គណបក្ស​មូលដ្ឋាន​៖បើទោះជា​លោកកែម ឡី​ បិតាស្ថាបនិក​ទៅបាត់ក្តី​ តែអ្នកនៅរស់​បន្តខិតខំ​ឲ្យ​រឹងមាំ​

02-08-2016 4:28 pm 3168

គណបក្សប្រជាធិបតេយ្យ​មូល​ដ្ឋាន បានចាត់ទុកលោកកែម ឡី ជាបិតាស្ថាបនិក ដោយបញ្ជាក់ថា​ កាល​ណា​គេ​នឹក​ដល់ការ​បង្កើតគណបក្សប្រជាធិប​តេយ្យ​​មូល​ដ្ឋាន​ គេ​នឹក​ដល់ការចូលរួមសម្របសម្រួល ពិ​គ្រោះ​​យោបល់ ការ​បង្កើតបណ្តាញខ្មែរដើម្បីខ្មែរ របស់លោកកែម ឡី។​លោកយ៉ង សាំងកុមារ ជាសមា​ជិក​ស្ថាបនិកគណ​បក្សប្រជាធិប​តេយ្យ​​មូល​ដ្ឋាន បានលើក​ឡើង​ថា ឥឡូវ​នេះបិតាស្ថាបនិក បានលាចាក​លោក​ទៅបាត់ហើយ តែនៅសល់​មា​តា និងកូន។ដូច្នេះ​មាតា និង​កូន​នឹង​បន្តខិតខំ​កសាង​គណបក្ស​មួយ​នេះ ឲ្យកាន់តែរឹង​មាំ​តទៅ​មុខទៀត។

 

នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ ២០១៦ នេះជាខួប​១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្សប្រជាធិបតេយ្យ​មូល​ដ្ឋាន​ ដែល​បាន​រៀបចំធ្វើឡើងនៅ​ទីស្នាក់ការកណ្ដាល របស់ខ្លួន នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ថ្លែង​នៅចំពោះមុខសមាជិកជំហររាប់រយនាក់ ថ្នាក់ដឹកនាំគណបក្សនេះ បានលើក​យកវីរភាពរបស់លោក​កែម ឡី ផ្សារភ្ជាប់នូវរាល់សកម្មភាពរបស់គណបក្សប្រជាធិបតេយ្យ​មូល​​ដ្ឋាន​តាំងពីដំបូងរហូតមក សុទ្ឋ​តែមានការចូលរួមពីលោកជាដរាប ។គណបក្សនេះបាន​ចាត់​ទុកលោកជាបិតាស្ថាបនិក​គណបក្សប្រជា​ធិប​​តេយ្យ​​មូល​ដ្ឋាន​។

 

លោកយ៉េង វីរៈប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា កាលណាគេ​នឹក​ដល់ការ​បង្កើតគណបក្សប្រជាធិប​តេយ្យ​​មូល​ដ្ឋាន​ គេនឹកដល់ការចូលរួមសម្របសម្រួល ពិ​គ្រោះ​យោបល់ ការ​បង្កើតបណ្តាញខ្មែរដើម្បីខ្មែរ របស់លោកកែម ឡី និងឈាន​ដល់ការបង្កើត​គណបក្សប្រជាធិប​តេយ្យ​​មូល​ដ្ឋាន។លោកថា គោលគំនិតទាំងឡាយទាំងពួង ទាំងឈ្មោះ​គណ​បក្ស ទាំងស្លាកសញ្ញា សុទ្ឋតែមាន​ការចូលរួមពីលោកកែម ឡីទាំង​អស់………….​

 

សំឡេងលោកយ៉េង វីរៈ៖

 

លោកយេង វីរៈបានប្តេជ្ញាថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងបន្តដើរតាមមាគ៌ានៃបិតា​ស្ថាបនិក​ខ្លួន បើទោះជា​ពេល​នេះ​លែងមានវត្តមានរបស់លោកទៀតក៏ដោយ។លោកយេង វីរៈ​បន្តថា យើង​ជូត​ទឹក​ភ្នែកនិង​តាំង​ចិត្តកាន់តែរឹងមាំ បន្តដំណើរទៅមុខ ដោយក្តីជឿជាក់ ដើម្បី​បុព្វ​ហេតុមួយ​នៃការបង្កើត​គណ​បក្សប្រជាធិប​តេយ្យ​​មូល​ដ្ឋាន ដែលលោកកែម ឡី និងស្ថាប​និក​ទាំងអស់ចង់បាន នោះគឺ​គណបក្ស​មួយ​ ដែលអនុវត្តប្រជាធិបតេយ្យ​ផ្ទៃក្នុងបក្សពី​ក្រោម​មក​លើ។

 

ដោយឡែកលោកយ៉ង សាំងកុមារ ជាសមាជិកស្ថាបនិកគណ​បក្សប្រជាធិប​តេយ្យ​​មូល​ដ្ឋាន បានលើក​ឡើង​ថា ឥឡូវនេះបិតាស្ថាបនិក បានលាចាកលោកទៅបាត់ហើយ តែនៅសល់​មា​តា និងកូន។ដូច្នេះ​មាតា និងកូននឹងបន្តខិតខំកសាងគណបក្សមួយនេះ ឲ្យកាន់តែរឹង​មាំ​តទៅ​មុខទៀត។លោកយ៉ង សាំង​កុមារ ក៏បាននិយាយបែបចំអកដល់លោកសម រង្ស៊ីថា សូមអរ គុណដល់លោកសម រង្ស៊ី ដែលចាត់ទុក​លោកកែម ឡីជាវីរបុរស ប៉ុន្តែលោកសម រង្ស៊ី គួរ សុំ ទោសសពលោកកែម ឡីជាមុនសិន ព្រោះពីមុន​លោក​សម រង្ស៊ីចោទប្រកាន់លោកកែម ឡី យ៉ាងនេះយ៉ាងនោះ គ្រប់បែបយ៉ាង។លោកយ៉ង សាំងកុមារ​សូមឲ្យខ្មែរទាំងអស់ បញ្ចប់ នយោ បាយលាបពណ៌បែបនេះ។លោកថានយោបាយលាបពណ៌ធ្វើ​ឲ្យខ្មែរ​រង​គ្រោះ​ច្រើនណាស់។ស្លាប់លោកកែម ឡីម្នាក់ហើយចង់ស្លាប់ប៉ុន្មាននាក់ទៀត……………………

 

សំឡេងលោកយ៉ង សាំងកុមារ៖

 

ប៉ុន្តែយ៉ាងណាលោក​យ៉ង សាំង​កុមារ​បាន​លើកឡើង​ថា លោក​កែម ​ឡី​បាន​ទទួល​យុត្តិធម៌​មួយ​រួចហើយ​ គឺ​អ្នក ដែលលាប​ពណ៌​គាត់ បានចាត់ទុក​គាត់​ជា​វីរបុរស តែ​នៅ​​​យុត្តិធម៌​ទី​២​ ដែល​​កែម ​ឡី​មិនទាន់​ទទួលបាន​គឺ​ អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការសម្លាប់​រូប​គាត់​​៕

 

ដោយ៖ខាត់ សុធី

 

 

 

ព័ត៌មានផ្សេងទៀត