ប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសវៀតណាមធ្លាប់មានឥទ្ធិពលយ៉ាងខ្លាំងមកលើនយោបាយខ្មែរ បន្ទាប់ពីស្តេចខ្មែរ យកបុត្រីវៀតណាមធ្វើជាអគ្គមហេសី។ ប៉ុន្តែឥទ្ធិពលនេះ ត្រូវបានបញ្ចប់ជាបណ្តើរៗ ក្រោយពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ យ៉ាងណាក្តី បើទោះបីជាត្រូវបានបញ្ចប់ក៏ដោយ ក៏គំនិត របស់ពលរដ្ឋខ្មែរមួយចំនួន នៅតែស្អប់ប្រទេសជិតខាងកម្ពុជាមួយនេះ។ តើមានមូលហេតុអ្វីខ្លះ បានបង្កឲ្យពលរដ្ឋខ្មែរគិតយ៉ាងនេះ? ជាបន្តសួមស្តាប់បទវិភាគដោយ គួន សំបូរ៖
គំនិតស្អប់វៀតណាមរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ន បើទោះបីជាប្រទេសជិតខាងកម្ពុជាមួយនេះ បានឈប់ត្រួតត្រាមកលើកម្ពុជាជាង២០ ឆ្នាំហើយក្តី។ ជាការកត់សម្គាល់ រឿងរ៉ាវទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងប្រទេសវៀតណាម គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ។
ពលរដ្ឋខ្មែរខ្លះទៀតបានចំអកដាក់វៀតណាមថា ជាសត្វក្រពើដែលភ្លេចគុណកម្ពុជា ពីព្រោះកម្ពុជាធ្លាប់ជួយឲ្យវៀតណាមបានបង្រួបបង្រួមជាប្រទេសតែមួយនៅក្នុងទស្សវត្សឆ្នាំ១៩៧០។ ខ្លះទៀតហៅវៀតណាមថា ចោរលួចទឹកដីកម្ពុជាជាដើម។បន្ថែមពីនេះចំពោះនយោបាយនៅកម្ពុជាវិញឲ្យតែគណបក្សណាមានគោលនយោបាយប្រឆាំងនឹងវៀតណាមគឺមានការគាំទ្រច្រើនពីពលរដ្ឋខ្មែរ ហើយចំពោះអ្នកនយោបាយខ្មែរណា ដែលប៉ិនប្រសប់ វាយប្រហារគូប្រកួតដោយលាបពណ៌ជាកូនអុកវៀតណាមទៀតនោះ ត្រូវបានគេឲ្យឈ្មោះថា ជាអ្នកស្នេហាជាតិ។
មានមូលហេតុមួយចំនួនដែលធ្វើឲ្យពលរដ្ឋខ្មែរស្អប់វៀតណាមយ៉ាងនេះ គឺទី១ វៀតណាមបានយកទឹកដីកម្ពុជាអស់២២ខេត្ត ក្នុងនោះក៏មានកោះត្រល់ផងដែរ ហើយគំនិតរបស់ថ្នាក់ដឹកនាំវៀតណាមវិញ គឺមានបំណងចង់បានទឹកដីកម្ពុជាដែលគេហៅថា «ដំណើរឆ្ពោះទៅទិសខាងលិច»។ ទី២ វៀតណាម ជាប្រទេសដែលធ្លាប់ជិះជាន់មកលើកម្ពុជាទាំងនយោបាយខាងក្នុង និងខាងក្រៅប្រទេស។ ប្រទេសវៀតណាម ធ្លាប់ធ្វើជាអាណាព្យាបាលកម្ពុជា ចាប់ពីចុងសតវត្សទី ១៧។ កម្ពុជា ក្រោមអាណាព្យាបាលវៀតណាម ធ្វើឲ្យប្រទេសវៀតណាម កេងចំណេញមកលើកម្ពុជា ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋខ្មែរ ត្រូវបានប្រទេសនេះជិះជាន់ និងសម្លាប់ដោយប្រើប្រាស់ល្បិចជាច្រើន ដើម្បីលេបយកទឹកដីកម្ពុជា។ មួយវិញទៀត ប្រទេសវៀតណាម ធ្លាប់យកកម្ពុជាធ្វើជាកូនអុកក្នុងការដណ្ដើមអំណាចគ្នាជាមួយប្រទេសថៃ និងមានរឿងរ៉ាវជាច្រើនទៀត។
ប្រវត្តិសាស្ត្រទាំងអស់នេះហើយ នៅតែបន្តលងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែស្អប់វៀតណាម និង មានការរើសអើងពូជសាសន៍លើជនជាតិវៀតណាម។ គំនិតជាតិនិយមរបស់ប្រជាពលរដ្ឋខ្មែរនេះ គឺជារឿងមួយដែលយើងទាំងអស់គ្នាគួរតែលើកទឹកចិត្ត។ ប៉ុន្តែបើគំនិតជាតិនិយមនេះ វាមានលក្ខណៈជ្រុលហួសហេតុពេក ដែលមិនគិតរកដំណោះស្រាយ វាក៏អាចធ្វើកម្ពុជាខ្លួនឯងដើរជាន់ប្រវត្តិសាស្ត្រវិញផងដែរ។
យើងនៅចាំបានថា នៅពេលដែលប្រទេសវៀតណាម យកទឹកដីកម្ពុជា និងរំលោភមកលើដែនអធិបតេយ្យកម្ពុជា គឺស្របពេលដែលកម្ពុជាកំពុងមានជម្លោះផ្ទៃក្នុងខ្លួនឯង។ សតវត្សទី១៥ ដល់ ទី១៩ គឺជាសម័យកាលនៃការធ្លាក់ចុះ និង បាត់បង់ទឹកដីជាបន្តបន្ទាប់របស់កម្ពុជា ដោយសារតែស្តេចខ្មែរឈ្លោះគ្នាដើម្បីដណ្តើមរាជបល្ល័ង្ក។ កម្ពុជាបានក្លាយជាកូនអុកមួយ ក្នុងការដណ្ដើមអំណាចគ្នា រវាងប្រទេសជិតខាងពីរ គឺ ថៃ និង វៀតណាម។ ការតាំងទីលំនៅរបស់វៀតណាមនៅលើតំបន់ ដីសណ្ដទន្លេមេគង្គ ឬហៅម្យ៉ាងថា ដីកម្ពុជាក្រោយ ត្រូវបានវៀតណាម កាន់កាប់ នៅចុងសតវត្សទី ១៧ ។ នេះជាប្រវត្តិសាស្ត្រខ្លះៗរបស់កម្ពុជានាពេលដែល ប្រទេសវៀតណាមបានរំលោភយកដី។
ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ពលរដ្ឋខ្មែរគួរគប្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីឫសគល់របស់វា ហើយយើងត្រូវតែសួរខ្លួនឯងថា តើមានមូលហេតុអ្វីបានជាវៀតណាមអាចយកដីកម្ពុជា និងអាចគ្រប់គ្រងកម្ពុជាបាន។ ពលរដ្ឋខ្មែរ ត្រូវតែយកគំនិតស្អប់វៀតណាមមកជាការអភិវឌ្ឃនខ្លួន ដើម្បីតទល់ជាមួយវៀតណាម ហើយយកប្រវត្តិសាស្ត្រជាមេរៀន។ កម្ពុជាមិនអាចលើកទឹកដីឲ្យចេញឆ្ងាយពី វៀតណាមបានទេ ដូច្នេះកម្ពុជាត្រូវការមានព្រំដែនមួយដោយជាក់លាក់ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ ចំណុចមួយទៀតគ្មានប្រទេសណាមួយ ដែលអាចរស់នៅក្នុងស្ថានភាពឯកោ រឺយកប្រទេសជិតខាងខ្លួន មកធ្វើជាសត្រូវស៊ីសាច់ហុតឈាមនោះទេ ទាំងកម្ពុជា និងវៀតណាម បានក្លាយជាបងប្អូន ក្នុងត្រកូលអាស៊ាន ដូច្នេះចង់មិនចង់ គំនិតជាតិនិយម ងប់ងល់ មិនបាននាំឲ្យមានការអភិវឌ្ឍន៍សម្រាប់កម្ពុជានោះទេ។
ជាឧទាហរណ៍ នៅពេលមានបញ្ហាកើតឡើង នៅលើជនជាតិវៀតណាមនៅកម្ពុជា មិនត្រូវបានយកចិត្តទុកដាក់ ការចោទប្រកាន់លើជនជាតិវៀតណាម ពាក់ពន្ធ័នឹងអំពើរចោរកម្ម ឧក្រិដ្ឋកម្ម តាមរយៈការវាយតម្លៃជាតិសាសន៍និយម។ និន្នាការនេះពុំមែនជារឿងល្អសម្រាប់កម្ពុជា និងអាចត្រូវប្រទេសដ៏ទៃមើលមកក្នុងរូបភាពមិនល្អផងដែរ។
ចំណែកអ្នកនយោបាយខ្មែរវិញ ត្រូវតែបញ្ចប់ការធ្វើនយោបាយលាប់ពណ៌គ្នា និងនយោបាយចាស់គំរឹល ក្នុងចេតនាដើម្បីតែអំណាចតែក្រុមគ្រួសារ និងបក្សពួករបស់ខ្លួន។ ម្ប៉ាងវិញទៀត នយោបាយខ្មែរ ត្រូវតែបញ្ចប់នូវសារនយោបាយណា ដែលធ្វើឲ្យសង្គមខ្មែរបែកបាក់គ្នា និងមានចលាចល។
ដោយឡែក រាជរដ្ឋាភិបាលវិញ ត្រូវតែបំពេញការងាររបស់ខ្លួនដោយគោរពតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាឲ្យបានពេញលេញ ទទួលបាននូវភាពជឿទុកចិត្តពីប្រជាពលរដ្ឋ។ រដ្ឋាភិបាលត្រូវតែមានគោលនយោបាយសាធារណៈប្រកបដោយទស្សនៈវិស័យ ដើម្បីអភិវឌ្ឃនប្រទេសឲ្យភាពរឹងមាំ។ ជាការពិតណាស់ កម្ពុជាសព្វថ្ងៃចាំបាច់ គឺត្រូវការពង្រឹកសេដ្ឋកិច្ចឲ្យកាន់តែខ្លាំង ដើម្បីតតាំងជាមួយប្រទេស ដែលធ្លាប់ជិះជាន់កម្ពុជា។ កម្ពុជាត្រូវការនយោបាយការបរទេសមួយដ៏មានភាពវៃឆ្លាត ដើម្បីអភិវឌ្ឃនប្រទេស៕
(ដោយ៖គួន សំបូរ)