វ័យ​​៦៥​ឆ្នាំ​​លោក​ហ៊ុន សែន​ នៅតែ​ជា​​បុរស​ខ្លាំង​​នៅ​កម្ពុជា​​

05-08-2016 11:46 am 2888
រូបពី Reuter

​នៅ​ថ្ងៃ​ទី​៥​ខែ​សីហា ឆ្នាំ​២០១៦​នេះ គឺជា​ខួប​៦៥​ឆ្នាំ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ បើ​ទោះបីជា​លោក​មាន​អាយុ​៦៥​ឆ្នាំ​ក្តី ប៉ុន្តែ​ឥទ្ធិពល​របស់​នៅតែ​ខ្លាំង​ក្នុងប្រទេស​កម្ពុជា​។ ក្នុង​ថ្ងៃ​ខួបកំណើត​របស់ខ្លួន លោកនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា ក្នុង​រយះ​៦៤​ឆ្នាំ​កន្លងមកនេះ លោក​បាន​ប្រើប្រាស់​ពេលវេលា​ជាង​៤៦​ឆ្នាំ ចូល​រូ​ម​ការតស៊ូ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ហើយ​លោក​ធ្លាក់ខ្លួន​ពិការ​ដោយសារ​តែ​ការបម្រើ​ជាតិ​នេះ​ផងដែរ​។​

 

​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​១៩៥២ ដល់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦ គឺជា​ខួប​៦៥​គត់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ សព្វថ្ងៃ​លោក​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​បាន​ចំនួន ៥ អាណា​ត្តិ​មកហើយ ហើយ​លោក​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ជា​មេដឹកនាំ​ប្រទេស​រយៈពេល​យូ​មួយ​រូប​នៅ​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

 

​នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​គេ​មើលឃើញថា គឺ​មាន​មន្ត្រី​អ្នក មុខ អ្នកការ​ជាច្រើន​ដែល​បម្រើ​ការងារ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ​លោក​ជា​បន្តបន្ទាប់​។ បន្ថែម​លើ​ពីនេះ មន្ត្រី​ទាំងអស់​នោះ ក៏​បាន​លើកសរសើរ​អំពី​ស្នាដៃ​របស់​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជាច្រើន​ឆ្នាំ​មក​។​

 

​ដោយឡែក​សម្រាប់ លោក ហ៊ុន សែន ខ្លួនឯង ក៏​បាន​ថ្លែង​ជា​សារ​ខ្លី​ក្នុង​ថ្ងៃ​ខួបកំណើត​របស់លោក​ផងដែរ ហើយ​លោក ក៏បាន​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​លោក​ដែល​ជួយ​ឲ្យ​លោក បាន​ដឹកនាំ​ប្រទេស​កម្ពុជា​។ បើ​តាម​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វ៊េ​សប៊ុក​របស់​លោកថា  «​ក្នុង​រយះ​៦៤​ឆ្នាំ​កន្លងមកនេះ​លោក​បាន​ប្រើប្រាស់​ពេលវេលា​ជាង​៤៦​ឆ្នាំ​ចូល​រូ​ម​ការតស៊ូ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។

 

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា នៅក្នុង​ជិវិត​ពោរពេញ​ដោយ​ទុក្ខសោក រហូត​ធ្លាក់​ខ្លួន​ពិការ ប៉ុន្តែ​លោក​ពិតជា​មាន​មោទនៈភាព​ណាស់ នូវ​កិច្ចការ​ដែល​លោក​បាន​បំពេញ សម្រាប់​ប្រជាជន​កម្ពុជា ហើយ​លោក​ក៏​សូម​អរគុណ​ដល់​ពលរដ្ឋ​ខ្មែរ  ដែល​ផ្ដល់​នូវ​ការគាំទ្រ​រៀង​រហូត​មក​»​។​

 

​សូមជម្រាបថា លោក ហ៊ុន សែន បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក​មាន​គោរមងារ​ជា សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​-​សែន ហើយ​បច្ចុប្បន្ន​ ​លោក​ជា​មេដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។ បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​១៩៧៩ លោក​បាន​ដឹកនាំ​ទ័ព​ដែល​មាន​ការចូលរួម​ពី​ទ័ព​ភាគី​ប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម​។ លោក​ក៏​ជា​សមាជិក​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប ដែល​បាន​រត់គេច​ទៅ​ប្រទេស​វៀតណាម​មុន​ឆ្នាំ​១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាការ​ទ័ព​ប្រទេស​វៀតណាម ដើម្បី​វាយបក​រំលំ​ខ្មែរក្រហម​វិញ​។ ចាប់ពីពេលនោះ​មក​លោក​ក៏​បាន​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល និង កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​រួប​នៅក្នុង​ប្រទេស​កម្ពុជា​។​

 

​តែ​ទោះ​យ៉ាងណាក្តី ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នេះ ក៏​ត្រូវបាន​មតិ​មួយចំនួន​រិះគន់​ផងដែរ​ថា បាន​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ក្រុម​បក្សពួក និង​គ្រួសារ ក្នុង​ចេតនា​រក្សា​អំណាច​។ បើ​តាម​ការអះអាង​របស់​អ្នកវិភាគ​ខ្លះ​បាន គូសបញ្ជាក់ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​ល្បិច​ជា​ច្រើន ដើម្បី​វាយប្រហា​គួប្រកួត​។ គូប្រកួត​ណា​ដែល​ប្រឆាំង​លោក ហ៊ុន សែន គូប្រកួត​នោះ​នឹង​ត្រូវ​ខ្ទេច​ជាច្រើន​បំណែក ដោយសារតែ​យុទ្ធសាស្ត្រ​របស់​លោក​។​

 

​កន្លងមក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា  ធ្លាប់​បាន​ហៅ​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន​ថា «​បំបែក បំបាក់ ដើម្បី​ធ្វើ​ការត្រួតត្រា​» ហើយ​ក្នុងនោះ​ក៏​មាន​យុទ្ធសាស្ត្រ​ចំនួន​៣​ទៀត គឺ​ទី​១​សូក ទី​២​សំឡុត និង​ទី​៣​សម្លាប់​។ យុទ្ធសាស្ត្រ​អស់នេះ លោក កឹម សុខា អះអាងថា លោក ហ៊ុន សែន ប្រើប្រាស់​ជា​និច្ច ដើម្បី​រក្សា​អំណាច​។​

 

​តែ​យ៉ាងណាក្តី សម្រាប់​អ្នកវិភាគ​ខ្លះទៀត​បាន​កោតសរសើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ជា​មនុស្ស ដែល​មាន​ភាព​វៃឆ្លាត ក្នុង​ការដឹកនាំ​ប្រទេស និង​ការរក្សា​អំណាច​របស់​ខ្លួន បើទោះបីជា​គូប្រកួត​របស់លោក​ជា​មនុស្ស​ចេញ​ពី ត្រកូល​ក្ស​ត្រក្តី សុទ្ឋតែ​ត្រូវ​បាន​ចុះ​ចាញ់ក្រោយក​ណ្តា​ប់ដៃ​របស់​លោក ហ៊ុន សែន ។ ចំណែក​នយោបាយ​ក្រៅប្រទេស​វិញ​លោក ហ៊ុន សែន ក៏​ស្ថិត​នៅក្នុង​ក្រសែភ្នែក​របស់​ប្រទេស​មហាអំណាច​មួយចំនួន ហើយ​ប្រទេស​ខ្លះ​ទៀត​ក៏​មាន​ភាព​ខ្លាចញញើត​ចំពោះ​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​ផង​ដែរ​៕

(ដោយ៖គួន សំបូរ)

 

 ពាក្យគន្លឹះ  ហ៊ុន សែន

ព័ត៌មានផ្សេងទៀត