លោក​រដ្ឋមន្ដ្រី​៖​​បញ្ហា​នៅ​​សមុទ្រ​ចិន​ខាងត្បូង​​មិន​ប៉ះពាល់​ដល់​​កិច្ចសហការ​​ចិន​-​ហ្វីលីពីន​ទេ​

06-08-2016 2:10 pm 1198
រដ្ឋ​មន្ដ្រី​ចិន​(ឆ្វេង)​ចាប់ដៃ​ជាមួយ​​រដ្ឋមន្ដ្រីហ្វីលីពីន(ស្ដាំ)

នរណាៗ​ក៏​ល្បី​រន្ទឺ​ពី​ភាព​តានតឹង​រវាង​ចិន​ជាមួយ​ហ្វីលីពីន​ថ្មីៗ​នេះ គឺ​បន្ទាប់ពី​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ ចេញ​សេចក្ដីសម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន​ប្ដឹង​ចិន​។​ក្រោយ​តុលាការ​ចេញ​សេចក្ដីសម្រេច ចិន​ក៏​ជំទាស់​ភ្លាមៗ​ថា មិន​ទទួលស្គាល់​សេចក្ដីសម្រេច​នោះ​ជាដាច់ខាត​។​ដោយឡែក​ហ្វីលីពីន​បានប្រកាសឲ្យ​ចិន​ត្រូវ​គោរព​តាម​ការស​ម្រេច​របស់​តុលាការ​។​ភាពចម្រូងចម្រាស​ក៏​កើតមានឡើង​រវាង​ចិន​និង​ហ្វីលីពីន​។​


​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ រដ្ឋមន្ដ្រី​តំណាង​ប្រទេស​ទាំង​ពីរ​អះអាងថា បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​កំណត់​គ្រប់​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​ចិន​-​ហ្វីលីពីន​នោះទេ ហើយក៏​មិន​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​នោះ​ដែរ​។​ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤៨​ដែល​ប្រព្រឹត្ដទៅនៅ​ប្រទេស​ឡាវ រដ្ឋមន្ដ្រី​តំណាង​ប្រទេស​ទាំង​ពីរ​បញ្ជាក់ថា ចិន​និង​ហ្វីលីពីន​មាន​សមត្ថភាព​និង​ភាព​វៃឆ្លាត​ដោះស្រាយ​បញ្ហា​កើតឡើង តាមរយៈ​កិច្ចចរចា​ទ្វេភាគី និង​យន្ដការ​ពិគ្រោះ​យោបល់​គ្នា​រវាង​ចិន​ជា​មួយ​អាស៊ាន​។​


​កិច្ច​ជំនួប​ក្រៅ​កិច្ចប្រជុំ​អាស៊ាន​របស់​រដ្ឋមន្ដ្រី​ទាំងពីរ បាន​ផ្ដោតជាសំខាន់​លើ​វិធានការ​បង្កើន​ការអភិវឌ្ឍ​រវាង​ចិន​-​ហ្វីលីពីន​។​ក្រៅពីនេះ​ក៏​មាន​ការឯកភាព​ថា​ចិន​និង​ហ្វីលីពីន​គួរ​ចាប់ផ្ដើម​ចូលរួម​ក្នុង​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​និង​សេដ្ឋកិច្ច ដែល​ជា​យន្ដការ​សំខាន់​មួយ​សម្រាប់​កិច្ច​សហការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ជាប់គាំង​៥​ឆ្នាំ​មកហើយ​។​


​រដ្ឋាភិបាល​ថ្មី​របស់​ហ្វីលីពីន បានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​គោលបំណង​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​តាមរយៈ​កិច្ចចរចា និង​ធ្វើ​ការផ្លាស់ប្ដូរ​ស៊ីជម្រៅ​ជាមួយគ្នា​លើ​ទស្សនៈ​ស្ដី​ពី​សហ​ប្រតិ​ប​ត្ដិ​ការផ្នែកពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍​និង​ឧស្សាហកម្ម​ជា​ដើម​។​ដូច្នេះ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង មិន​អាច​ប៉ះពាល់​កិច្ចសហប្រតិបត្ដិកា​ររ​វាង​ចិន​ជា​មួយ​ហ្វីលីពីន​ទេ​៕

 ពាក្យគន្លឹះ  ចិន-ហ្វីលីពីន

ព័ត៌មានផ្សេងទៀត