កូរ៉េខាងត្បូង​​អាច​ប្ដូរ​ទីតាំង​​ដំឡើង​ប្រព័ន្ធ​​ការពារ​មី​ស៊ី​ល​​ដោយ​ខ្លាច​​ប៉ះពាល់​​សុខភាព​ប្រជាជន​

04-08-2016 4:35 pm 772
ប្រជាជន​កូរ៉េខាងត្បូង​នាំគ្នាតវ៉ាប្រឆាំង​ការដំឡើង​ប្រព័ន្ធការពារ​មីស៊ីល

​លោកស្រី​ប្រធានា​ធិបតី​កូរ៉េខាងត្បូង​ប៉ាក គុន​ហេ​បាន​និយាយថា ទីតាំង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​លអាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ចេញពី​តំបន់​Seongju ដោយសារតែ​មាន​ផលប៉ះពាល់​ដល់​ប្រជាជន​ក្នុង​តំបន់​និង​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង​Yonhap​។​លោកស្រី​ប្រធានាធិបតី​ឲ្យដឹងថា ដោយសារ​មាន​ការព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ប្រជាជន ដូច្នេះ​លោក​ស្រី​នឹង​ពិចារណា​រក​ទីតាំង​ផ្សេង​។​


​តាមពិតទៅ ប្រជាជន​នៅ​តំបន់​គ្រោង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នាំគ្នា​តវ៉ា​តាំងពី​កូរ៉េ​ខាងត្បូង​និង​អាមេរិក​សម្រេច​ជ្រើសរើស​យក​តំបន់​Seongju​មកម្ល៉េះ ដោយ​លើក​ហេតុផល​ថា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ពួកគេ​។​ប៉ុន្ដែ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទេ ទើបតែ​ផ្ដល់​ចម្លើយ​នៅពេលនេះ​។​


​សូមបញ្ជាក់​ថា ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​THAAD​នៅ​កូរ៉េ​ខាងត្បូង មិនមែន​តែ​ប្រជាជន​កូរ៉េ​ខាងត្បូង​ទេ​ដែល​តវ៉ា​ប្រឆាំង ប៉ុន្ដែ​កូរ៉េខាងជើង ចិន រុស្ស៊ី ក៏​មិន​ពេញចិត្ដ​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​វ៉ាស៊ីនតោន​ដែរ​។​ចិន​និង​រុស្ស៊ី​ថា​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​កូរ៉េខាងត្បូង មិនមែន​ចង់​ការពារ​ខ្លួន​ពី​កូរ៉េខាងជើង​ទេ ប៉ុន្ដែ​ក៏​អាច​តាមដាន​សកម្មភាព​យោធា​ចិន​និង​រុស្ស៊ី​ផងដែរ​។​


​បើ​និយាយ​ពី​កូរ៉េខាងជើង​វិញ ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ព្រមទាំង​បាន​បាញ់​មី​ស៊ី​ល​គំរាម​ជា​ច្រើន​គ្រាប់ និង​ធ្លាប់​បាន​ព្រមាន​ថា បើ​កូរ៉េខាងត្បូង​នៅតែ​រឹងទទឹង កូរ៉េ​ខាងជើង​នឹង​ចាត់​វិធានការ​ជាក់ស្ដែង​៕

ព័ត៌មានផ្សេងទៀត