លោក​កឹម សុខា មានជំនឿថា «​ខ្មែរ​មាន​​ឈាម​​អ្នក​ស្នេហាជាតិ ​មិន​សាប​រលាប​​ឡើយ​»​

04-08-2016 3:18 pm 4768

​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​សំងំ​លាក់ខ្លួន​ក្នុង​ស្នាក់ការ​គណបក្ស​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ នា​ថ្ងៃនេះ បាន​លើកឡើង​ថា «​ល្មម​ដល់​ពេលវេលា ដែល​ខ្មែរ​យើង​ត្រូវ​បង្កើន​ការជឿ​ទុកចិត្ត​គ្នា តាមរយៈ​ការបង្ហាញ​នូវ​ឧត្តមគតិ និង​ការទទួលស្គាល់​នូវ​តម្លៃ​ថា យើង​ជា​ខ្មែរ​សុទ្ធតែ​មាន​ឈាមជ័រ​ជា​អ្នក​ស្រឡាញ់​ជាតិ​ខ្មែរ​ដូច​គ្នា ទោះបី​កំពុង​ដឹកនាំ ឬ​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ក៏ដោយ​»​។ លោក​បាន​បន្តថា  យើង​ត្រូវ​ផ្តល់​នូវ​សេចក្តីសុខ​ឲ្យ​គ្នា​ទៅវិញទៅមក ឈប់​លាប​ពណ៌​គ្នា ឈប់​គំរាមកំហែង​គ្នា ឈប់​កាប់​សម្លាប់​គ្នា ឈប់​គុំកួន សងសឹក​គ្នា ដោយ​ងាក​មក​រិះរក​គំនិត​ជា​វិជ្ជមាន​ដើម្បី បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ ការពារ​មាតុភូមិ​កម្ពុជា និង​កសាង​ជាតិ​ខ្មែរ​ជាមួយគ្នា ឲ្យ​ថ្លៃថ្នូរ​សម្បូរ​រុងរឿង​សម្រាប់​អនាគត​ខ្មែរ​យើងទាំងអស់គ្នា​វិញ​។​


​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​សារ​បែបនេះ​។ កន្លងមក​លោក​ក៏​ធ្លាប់បាន​ថ្លែង​នូវ​សារ​ឲ្យ​ប្រជាពលរដ្ឋ​រួបរួមគ្នា កុំ​ឈ្លោះទាស់ទែង​គ្នា ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដោយ​ឈប់​យក​ខ្មែរ​ណាមួយ​ជា​សត្រូវ​ជា​ដើម​។ បើទោះបីជា​មិនបាន​ចុះ​តាម​មូលដ្ឋាន​ដូច​កាលពី​មុន​ក្ដី ក៏​ប៉ុន្តែ​លោក​កឹម សុខា នៅតែ​បន្ត​ជួប​យុវជន និង​សកម្មជន​គណបក្ស​នៅ​ទីស្នាក់ការ​ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​បក្ស​របស់​ខ្លួន​ដដែល​។ កាលពី​ថ្ងៃ​ទី ០១ សីហា លោក​កឹម សុខា បាន​ថ្លែង​ទៅកាន់​សកម្មជន​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​លោក​ជឿជាក់ថា ការតស៊ូ​របស់​យើង​នឹង​បាន​ជោគជ័យ​ថ្ងៃ​ណាមួយ​មិន​ខាន​។


​លោក​ថា ជោគជ័យ ដែល​ចង់បាន​នោះ គឺ​៖ ទី​១.​ធ្វើឲ្យ​ខ្មែរ​ទាំងអស់គ្នា​ភ្ញាក់រលឹក ដោយ​ជឿជាក់ថា សត្រូវ​របស់​យើង មិនមែន​ខ្មែរ​គ្នាឯង​ទេ​។ ឈប់​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ និង​ឈប់​ធ្វើឲ្យ​ខ្មែរ​គ្នាឯង​ឈឺចាប់​។ ទី​២.​ក្រោយ​ពី​ខ្មែរ​ភ្ញាក់រលឹក ខ្មែរ​នឹង​រួបរួមគ្នា ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយគ្នា​។ ទី​៣.​ពេល​នោះ​ហើយ ដែល​ខ្មែរ​យើង​នឹង​ទទួលបាន​សេចក្ដីសុខ​ចម្រើន​ទាំងអស់គ្នា​។​


​ជា​ការ​គួរ​កត់សម្គាល់ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សំងំ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការ​គណបក្ស​ច្រើន​ថ្ងៃ ខែ មកហើយ ដែល​ការ​សំងំ​នេះ គឺ​ដើម្បី​គេច​ចេញពី​ពាក្យបណ្ដឹង​៣​ផ្ទួនៗ​គ្នា​។ ពាក្យបណ្ដឹង​ទាំង​៣​រួមមាន​៖ ទី​១ ពាក្យ​ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ​ជាមួយ​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​, ទី​២ រង​ពាក្យបណ្ដឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហាកេរ្តិ៍​នាង​ជា​សាធារណៈ និង​ទី​៣ ជាប់ចោទ​ពី​បទ​មិន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​៕


 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត