លោក​​សួន​ សេរី​​រដ្ឋា​​បក​ស្រាយ​​ការ​លើក​ឡើង​​របស់​​លោក​​ហុង​ លីម​ ថា​​រប​ប​​តិរិច្ឆាន​​គឺ​​សំ​ដៅ​លើ​​អ្នក​ដឹក​នាំ​

08-08-2016 3:12 pm 6359

​លោក​ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដែល​មាន​កំណើត​ខ្មែរ គាត់​បាន​ហៅ​របប​ដឹកនាំ​បច្ចុប្បន្ន​ថា ជា របប​តិរិច្ឆាន គឺ​គាត់​សំដៅ​ទៅលើ​របប​ដឹកនាំ ដែល​ទទួលខុសត្រូវ​ដោយ​ពួក​អ្នក​ដឹកនាំ​។ នេះ​បើ​តាម​ការអះអាង​របស់​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ ប្រធាន​គណក្ស​អំណាច​ខ្មែ​ររូប​នេះ​បន្ត​ថា ពោល​គឺ​គាត់​មិន​បាន​ចោទ ឬ​ហៅ​ពលរដ្ឋ​ខ្មែរ ថា​ជា​សត្វ​តិរិច្ឆាន ដូច​​ពួក​​សារ​ព័ត៌​មាន​​ ​​សត្វ​សេក​មួយចំនួន​ដែល​ចាំតែ​ជួយ​បំប៉ោង បំភ្លៃ តាម​សំដី​ពួក​មន្ត្រី​តិរិច្ឆាន ដែល​មាន​មាត់​វែង មាត់​ខ្លី និង​មាត់​ស្អុយ ទាំងអស់​នោះ​ទេ​។

 

​លោក​សួន សេរី​រដ្ឋា បានបញ្ជាក់​ថា ផ្ទុយទៅវិញ​ការលើកឡើង​របស់​លោក​ហុង លីម​ ​គឺ​​ចង់​​បង្ហាញ​ថា​ ​ព​ល​រដ្ឋ​​ខ្មែរប​ច្ច​ប្បន្ន គឺ​កំពុង​ក្លាយជា​ជនរងគ្រោះ នៃ​របប​ដឹកនាំ​បច្ចុប្បន្ន​ដែ​ល​​ជា​​រ​ប​ប​​ដឹ​ក​នាំ​​តិ​រិ​ច្ឆាន​ប៉ុណ្ណោះ​។ ការបង្ហាញ​ទស្សនៈ​មើល​ឃើញ​របស់​លោក ហុង លីម ដែល​ហ៊ាន​ហៅ​របប​ដឹកនាំ​ក្នុង​ប្រទេស​ខ្មែរ​ថា ជា​របប​តិរិច្ឆាន​នោះ គឺជា​ប្រយោគ​ប្រើ​ពាក្យ​ជា «​អ​សាធារណៈនាម​» យ៉ាងច្បាស់ សំដៅ​ទៅ​ចំពោះតែ «​របប​ដឹកនាំ ដែល​ទទួលខុសត្រូវ​ដោយ​ពួក​អ្នក​ដឹកនាំ​» ប៉ុណ្ណោះ មិន​បាន​ម៉ៅ​ហៅ ឬ​ដៀល​ពលរដ្ឋ​ខ្មែរ​ទាំងអស់ មួយ​ប្រទេស​ថា តិរិច្ឆាន ទេ​។​

 

​លោក​សួន សេរី​រដ្ឋា បាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ដាប់​ភាសារ​ខ្មែរ​ឲ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ មិន​ត្រូវ​ចេះ​តែ​ក្តៅស្លឹកត្រចៀក ច្រឡោតខឹង​តាម​ការ​បំភ្លៃ​ន័យ បន្លំ​ពាក្យ របស់​ពួក​ទុច្ចរិត​ឱកាសនិយម ដែល​ធ្វើ​នយោបាយ​ខ្លាច​ការពិត ហើយ​ចូលចិត្ត​ធ្វើ​អាជីវកម្ម​លើ​ភាព​មិន​សូវ​ចេះដឹង របស់​ពលរដ្ឋ​ឲ្យសោះ​។​

 

​យ៉ាងណា​ក៏​ដោយ​លោក​ផៃ ស៊ីផា​ន មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​យ៉ាងខ្លាំង​លើ​លោក​ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី មាន​ដើមកំណើត​ខ្មែរ ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​​មា​ក់​ងា​យ​​រ​ដ្ឋា​ភិ​បា​ល​​កម្ពុ​ជា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ ការ​ប្រតិកម្ម​របស់​លោក​ផៃ ស៊ីផា​ន​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី បាន​និយាយ​នៅក្នុង​បទ សម្ភាសន៍​ក្នុង​វិទ្យុ​អាស៊ីសេរី ជា​ខេមរភាសា ដោយ​ដាក់​ចំណង​ជើ​ងា​ថា «​តំណាងរាស្ត្រ ខ្មែរ​-​អូស្ត្រាលី ចាត់ទុក​របប​កម្ពុជា ជា​របប​តិរិច្ឆាន​»​។​

 

​លោក​ផៃ ស៊ីផា​ន ថា​ការលើកឡើង​របស់​តំណាងរាស្ត្រ​រូបនេះ បានសេចក្ដីថា ទាំង​ព្រះមហាក្សត្រ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ អ្នកតំណាងរាស្ត្រ បញ្ញាវ័ន្ត មន្ត្រីរាជការ​ទាំងនោះ​ជា​សត្វ​តិរិច្ឆា​ន​​ទាំ​​ង​​អ​ស់​​មែន​ដែរឬទេ​? លោក​ផៃ ស៊ីផា​ន បាន​គូសបញ្ជាក់ថា អ្នកជំនួញ​ធំៗ និង​អ្នក​ន​យោ​បា​យ​​ស​​ហ​​រដ្ឋអា​​​មេ​រិក គឺ​សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បរិយាកាស និង​ស្ថានភាព​ល្អ​របស់​កម្ពុជា ហើយ​សូម្បី​តែ​អង្គការ​សហជា​ជាតិ ក៏​ពុំ​បាន​វាយតម្លៃ​មកលើ​ប្រទេស​កម្ពុជា​ដល់​ថ្នាក់​នេះដែរ​៕

​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត