អ្វីជាការសង្ស័យ និងការបកស្រាយជុំវិញវីដេអូដេញ​ចាប់​ឃាតករ​សម្លាប់​លោក​កែម ឡី

03-08-2016 6:36 pm 6531

​បើ​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង​២០​ថ្ងៃ​ហើយ ដែល​សំណុំរឿង​ក្តី តាម​ស្វែងរក​ជន​នៅ​ពីក្រោយ​ខ្នង នៃ​អំពើ​បាញ់សម្លាប់​លោក​កែម ឡី អ្នកវិភាគ​សង្គម ហាក់​នៅ​មិនទាន់​មាន​ពន្លឺ​។ គ្មាន​ពន្លឺ ក្នុង​សំណុំរឿង​ក្តី​ឃាតកម្ម​នេះ ត្រូវបាន​សាធារណមតិ មួយចំនួន រិះគន់ និង​ដាក់បន្ទុក​លើ​កម្លាំង​សមត្ថកិច្ច​ថា គ្មាន​សមត្ថភាព​តាម​ស្វែងរក​ឧក្រិដ្ឋជន​, ខ្លះទៀត​បាន​ប្រៀបធៀប ការបាញ់​សម្លាប់​លោក​កែម ឡី មិន​មាន​តម្លៃ ស្នើ​នឹង​កង់​របស់​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បាន​បាត់​រយៈពេល​ជាង​១០​ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​ដុតដៃ ដុតជើង តាម​ស្វែងរក​ឃើញ​។ ការប្រៀបធៀប​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ទាំងនោះ បង្ហាញ​ពី​ភាព​អស់ជំនឿ​លើ​អាជ្ញាធរ​សមត្ថកិច្ច​។​

​ភាពស្ងាត់ជ្រងំ នៃ​រឿងក្តី​នេះ ត្រូវបាន​លោក​អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​សង្គម យល់ឃើញថា អាច​បង្ក​ឲ្យ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល មាន​ការភ័យខ្លាច​, ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ តានតឹង និង​អាច​ឈាន​ដល់​ប្រទេស​ប្រេះឆា​។ ជាមួយគ្នានេះ លោក​អ៊ូ វីរៈ ចង់ឃើញ យុទ្ធនាការ ស៊ើបអង្កេត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ ក្នុង​ករណី​សម្លាប់​លោក​កែម ឡី​។​

សំឡេង

​ទន្ទឹម​នឹង​ការ​ចង់ដឹង ចង់​លឺ ពី​ការបង្ហាញ​ភស្តុតាង​បន្ថែម​ពី​សមត្ថកិច្ច ក្នុង​សំណុំរឿង​ក្តី​ឃាតកម្ម លោក​កែម ឡី ស្រាប់តែ​មាន ខ្សែ​វីដេអូ​ក្លឹប​ថ្មី​មួយ បង្ហាញ​ពី​សកម្មភាព​រត់គេចខ្លួន របស់​ដៃដល់ នៅតាម​ដងផ្លូវ ដោយ​មាន​ម៉ូតូ​ប៉ូលីស​ម្នាក់ ពាក់អាវ​ស ជិះ​ប្រកៀក តាម​ពីក្រោយ​។ តាមរយៈ​វីដេអូ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យ​ជាច្រើន ទៅលើ​កម្លាំង​សមត្ថកិច្ច ដោយ​អ្នកខ្លះ​ថា ជា​ការរៀបចំ​ផែនការ​ទុក​មុន ពី​សំណាក់​សមត្ថកិច្ច ជាមួយ​នឹង​ឃាតករ​។ ការសង្ស័យ ត្រូវបាន​គេ​ចោទប្រកាន់ ទៅលើ​ប៉ូលីស​ម្នាក់​ពាក់អាវ​ពណ៌​ស ដែល​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ជនល្មើស និង​ខ្លះទៀត បាន​វិភាគ​រៀបរាប់ ពី​ការជម្លៀស​ឃាតករ​ពិតប្រាកដ និង​ប្តូរ​ជំនួស​ដោយ​ឃាតករ​សប្ប​និម្មិត​។​

​ទាក់ទង​នឹង ការដាក់​មន្ទិលសង្ស័យ លើ​សមត្ថកិច្ច​នេះ ក៏​ត្រូវបាន​លោក​អ៊ូ វីរៈ បង្ហាញ​ពី​ការសង្ស័យ​ផងដែរ ប៉ុន្តែ​មិនមែន​មានន័យថា ប៉ូលីស​ដែល​ពាក់​អាវ​ស ជា​បក្សពួក​ជា​មួយ​ក្រុម​ឃាតករ​នោះ​ទេ​។ លោក​អ៊ូ វីរៈ អះអាងថា ការសង្ស័យ​របស់លោក គឺ​គិត​ថា ប៉ូលីស​ម្នាក់​នោះ ជា​អ្នក​ដែល​មិន​ចេះ​ធ្វើ​ការងារ ព្រោះ​បាន​ឈប់ នៅ​ពីមុខ​ជនដៃដល់​ដែល​មាន​កាំភ្លើង​នៅក្នុង​ដៃ​។ ការធ្វើ​បែប​នេះ ហាក់ដូចជា​យក​ជីវិត​មក​ប្រថុយប្រថាន ដោយ​គ្មាន​ហេតុផល​។ បើ​នៅ​ស្រុក​គេ​វិញ គេ​ហៅថា ជា​ប៉ូលី​សឡឺ​កឺបាត់​ហើយ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម ពី​លោក​កែម ឡី​...៖

សំឡេង​

​ដោយឡែក ចំពោះ​ការសង្ស័យ​ប្តូរ​ឃាតករ គឺ​ត្រូវបាន​លេង​អ្នក​ហ្វេ​សប៊ុក​វិភាគ​ត្រង់​សកម្មភាព ជនដៃដល់ ប្រុង​ឡើង​ជិះ​ម៉ូតូ​ប៉ូលីស​។ ត្រង់​ចំណុច​នេះ គេ​បាន​ផ្តោត​ការចាប់អារម្មណ៍ ទៅលើ​បុរស​ម្នាក់ ពាក់អាវ​ពណ៌​ស ដែល​ឈរ​នៅក្បែរ ម៉ូតូ​កង់​បី ក្នុងទិសដៅ​ផ្ទុយគ្នា នឹង​ជនដៃដល់​។ នៅពេល​ឃើញ​ជន​ដៃដល់ ប្រុង​នឹង​ឡើង​ជិះ​ម៉ូតូ បុសរ​ដែល​ពាក់អាវ​ស​នោះ បាន​រត់​ត្រឡប់ក្រោយ​តែម្នាក់ឯង ទៅកាន់​រថយន្ត​មួយ​គ្រឿង ហើយ​មួយសន្ទុះ​ក្រោយមក ក៏​លេចចេញ ឃាតករ​ពី​ជំ​ហៀ​ង​រថយន្ត ហើយ​រត់​បន្តទៀត​។ សកម្មភាព​នេះ គឺ​ចង់​មានន័យ​ថា ឃាតករ​ពិតប្រាកដ បាន​ជម្លៀស​ខ្លួន​ចេញ​រួច​ហើយ នៅ​ពេល​ប្រុង​ឡើង​ជិះ​ម៉ូតូ​ប៉ូលីស ហើយ​ឃាតករ​សប្ប​និម្មិត ដែល​អង្គុយ​ក្នុង​រថយន្ត បាន​ចេញ​មក​ជំនួស ដើម្បី​បន្លំ​ភ្នែក​មហាជន​។ នេះ​ជា​ការរៀបរាប់ ពី​អ្នកលេង​ហ្វេ​សប៊ុក ដែល​បាន​វិភាគ​លើ​វីដេអូ​។​

​ដោយសារ តែ​មាន​ការរិះគន់​ច្រើន មក​លើ​សមត្ថកិច្ច ពាក់អាវ​ពណ៌​ស លោក​ជួន សុវណ្ណ ស្នង ការ​នគរបាល រាជធានី​ភ្នំពេញ បាន​ចេញ​មុខ​បកស្រាយ យ៉ាង​លម្អិត ពី​ប្រវត្តិ​ការងារ​របស់​កងកម្លាំង​នគរបាល​រូបនោះ តាមរយៈ​អង្គភាព​ព័ត៌មាន​Fresh News​។​

​ក្នុង​វីដេអូ ត្រង់​សកម្មភាព មន្ត្រីនគរបាល​ម្នាក់​ជិះ​ម៉ូតូ​ធំ ពាក់​ស្លាក​លេខ​នគរបាល ពាក់អាវ​ស ពាក់មួក​សុវត្ថិភាព ចង់​ដឹក​ជម្លៀស​ឃាតក ពេល​ដេញ​ទៅ​ជិត​ដល់ ប៉ុន្តែ​កុំ​តែ​មាន​ប្រជាពលរដ្ឋ​មក​ច្រើនឡើងៗ ក៏​អនុញ្ញាត​ឲ្យ​រត់​ទៅ​មុខ​ទៀត​។ ត្រង់​សកម្មភាព​នេះ ត្រូវបាន​លោក​ជួន សុវណ្ណ បកស្រាយ​ថា ក្រោយ​កើតហេតុ​ភ្លាមៗ នៃ​ការបាញ់​សម្លាប់​លោក​កែម ឡី កម្លាំង​នគរបាល​របស់​លោក បាន​បញ្ចេញ​ប្រតិបត្តិការ ដោយ​បោះដៃ​តាម​វិទ្យុទាក់ទង​ទៅ​កងកម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ដែល​នៅ​ជិត​គោលដៅ  ត្រូវ​ចេញ​ស្ទាក់​ជាបន្ទាន់ តាម​ចាប់​ឃាតក​។
​ក្រោយ​ពេល​ប្រកាស និង​បោះដៃ​ភ្លាមៗ​នោះ មាន​នាយ​នគរបាល​ប៉ុស្តិ៍​ម្នាក់ ដែល​ពាក់អាវ​ពណ៌​ស ពាក់មួក​សុវត្ថិភាព បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​ឃាតក ហើយ​ស្រែក​ឲ្យ​ឈប់​។ ពេល​ស្រែក​នោះ ឃាតក​បាន​ប្រះ​ខ្លួន មកលើ​នាយ​នគរបាល​ប៉ុស្តិ៍​បន្តិច រួច​ក៏​រត់​ទៅ​មុខ​ទៀត​។​

​លោក​ជួន សុវណ្ណ បញ្ជាក់បន្ថែម​ថា ពេល​ឃាតក រត់​បាន​បន្តិច នគរបាល​ម្នាក់​ដែល​កាន់​កាំភ្លើង AK បាន​ភ្ជង់​ឃាតករ ហូត​ទម្លាក់​កាំភ្លើង​ចោល ហើយ​នគរបាល​ម្នាក់ទៀត ដែល​ជិះ​ម៉ូតូ បាន​ហក់​ទៅ​ធាក់​ឲ្យ​ដួល មុន​ពេល​កម្លាំង​នគរបាល​ផ្សេងទៀត បាន​បើក​ម៉ូតូ​ទៅ​កាក់​ពីមុខ រហូត​ចាប់បាន​តែ​ម្តង​។​

​ស្នងការ​រូបនេះ បាន​ចាត់ទុកថា ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន មក​លើ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ខាងលើនេះ ជា​រឿង​អយុត្តិធម៌ ខ្លាំង​ណាស់​ដល់​នគរបាល​របស់លោក ដែល​បាន​បញ្ចេញ​សកម្មភាព ប្រតិបត្តិការ​ដេញចាប់ ឃាតក​រហូត​ទាល់តែ​បាន​នេះ​។​

​យ៉ាងណាក៏ដោយ លោក​ជួន សុវណ្ណ បាន​អះអាង​ថា សម្រាប់​សកម្មភាព​បាញ់​សម្លាប់​លោក​កែម ឡី ដែល​ត្រូវបាន​ថត​ជាប់​ទាំងស្រុង​ពី Camera នៅក្នុង​ស្តារ​ម៉ា​ត នឹង​បង្ហាញ​ជា​សាធារណ​:  នៅ​ពេល​​​បើក​សវនាការ ពីព្រោះ​នៅ​ដំណាក់កាល​នេះ ស្ថិតក្រោម​ការស្រាវជ្រាវ ដូច្នេះ​សមត្ថកិច្ច​មិនទាន់​អាច​បង្ហាញ​ជូន​បានទេ​។ ជាមួយគ្នានេះ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​បុគ្គល​ណា ដែល​មាន​ភស្តុតាង ឫ Video អ្វី​ផ្សេង​ទៀត ដែល​ចាប់​ពី​សកម្មភាព នៃ​អំពើ​ឃាតកម្ម ក៏ដូចជា​តាម​ចាប់​ឃាតក​នោះ សូម​យក​ទៅ​ប្រគល់ជូន​លោក​។​

​គួររម្លឹកថា លោក​កែម ឡី អ្នកវិភាគ និង​ជា​អ្នកតាមដាន​ស្ថានការណ៍ ដ៏​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ឃាតករ បាញ់សម្លាប់ នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា ខណៈ ដែល​រូបលោក​កំពុង​អង្គុយ​ផឹក​កាហ្វេ នៅក្នុង​ស្តារ​ម៉ា​ត Caltext ស្តុប​បូកគោ​៕ ដោយៈ​សៅ វិសាល​

 

 

 ពាក្យគន្លឹះ  កែម ឡី

ព័ត៌មានផ្សេងទៀត