​តែ​ផលិតផល​ថ្នាំជក់ ដែល​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​ភាសា​ខ្មែរ ទំហំ​៥៥% បោះពុម្ភ​លើ​ផ្នែក​ខាង​លើ​ផ្ទៃ​សំខាន់ ទាំង​២​នៃ​កញ្ចប់​ផលិតផល​ថ្នាំជក់​។​

៧. ចំពោះ អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ មិន​អនុវត្ត​តាម​សេចក្តីណែនាំ ត្រង់​ចំណុច​ទី​១ ទី​២ និង​ទី​៣ ត្រូវ​ពិន័យ​អន្តរកាណ៍​ជា​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​។ សម្រាប់​អ្នក​ល្មើស​នឹង​ចំណុច​ទី​៦ នឹង​ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល និង​ឈាន​ដល់​ការមិន​ផ្តល់ ឬ​បន្ត​អាជ្ញា​បណ្ណទេ​សចណ៍​ពី​ក្រសួង​ទេសចរណ៍​ឡើយ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត