សរុបដំណោះស្រាយសំខាន់ៗក្នុង​យុទ្ធនាការ​ចុះ​តាម​មូលដ្ឋាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​

06-08-2016 5:11 pm 1747

​គម្រោង​នៃ​ការចុះ​ជួប​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ទូទាំង​២៥​រាជធានី​/​ខេត្ត របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២០ កក្កដា​។ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២០​កក្កដា ដល់​ថ្ងៃ​ទី​៤ សីហា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចុះ​បំពេញ​បេសកម្ម នៅ​ខេត្ត​មួយចំនួន ស្ថិត​នៅ​ភាគ​និរតី គឺ​បាន​ចំនួន​១០​ខេត្តហើយ​។ ខេត្ត​ទាំង​១០​នោះ​រួមមាន​៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ និង កំពង់ស្ពឺ​។​

​ក្នុង​ការចុះ​បេសកម្ម នៅតាម​មូលដ្ឋាន​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ដោះស្រាយ​នូវ បញ្ហា​ធំៗ​មួយចំនួន ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​ខេត្ត​នី​មួយៗ​។​

​សម្រាប់​ដំណើរ​ចុះ ជួប​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្ត​កំពត លោកនាយក​រដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ អាជ្ញាធរ​ពាក់ព័ន្ធ​ជួសជុល ស្ពាន​ឥន្ធនូ ដែល​ជា​ស្ពាន​ឆ្លងកាត់ ព្រែក​កំពត​ចាស់ ឡើងវិញ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​។ ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​សម្រេច​កាត់​ដី​រដ្ឋ​ចំនួន ០៤​កន្លែង ទំហំ​ជាង ៩​ពាន់​ម៉ែត្រការ៉េ ស្ថិត​ក្នុង​បញ្ជី​សារពើភ័ណ្ឌ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅក្នុង​ខេត្ត​កំពត ជូន​ប្រជាពលរដ្ឋ​ចំនួន ៤២​គ្រួសារ​ផង​ដែរ ភាគច្រើន​ជា​អតីត​បុគ្គលិក កម្មករ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត​។​

​ដោយឡែក ក្នុង​ដំណើរ​បេសកម្ម នៅ​ខេត្ត​កែប​វិញ ប្រមុខ​រដ្ឋាភិបាល បានសម្រេច ផ្តល់​អគារសិក្សា​ថ្មី​មួយ​ខ្នង កម្ពស់​៣​ជាន់ ស្មើនឹង​១៥​បន្ទប់ ដើម្បី​ឆ្លើយតប នឹង​កំណើន​សិស្ស ដែល​សិក្សា​នៅ​វិទ្យាល័យ​មួយ​នេះ​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​រម្លឹក ដល់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់ ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់ ទប់ស្កាត់​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដោះស្រាយ​ទំនាស់​ដីធ្លី ជូន​ពលរដ្ឋ​ឲ្យបាន​ឆាប់ រួម​នឹង ការពារ​បរិស្ថាន ការពារ​ព្រៃឈើ តំបន់ឆ្នេរ និង​ធនធានធម្មជាតិ​។​​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ប្រកាស និរាករណ៍​ចោល​ទាំងស្រុង ចំពោះ​គម្រោង​វិនិយោគ​ទាំងឡាយ​ណា ដែលមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ធនធាន​សមុទ្រ​។

​រីឯ​ដំណើរ​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ​វិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដោះស្រាយ​បញ្ហា​មួយចំនួន​ធំ ជូន​ប្រជាពលរដ្ឋ​ផងដែរ សម្រេច​ឲ្យ​បញ្ឈប់​ការស្នើសុំ​ដី​សម្រាប់​អង្គភាព​យោធា ហើយ​គ្រប់​កងពល​ទាំងអស់ ហាម​សុំ​ដី​បន្ត​ទៀត និង​ត្រូវ​ពិនិត្យ និង​ចុះបញ្ជី​សារពើពន្ធ​ដី របស់​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ កុំឲ្យ​ធ្លាក់​ទៅលើ​ដៃ​ឯកជន​មួយ​ចំនួន​។ ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ផ្សារ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តព្រះសីហនុ​ធ្វើ​លិខិតផ្លូវការ បញ្ជាក់​ដល់​អាជីវករ​ទាំងអស់ អាច​លក់ដូរ​បាន​ជា​រៀងរហូត​។ ការផ្តល់​កម្ម​សិទ្ធ ពេញលេញ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​រស់នៅ​ទីតាំង ក្នុង​បញ្ជី​សារពើពន្ធ​របស់​រដ្ឋ​ជា​យូរយា​មកហើយ​នោះ ត្រូវ​កាត់​ចេញពី​បញ្ជី​នេះ ហើយ​ប្រគល់​ប្លង់​ស្របច្បាប់​ដល់​ប្រជាជន​ទាំងនោះ​។​

​ដោយឡែក​ដំណោះស្រាយ នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ខេត្ត​ចុងក្រោយ នៃ​ដំណើរ​ត្រួតពិនិត្យ​ការងារ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​សប្តាហ៍​នេះ​គឺ ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាសប្រាប់ ដល់​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​កំពង់ស្ពឺ​ថា គ្មាន​គម្រោង​សាងសង់​ព្រលាន​យន្ត​ថ្មី នៅលើ​ទឹកដី នៃ​ខេត្ត​មួយ​នេះ​ទេ​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​បញ្ជា​ឲ្យ និរាករណ៍ ចោល​ចំពោះ​ឯកសារ​ទាំងឡាយ ដែល​មាន​ដូចជា ការចង់​ផ្លាស់ប្តូរ​បេន​រថយន្ត និង​ផ្សារ​ជាដើម​។​

​សូមបញ្ជាក់​ថា ការចុះ​តាមដាន​ពិនិត្យ​ការងារ នៅតាម​ខេត្ត​នី​មួយៗ ទាំង​១០​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតែ​អំពាវនាវ និង​ក្រើនរម្លឹក​ដល់​មន្ត្រីរាជកា​រ ទាំងអស់​ត្រូវ​ខិតខំ យកចិត្ត  ទុកដាក់ ដោះស្រាយ​សេវា តម្រូវការ​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ អោយបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវតែ​លុបបំបាត់ រាល់​កំហុសឆ្គង ការ​ថ្នាំងថ្នាក់ ភាព​អសកម្ម​ទាំងឡាយ ហើយ​ត្រូវ​ខិតខំ​កសាង​អំពើ​ល្អ​អោយបាន​ច្រើន​។​

​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ពេលនេះ ធ្លាប់​ត្រូវបាន​អ្នកវិភាគ​សង្គម និង​នយោបាយ​នៅ​កម្ពុជា​យល់ឃើញថា ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី លែង​ទុកចិត្ត​លើ​របាយការណ៍ របស់​មន្ត្រី​ថ្នាក់ក្រោម ដែល​តែងតែ​រាយការណ៍ មក​ថ្នាក់លើ តែ​ពី​ចំណុច​ល្អ​។ ដោយឡែក​ចំពោះ​ចំណុច អាក្រក់ៗ ត្រូវបាន​មន្ត្រី​ទាំងនោះ​លាក់ទុក​។ យ៉ាង​វិញទៀត អ្នកវិភាគ យល់ថា សកម្មភាព​ថ្មី​របស់​លោក ហ៊ុន សែន​នេះ អាចនិយាយបាន​ថា ជាការ​ភ្ញាក់​រម្លឹក​មួយ​ផងដែរ នៅពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក ត្រូវបាន​បាត់បង់​ការគាំទ្រ ពី​ប្រពល​រដ្ឋ កាល​ពី​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត