កាន់​អំណាច​ជាង​៣០​ឆ្នាំ ​លោក​ហ៊ុន សែន​​ទទួលបាន​ពានរង្វាន់​​សមិទ្ធផល​​អាស៊ាន​​មួយ​ជីវិត​​

07-08-2016 4:53 pm 4594

​ថ្លែង​សន្ទរកថា​ពី​ប្រទេស​ឡាវ​ក្នុង​ឱកាស​ទទួលពានរ​ង្វាន់​សមិទ្ធផល​អាស៊ាន​មួយជីវិត លោក​ហ៊ុន សែន បាន​លើក​ឡើង​​ពី​​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​ចំនួន ៥​អាណត្តិ​មកនេះ​។ លោក​បាន​ថ្លែងថា កម្ពុជា​ពី​មុន ដែល​ល្បី​ថា​ជា​វាលពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចំការមីន ដែល​គេ​ភ័យខ្លាច​គ្រប់គ្នា​, កម្ពុជា​ពី​មុន ដែល​ល្បី​ក្នុងការ​ប្រើ​អាវុធ ដើម្បី​ដណ្តើម​អំណាច​គ្នា និង​ក្នុង​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​, កម្ពុជា​ពី​មុន ដែល​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ និង​ឯក​កោ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ហើយ​កម្ពុជា​ពី​មុន ដែល​ជា​ប្រទេស​អន់​ខ្សោយ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​គ្របដណ្តប់​ដោយ​ភាពក្រីក្រ មាន​អសន្តិសុខ​ស្បៀង ឥលូវ​នេះ​ត្រូវ​បាន​ប្រែ​រូបរាង​ថ្មី​ទាំងស្រុង​។​

​សំឡេង​លោក​ហ៊ុន សែន​៖

 

​ការទទួល​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយជីវិត បាន​ធ្វើឡើង​នៅ​ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ នៅ​យប់​ថ្ងៃទី​០៦​សីហា ដែល​នាយករដ្ឋមន្ត្រី​ឡាវ លោក​ថង​លូន ស៊ី​ស៊ូ​លី​ត ជា​អ្នក​ប្រគល់ជូន​លោក​ហ៊ុន សែន​ដោយ​ផ្ទាល់​។ សមិទ្ធផល​អាស៊ាន​មួយជីវិត ជា​ពានរង្វាន់​ត្រូវបាន​ប្រគល់​ជូន​ប្រមុខ​ដឹក​រដ្ឋាភិបាល​រូប​ណា ដែល​បាន​បម្រើ​ការងារ​យូរ​ជាង​គេ​ក្នុង​អាស៊ាន​។ ហើយ​លោក​ហ៊ុន សែន គឺជា​មនុស្ស​ទី​៤​ដែល​បាន​ទទួលពាន​រង្វាន់​នេះ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី លោក​លី ក្វាន់​យូ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉េដ និង​ព្រះអង្គម្ចាស់​ស៊ុល​តង់ ណាសរិ​ន​សាហ៍ នៃ​រដ្ឋ​បា​រ៉ា​ក​របស់​ប្រទេស​ម៉ាឡេស៊ី​។​

 

​អ្នកវិភាគ​សង្គម និង​នយោបាយ​កម្ពុជា សាទរ​ចំពោះ​ការទទួលបាន​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​របស់​លោក​ហ៊ុន សែន​។ លោក​មាស នី ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​០៧​សីហា​នេះ​ថា ជា​កិត្តិយស​ណាស់​សម្រាប់​កម្ពុ​ជា​ដែល​មាន​ប្រវត្តិ​មេដឹកនាំ​ប្រទេស​បាន​យូរអង្វែង ហើយ​ទទួលបាន​ពានរង្វាន់​នេះ​។ ប៉ុន្តែ​លោក​មាស នី ថា​ការ​ទទួល​ពាន​​រង្វាន់​ជា​មេដឹកនាំ​យូរ​ជាង​គេ​នៅ​តំបន់​អាស៊ាន​របស់​លោក​ហ៊ុន សែន គឺ​មាន​លក្ខណៈ​ខុស​គ្នារ​វាង​អតីត​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី និង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ ខុស​គ្នា​យ៉ាងណា អ្នកវិភាគ​រូបនេះ​ថា ទោះបីជា​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ កាន់​អំណាច​បាន​យូរ ប៉ុន្តែ របៀប​នៃ​ការគ្រប់គ្រង និង​ការដឹកនាំ​ប្រទេស​របស់​គេ​មាន​ភាព​រីក​ចម្រើន​ជាង​ប្រទេស​កម្ពុជា​....​។​

​សំឡេង​លោក​មាស នី​៖

 

​ដោយឡែក អ្នកវិភាគ​មួយ​ចំនួន​ទៀត​ក៏​ចូលរួម​អបអរសាទរ ដែល​ហ៊ុន សែន ទទួលបាន​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយជីវិត ដែល​ជា​មេដឹកនាំ​បម្រើ​ការងារ​យូរ​ជាង​គេ​នៅ​អាស៊ាន​។ ប៉ុន្តែ​អ្នកវិភាគ​ថា មេដឹកនាំ​ដែល​ដឹកនាំ​ប្រទេស​យូរ និង​ធ្វើឲ្យ​ប្រទេស​ជាតិ​ជួប​បញ្ហា ប្រជាធិបតេយ្យ​មាន​ការធ្លាក់ចុះ បក្សពួកនិយម និង​មាន​អំពើ​ពុករលួយ​ជា​ដើម​។​

 

​ជារួម តើ​លោក​ហ៊ុន សែន ពិតជា​សាក​សម​ទទួលបាន​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយជីវិត​ដែរឬទេ​? លោក​មាស នី លើកឡើងថា ត្រូវ​ផ្អែក​លើក​ទិដ្ឋភាព​ពីរ គឺ​ទីមួយ​ត្រូវ​មើល​ថា​តើ​ស្ថាប័ន​ដែល​ផ្តល់​ពានរង្វាន់​នេះ​ត្រូវបាន​គេ​​ទទួល​ស្គាល់​​នៅលើ​ពិភពលោក​កម្រិតណា​? ហើយ​ទី​ពីរ​គឺ​ត្រូវ​ពិនិត្យថា​តើ​ការប្រគល់​ពានរង្វាន់​នេះ​សម្រាប់​​តែ​​មេដឹក​នាំ​យូរ ដោយ​មិន​គិត​ពី​គុណភាព​ឬ​យ៉ាងណា​? លោក​មាស នី បញ្ជាក់ទៀតថា បើសិនជា​កម្ពុជា​អាចឈាន​ទៅ​រក​ការអភិវឌ្ឍន៍​ជឿនលឿន​ដូច​ប្រទេស​សឹង្ហ​បុរី ឬ​ម៉ាឡេស៊ី នោះ​សាក​សម​ដែល​ត្រូវ​ទទួលពាន​រង្វាន់​នេះ​។ ប៉ុន្តែ​បើ​ស្ថានភាព​កម្ពុជា​ដូច​សព្វថ្ងៃនេះ លោក​មាស នី មិន​ឲ្យ​តម្លៃ​ទៅលើ​ពាន់រង្វាន់​នេះឡើយ​។​

​សំឡេង​លោក​មាស នី​៖

 

​ការ​មិន​ឯកភាព​ពេញលេញ​ទៅលើ​ការទទួលបាន​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ពី​សំណាក់​អ្នកវិភាគ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា នេះ​គ្រាន់តែ​ជា​ការយល់ដឹង​ខុសៗ​គ្នា​របស់​បុគ្គល​ម្នាក់ៗ​តែប៉ុណ្ណោះ​។ លោក​លើកឡើង​ថា ការទទួលបាន​ពាន់រង្វាន់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺជា​កិត្តិយស​ខ្លាំង​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​មិន​ត្រូវ​មានការ​ថ្នាំង​ថ្នាក់ ឬ​ច្រណែនឈ្នានីស​ព្រោះតែ​និន្នាការ​នយោបាយ​នោះទេ​....​។​

​សំឡេង​លោក​សុខ ឥសាន​៖

 

សូមបញ្ជាក់​ថា បន្ទាប់ពី​បាន​បញ្ចប់​ការចូលរួម​វេទិកា​មេដឹកនាំ​អាស៊ាន និង​ការទទួលពាន​រង្វាន់​ស​មិទ្ធ​ផល​អាស៊ាន​មួយជីវិត នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ កាល​ពី​ម្សិលមិញ លោក​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា​។ ក្នុង​ពេល​ឡើង​ទទួលពាន​រង្វាន់ លោក​ហ៊ុន សែន បាន​ថ្លែងថា ពានរង្វាន់​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បាន​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​ជាតិ និង​សហគមន៍​អាស៊ាន​។ លោក​ហ៊ុន សែន ក៏​បាន​ប្តេជ្ញាចិត្ត​យក​ពេលវេលា​ដែល​នៅ​សេសសល់​ក្នុង​ជីវិត​របស់​លោក​ខិតខំ​ធ្វើការ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​រីចចម្រើន​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

 ពាក្យគន្លឹះ  ​ហ៊ុន សែន

ព័ត៌មានផ្សេងទៀត