ទស្សនកិច្ច​​លោក​Ramos​​ទៅ​ចិន​​សង្ឃឹម​ផល​វិជ្ជមាន​​ជុំវិញ​ជម្លោះ​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​

08-08-2016 4:50 pm 1024
អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក​Fidel Ramos​

​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក​Fidel Ramos​នៅ​ថ្ងៃ​ទី​០៨​សីហា​នេះ បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន បន្ទាប់​ពី​ហ្វីលីពីន​និង​ចិន​មាន​ភាព​តានតឹង​កើតឡើង ក្រោយ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ​ចេញ​សេចក្ដីសម្រេច​លើ​បណ្ដឹង​ហ្វីលីពីន​ប្ដឹង​ចិន​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គេ​សង្ឃឹមថា​លោក​Ramos​អាច​អូសទាញ​ឲ្យ​ប្រទេស​ទាំង​ពីរ​វិល​ទៅរក​កិច្ចចរចា​ទ្វេភាគី​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​


​លោក​Ramos​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​បំបែក​ភាពជាប់គាំង ក្នុងនាម​លោក​ជា​អតីត​មេដឹកនាំ​មួយរូប​ត្រូវបាន​ប្រជាជន​គោរព​ស្រឡាញ់​នៅ​ហ្វីលីពីន និង​នៅក្នុង​តំបន់​អាស៊ី​។​ប្រវត្ដិសាស្ដ្រ​នៃ​ការផ្លាស់​ប្ដូរដ៏​រួសរាយ​រាក់ទាក់​ជាមួយ​ប្រទេស​ចិន អាច​ផ្ដល់​ឱ​កាឲ្យ​លោក​Ramos​ជួយ​ស្ដារ​ចំណង​មិត្ដភាព​កំពុង​ខ្វះ​ភាពកក់ក្ដៅ​ឡើងវិញ​។​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ខាង​លើ អាច​បើក​ទំព័រ​សករាជ​ថ្មី​ក្នុង​ការដោះស្រាយ​ជម្លោះ​រវាង​ហ្វីលីពីន​ជាមួយ​ចិន​។​


​យ៉ាងណា​ក៏ដោយ​ចំពោះ​ការវិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម អាស្រ័យ​លើ​ភាពស្មោះត្រង់​របស់​ហ្វីលីពីន​។​មិនត្រូវ​ភ្លេច​ទេ​ថា ការសម្រេចចិត្ដ​របស់​ហ្វីលីពីន គួរតែ​ត្រូវ​ដឹង​ថា​បើ​គិត​មិន​បាន​ច្បាស់លាស់ ភាពផុយស្រួយ​នៃ​ទំនាក់ទំនង​រដ្ឋ​ទាំងពីរ​អាច​កើតមានឡើង​កាន់តែខ្លាំង​ជាង​មុន​។​


​សូម​បញ្ជាក់​ឡើងវិញ​ថា ក្រោយ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ចេញ​សេចក្ដីសម្រេច​គាំទ្រ​ហ្វីលីពីន ទំនាក់ទំនង​ទ្វេភាគី​ចិន​-​ហ្វីលីពីន​បាន​ដាំ​ក្បាល​ចុះ​។​ចិន​ប្រកែក​ដាច់ខាត​មិន​ទទួលយក​សេចក្ដីសម្រេច ប៉ុន្ដែ​ហ្វីលីពីន​ទទូច​ឲ្យ​គោរព​តាម​។​ម្ខាង​ប្រកាន់​ជំហរ​ស្ដាំ​និង​ម្ខាង​ទៀត​ប្រកាន់​ជំហរ​ឆ្វេង ធ្វើឲ្យ​ប្រទេស​ក្នុង​តំបន់ក៏​ដូចជា​ក្នុង​ពិភពលោក​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​ព្រួយបារម្ភ​ដោយហេតុថា បើ​មាន​ភាព​តាន​ដឹង​កើតឡើង មិនមែន​ប៉ះពាល់​តែ​ចិន​និង​ហ្វីលីពីន​ទេ ប្រទេស​ក្នុង​តំបន់​ពិសេស​ប្រទេស​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផ្សេងទៀត​ក៏​ប៉ះពាល់​ដូចគ្នា​។​


​ប៉ុន្ដែ​បើ​តាម​ការអះអាង​របស់​រដ្ឋមន្ដ្រី​ហ្វីលីពីន​និង​ចិន​ថ្មីៗ​នេះ ភាព​តានតឹង​ទើប​កើត​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង មិន​អាច​កំណត់​គ្រប់​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​ចិន​-​ហ្វីលីពីន​ទេ ហើយក៏​មិន​ប៉ះពាល់​កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​ដែរ​។​រដ្ឋមន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ថា ចិន​-​ហ្វីលីពីន​មាន​សមត្ថភាព​និង​ភាព​ឆ្លាត​វៃ​ក្នុង​ការដោះស្រាយ​បញ្ហា​៕

 ពាក្យគន្លឹះ  ហ្វីលីពីន-ចិន

ព័ត៌មានផ្សេងទៀត