រដ្ឋាភិបាល​មិនស្វាគមន៍​ការស្នើ​យកថ្ងៃបាញ់​សម្លាប់លោក​កែម ឡី​ជាទិវា​សេរីភាព​បញ្ចេញមតិ​

05-08-2016 12:47 pm 12684

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន​ស្នើដល់​រដ្ឋា​ភិ​បាល​កំណត់យកថ្ងៃ១០ខែកក្កដា ជាថ្ងៃដែលឃាតក​បាញ់​សម្លាប់​លោកកែម ឡី ធ្វើជា​ទិវា​សេរី​ភាពនៃ​ការ​បញ្ចេញមតិនៅកម្ពុជា។ប៉ុន្តែលោកផៃ ស៊ីផាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល មិនបានស្វាគមន៍នឹងសំណើ​នេះទេ។លោកថា ​ការ​ចេញសេចក្តីថ្លែងការនេះ ហាក់​​ដូច​ជា​ការបង្ខិតបង្ខំពេក ដែលរដ្ឋាភិបាលពិបាកនឹងទទួល​យក​ណាស់​។​លោកផៃ ស៊ីផានបាន​ចាត់​ទុក​សេច​ក្តី​ថ្លែងការណ៍ ថាមានទំនោនយោបាយ ជាជាងការគោរព។

 

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៤ សីហា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន​ស្នើដល់​រដ្ឋា​ភិ​បាល​កំណត់យកថ្ងៃ១០ខែកក្កដា ជាថ្ងៃដែលឃាតកបាញ់សម្លាប់លោកកែម ឡី ធ្វើជា​ទិវា​សេរី​ភាពនៃ​ការ​បញ្ចេញមតិនៅកម្ពុជា។

 

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់ថាលោកកែម ឡី មាន​បទ​ពិសោធ​ន៍​ស៊ី​ជម្រៅបែបវិទ្យាសាស្ត្រអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច តាមរយៈការ​សិក្សាស្រាវជ្រាវ​ប្រ​មាណ​​២០ឆ្នាំរបស់លោក។លោកកែម ឡី បានលះបង់ពេលវេលាយ៉ាងសកម្ម ដោយមិនគិតអំពី​ការ​នឿយ​ហត់ និងគ្រោះថ្នាក់ដល់ជីវិត ក្នុងការចែករំលែកការ​វិភាគរបស់​លោកដល់​មហាជន​តាមរយៈ​ប្រ​ព័ន្ឋ​សារព័ត៌មាន។

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា ការហ៊ាននិយាយចំៗដោយ​ចំហប្រកប​ដោយ​ទេព​កោ​សល្យ បានជំរុញកម្លាំងចិត្តមហាជន ឲ្យហ៊ានជជែកពិភាក្សាពីបញ្ហានយោបាយ និងចូលរួម​យ៉ាង​សកម្ម​ក្នុងសកម្មភាពសង្គមផ្សេងៗ។គណបក្សនេះបញ្ជាក់ទៀតថា ការបាញ់សម្លាប់លោកកែម ឡីដ៏​សា​ហាវ​ព្រៃផ្សៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នៅកណ្តាលក្រុងភ្នំពេញ ក្នុងពេលដែលលោក​កំពុង​បញ្ចេញ​​​បេសកកម្មបញ្ចេញមតិ បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេស និងអ្នករស់ក្រៅស្រុក​តក់ស្លុត សោក​ស្តាយ និងចូលរួម​មរណៈទុក្ខយ៉ាងក្រៀមក្រមក្រៃលែង។

 

ដូច្នេះដើម្បីជាការរំលឹកគុណដល់ស្នាដៃ និងការលះបង់ខ្ពស់របស់លោក កែម ឡី នោះគណ​បក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​​ស្នើ​ឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃទី១០ខែ​កក្កដាជាទិវាសេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជា។

 

ប៉ុន្តែយ៉ាងណាលោកផៃ ស៊ីផានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មិនបានស្វាគមន៍នឹងសំណើ​នេះទេ។លោកថា ​ការ​ចេញសេចក្តីថ្លែងការណ៍នេះ ហាក់ដូចជាការបង្ខិតបង្ខំពេក ដែលរដ្ឋាភិបាលពិបាក​នឹងទទួល​យក​ណាស់​។​លោកផៃ ស៊ីផានបានចាត់ទុកសេចក្តីថ្លែងការណ៍ ថាមានទំនោនយោបាយ ជាជាងការគោរព ហើយ​រដ្ឋាភិ​បាល​មិនយកចិតទុកដាក់នឹងសេចក្តីថ្លែងការណ៍​បែបនេះ​ទេ…………….

 

សំឡេងលោកផៃ ស៊ីផាន៖

 

អគ្គលេខាធិការនិងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីនឆ្លើយតបថា ក្នុង​នាម​គណបក្សនៅក្រៅរដ្ឋាភិបាល គឺផ្តល់ជាគំនិតយោបល់តាមរយៈសេចក្តីថ្លែងការណ៍នេះ ហើយ​ការ​ស្នើ​បែបនេះ ដោយសារគណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលឃើញស្នាដៃ វីរភាពរបស់​លោកកែម ឡី ដែលគួរតែទទួលបានការគោរព​ និងឲ្យតម្លៃហើយបើទោះជារដ្ឋាភិបាលមិនព្រម ក៏គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន កំណត់យកថ្ងៃទី១០ខែ​កក្កដាជាទិវាសេរីភាព​បញ្ចេញ​មតិ​ក្នុងក្របខ័ណ្ឌគណបក្ស ។​លោក​សាម អ៊ីន ក៏បានបដិសេធផងដែរ ដែលថា​ សេចក្តី​ថ្លែង​ការណ៍នេះ ជាលក្ខណៈនយោបាយ ដោយ​លោកបញ្ជាក់ថា អ្នកដែលក្នុងខ្លួន​មានគំនិតកេង​ចំណេញ​​នយោ​បាយ ហើយនៅពេល​មើល​ឃើញ​អ្វី​នៅខាងក្រៅ គេចូលចិត្តយកអ្វីដែល​មានក្នុងបេះដូង​ខ្លួន​ឯង​មកវាស់……………….

 

សំឡេងលោកសាម អ៊ីន៖

 

សូមបញ្ជាក់ថាលោកកែម ឡីត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅ​កណ្តាល​​​ក្រុងភ្នំពេញ។ឃាតកម្មមកលើលោកកែម ឡីនេះ បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេស និង​អ្នក​​រស់​ក្រៅ​ស្រុក​តក់ស្លុត សោក​ស្តាយ និងចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រមក្រៃលែង៕

 

ដោយ៖ខាត់ សុធី

 

ព័ត៌មានផ្សេងទៀត