Global Witness គួរ​ពាក់ព័ន្ធ​ការស្នើ​ឱ្យ​មាន​ការ​ស៊ើប​ករណី​ឃាតកម្មលោក​កែម ឡី ឫ​ទេ​?

04-08-2016 4:56 pm 4255


​មកទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជិត​មួយ​ខែ​ហើយ ដែល​អ្នកស្រាវជ្រាវ និង​វិភាក​បញ្ហា​សង្គម លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ស្តា​ម៉ា​ត​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​មតិ​មួយចំនួន​ហាក់​ជឿថា ឃាតករ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ជា​ជនល្មើស​សិប្បនិម្មិត​។ ជាមួយគ្នានេះ ការឃ្លាំមើល​ពិភពលោក Global Witness បាន​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ជុំវិញ​ករណី​ឃាតកម្ម​នេះ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាងថា លោក​មិន​ឱ្យ​តម្លៃ​ទាល់តែសោះ​លើ​លិខិត​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ដោយហេតុ​ថា​ពួកគេ​មិន​យល់​ពី​ច្បាប​នៃ​ប្រទេស​កម្ពុជា​។


​ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness បាន​សរសេរ​លិខិត​ចំហ​មួយ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ស្នើ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹង​នាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​ឯករាជ្យ​ជាបន្ទាន់ ចំពោះ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី​។


​ក្នុង​លិខិត​របស់​សហ​ស្ថាបនិក និង​នាយក​អង្គការ Global Witness  លោក ផា​ទ្រី​ក អាឡេយ៍ (Patrick Alley) បានចាត់ទុក ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី ថា​ជា​ព្រឹត្តិការណ៍​ថ្មី​បំផុត នៃ​បណ្តា​អំពើ​ហិង្សា​នានា​ប្រឆាំង នឹង​សមាជិក​គណបក្សប្រឆាំង សកម្មជន និង​អ្នកសារព័ត៌មាន ហើយ​កំពុង​ធ្វើឱ្យ​អាប់ឱន​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ លិខិត​ចំហរ​នេះ​កត់សម្គាល់​ដែរ​ថា នៅ​ដំណាក់កាល​ដំបូង​នៃ​ការស៊ើបអង្កេត​លើ​ឃាតកម្ម​លោក កែម ឡី នេះ មិនបាន​ធ្វើ​អ្វី​ទាល់តែសោះ ដើម្បី​កាត់បន្ថយ​ការភ័យខ្លាច​ដែល​ថា ការស៊ើបអង្កេត​នេះ នឹង​ត្រូវ​បរាជ័យ ដោយ​មិន​អាច​កំណត់​រក ឬ​កាត់ទោស​អ្នក​ដែល​បាន​បញ្ជា​លើ​បទឧក្រិដ្ឋ​បាន​ដូច ករណី​មុនៗ​ដែរ​។​


​តើ​អង្គការ​អន្តរជាតិ ដូចជា​អង្គការ Global Witness  គួរ​ឱ្យ​មាន​ការពាក់ព័ន្ធ​នឹង​សំណើរ​ស៊ើបអង្កេត​ករណី​ឃាតកម្ម លើ​លោក​កែម ឡី​ឫ​ទេ​?


​កំពុង​អង្គុយ​លើ​ម៉ូតូ ក្រោម​ស្ពាន​អាកាស​៧ មករា យុវជន​ពិសី និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣ បាន​លើកឡើង​ថា វា​ជា​ការល្អ ដែល​អង្គការ​ឃ្លាំមើល​ពិភពលោក ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​ស៊ីជម្រៅ ចំពោះ​បញ្ហា​នេះ ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា ជនសង្ស័យ​ដែល​ចាប់​បាន​ពេលនេះ គឺ​មិនមែន​ជា​អ្នកប្រព្រឹត្ត​បទល្មើស​នេះ​ទេ​..........


​សំឡេង​លោក​ពិសី​៖


​និស្សិត​ផ្នែក​ច្បាប់​រូបនេះ​យល់ថា Global Witness គ្រាន់តែ​ជា​អង្គការ​អន្តរជាតិ​មួយ​ដែល​ស្នើសុំ​ឱ្យ មានការ ស៊ើបអង្កេត ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​ចង់​ធ្វើ​ឫ​មិន​ធ្វើ​អាស្រ័យ ទៅលើ​ការសម្រេច ដោយ​ឯករាជ្យ របស់ ថ្នាក់​ដឹកនាំ​រដ្ឋ​។ ទោះ​យ៉ាងណា​លោក​ពិសី​ចង់ឱ្យ​រដ្ឋាភិបាល​មាន​ការស៊ើអង្កេត បន្ថែម​តាម​សំណើរ របស់ អង្គការ អន្តរជាតិ​មួយ​នេះ ដើម្បី​ដោះស្រាយ​មន្ទិល របស់​សាធារណៈជន​ទូទៅ​...........


​សំឡេង​លោក​ពិសី​៖


​សម្រាប់​លោក​វណ្ណា ដែល​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ខណ្ឌ​ទួលគោក បាន​លើកឡើង​ថា មិន​ថា​អង្គការ Global Witness ឡើយ លោក​ចង់​ឱ្យ​អង្គ​អន្តរជាតិ​ជាច្រើន​ទៀត ជួយ​អន្តរាគមន៍ ក្នុង​ការស៊ើបអង្កេត​ចាប់​ជនល្មើស​ពិតប្រាកដ និង​ជន​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ផ្សំគំនិត​ក្នុងការ​សម្លាប់​លោក​កែម ឡី​...........


​សំឡេង​លោក​វណ្ណា​៖


​តែ​ទោះ​យ៉ាងណា លោក​ផៃ ស៊ីផា​ន មន្ត្រី​អ្នកនាំពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា លោក​មិន​ឱ្យ​តម្លៃ​ទាល់តែសោះ​ទៅលើ​លិខិត​ចំហរ​របស់ អង្គការ Global Witness នេះ ព្រោះ​ថា​វា​គ្មាន​ខ្លឺមសារ​អ្វី​ឡើយ សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​មាន​អធិបតេយ្យភាព និង​ឯករាជ្យភាព​។ លោក​ថា​អង្គការ​អន្តរជាតិ​មួយ​នេះ មិន​យល់​ពី​ច្បាប់​របស់​ប្រទេស​កម្ពុជា​.............

 

​សំឡេង​លោក ផៃ ស៊ីផា​ន​៖


​ចំណែក​លោក ខៀវ សុភ័គ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​មានប្រសាសន៍ថា នៅក្នុង​ពេល​ឆាប់ៗ​នេះ​សមត្ថកិច្ច​នឹង​បញ្ចេញ វីដេអូ​ការ​មេ​រ៉ា​ភស្តុតាង​នៅ​ក្នុង​ហាង​ស្ដារ​ម៉ា​ត​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច ចំណុច​ស្ដុប​បូកគោ ជា​សាធារណៈ​។​


​សូមជម្រាបថា លោក​កែម ឡី ដែល​គេ​ស្គាល់​ថា​ជា​អ្នកវិភាគ​ឯករាជ្យ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ សព​របស់លោក​ត្រូវបាន​តំកល់ទុក​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ រយៈពេល​២​សប្តាហ៍ ទើប​ចាប់ផ្តើម​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​របស់​លោក នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ថ្ងៃ​ទី ២៤ ខែកក្កដា ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់សែន​នាក់​៕
(​ដោយ​៖ គីម ចាន់​ចាវ​)


 ពាក្យគន្លឹះ  Global Witness ​ឃាតកម្ម​

ព័ត៌មានផ្សេងទៀត