លោក​​ហ៊ុន សែន​ថា ​ទំនាក់ទំនង​កម្ពុជា​-​ចិន ​នឹង​រឹងមាំ​​ដូច​​ស្ពានបេតុង​​របស់​​ចិន​​

08-08-2016 5:26 pm 3336

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ក្តីសង្ឃឹម​ថា ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​ចិន នឹង​រឹងមាំ​ដូច​ស្ពាន​ដែល​ជា​ជំនួយ​ឥណទាន​របស់​ចិន ដែល​បាន​សាងសង់​ឲ្យ​ពលរដ្ឋ​កម្ពុជា ប្រើប្រាស់​នោះ​សព្វថ្ងៃ​។ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ​ធ្វើឡើង​នា​ពេល​ដែល​លោក​ចូល​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខតំណ​ស្ពាន កោះធំ (​ឆ្លងកាត់​ទន្លេ​បាសាក់​) ស្ថិត​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។​

 

​ថ្លែង​នៅ​ចំពោះ​មុខ​លោក​ស្រី​ឯកអគ្គរាជទូត​ចិន​ប្រឆាំង​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដោយ​ក្តី​សង្ឃឹម​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន នឹង​រឹងមាំ​ដូច​ស្ពាន​ដែល​ចិន ផ្តល់​ជំនួយ​ឥណទាន​ឲ្យ​ពលរដ្ឋ​កម្ពុជា​អញ្ចឹង​ដែរ​។ នេះ​ជា​សារដ៌សំខាន់​ថ្មី​មួយទៀត របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ចំពោះ​ទំនាក់​ទង់​ជាមួយ​ប្រទេស​ចិន ដែល​គេ​មើលឃើញថា កំពុងតែ​មាន​ភាពស្អឹ​តរ​មួត​ជាគ្នា​។​

 

​បន្ថែម​ពី​ការបញ្ជាក់​ជំហរ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​អរគុណ​ដល់​ប្រទេស​ចិន ដែល​បាន​កសាង​ស្ពាន​ធំៗ​ដល់​កម្ពុជា ហើយ​លោកនាយក​រដ្ឋមន្ត្រី​បាន​សើ្ន​ដល់​ឯកអគ្គរាជទូត​ចិន​ប្រឆាំង​នៅ​កម្ពុជា ពាំនាំ​យក​ការ​អរគុណ​របស់​កម្ពុជា​នេះ ប្រាប់​ដល់​រដ្ឋាភិបាល​ចិន​ផងដែរ​…

​សំឡេង​លោក ហ៊ុន សែន​៖

 

​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​នា​ពេល​ដែល​លោក​ចូល​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខតំណ​ស្ពាន​កោះធំ (​ឆ្លងកាត់​ទន្លេ​បាសាក់​) ស្ថិត​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៦​។ ស្ពាន​ថ្មី​នេះ មាន​ប្រវែង​សរុប ៨២៤​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប ១៩.៣៩ លាន​ដុល្លារ អាមេរិក ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ ២.៨​លាន​ដុល្លារ​អាមេរិក​។

 

​គួរកត់សម្គាល់​ថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​។ កន្លង​ទៅ​ប្រទេស​ចិន បាន​ផ្តល់​ជំនួយឥតសំណង​ចំនួន ៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ ដល់ ២០១៨​។ ជំនួយ​នេះ គឺ​ដើម្បី​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សង្គម​លើ​វិស័យ​ជាច្រើន​ដូចជា ការថែទាំ​សុខភាព កសិកម្ម វប្បធម៌ និង​វិស័យ​អប់រំ ព្រមទាំង​ជួយ​សាង​សង​អគា​រដ្ឋបាល​មួយ​ខ្នង​កម្ពស់​១២​ជាន់​ថែមទៀត​ផង​ដែរ​។​

 

​បើ​តាម​អ្នកវិភាគ​ខ្លះ​យល់​ថា ការផ្តល់​ជំនួយ​របស់​ចិន​នេះ គឺ​ដោយសារតែ​នយោបាយ​ការបរទេស​កម្ពុជា ងាក​ទៅរក​ចិន ក្រោយពី​កម្ពុជា​គាំទ្រ​ជំហរ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ចំណែក​សារ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃនេះ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​កំពុងតែ​ងាក​ទៅរក​ចិន​យ៉ាងច្បាស់​ផងដែរ​។​

 

​កន្លង​មក​ភាគី​ចិន ធ្លាប់​បាន​អរគុណ​កម្ពុជា ចំពោះ​ការប្រកាន់​ជំហរ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ចាត់ទុកថា ជំហរ​របស់​កម្ពុជា ជា​ជំហរ​ដ៏​ត្រឹមត្រូវ​។ ភាគី​ចិន​ថា ជំហរ​របស់​កម្ពុជា​នេះ គឺ​បាន​ផ្ដល់​យុត្តិធម៌​ដល់​ចិន ចំពោះ​បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បួង ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ ចិន​បាន​ចាត់ទុក​ទំនាក់ទំនង​ទំនង​ជាមួយ​កម្ពុជា គឺជា​ជំហាន​អាទិភាព​នៃ​នយោបាយ​ការ​ទូត​​របស់​ចិន ព្រមទាំង​ប្តេជ្ញា​គោរព​អធិបតេយ្យភាព បូរណភាព​កម្ពុជា និង​បន្ត​ជំរុញ​អភិ​វឌ្ឈន៍​ប្រទេស​កម្ពុជា​ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ផង​ដែរ​៕

(ដោយ៖គួន សំបូរ)

 ពាក្យគន្លឹះ  កម្ពុជា ចិន

ព័ត៌មានផ្សេងទៀត