ក្រុម​​សកម្មប្រយុទ្ធ​​រដ្ឋ​អ៊ីស្លាម​​​ផ្ញើសារ​តាមវីដេអូ​គំរាម​​វាយប្រហារ​​នៅ​រុស្ស៊ី​

01-08-2016 9:03 am 1112

​សារ​បង្ហោះ​នៅក្នុង​វីដេអូ​មាន​រយៈពេល​៩​នាទី ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ឲ្យ​សមាជិក​របស់​គេ​នៅក្នុង​ប្រទេស​រុស្ស៊ី ចាប់ផ្ដើម​ធ្វើ​សកម្មភាព​។​នៅ​ក្នុង​វីដេអូ​នោះ បុរស​ពាក់​របាំងមុខ​ម្នាក់​និយាយថា “​ស្ដាប់​សម្ដី​លោកពូ​ទីន យើង​នឹង​ទៅ​រុស្ស៊ី​ហើយ​សម្លាប់​អ្នក​ឯង​នៅក្នុង​ផ្ទះ​តែ​ម្ដង​។​បងប្អូន​ទាំងអស់​គ្នា ចាប់ផ្ដើម​ធ្វើ​សកម្មភាព​របស់​យើង​ទៅ ដោយ​ត្រូវ​សម្លាប់​និង​ប្រយុទ្ធ​ជាមួយ​ពួកគេ​។​”


​វីដេអូ​រយៈពេល​៩​នាទី​មាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ ដ្បិត​ភា្ល​មៗ​មិនទាន់​មាន​ការបញ្ជាក់​ច្បាស់លាស់​ថា​ជា​ការពិតឬ​យ៉ាងណា ប៉ុន្ដែ​វា​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​តេ​ឡេ​ក្រាម​(Telegram) ដែល​ក្រុម​សកម្មប្រយុទ្ធ​ធ្លាប់បាន​ប្រើ​។​ចំពោះ​មូលហេតុ​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ចង់​យក​រុស្ស៊ី​ធ្វើ​ជា​គោលដៅ​វាយប្រហារ ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ ប៉ុន្ដែ​រុស្ស៊ី​និង​អាមេរិក​បាន​នឹង​កំពុង​ជជែក​គ្នា​ពី​ការបង្កើន​កិច្ចសហប្រតិបត្ដិការ​យោធា​និង​ចារកម្ម​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​អាល់​កៃ​ដា​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​នេះ​ជា​មូលហេតុ​ដែល​គេ​សន្និដ្ឋាន​ថា​ធ្វើឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម ប្រកាស​ឲ្យ​អ្នកគាំទ្រ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នៅ​តាម​ប្រទេស​គោលដៅ ដែល​បាន​ទៅ​បំផ្លាញ​ពួកគេ​។​


​សូមបញ្ជាក់​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ការវាយប្រហារ​ជាច្រើន​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​ទទួលខុសត្រូវ​។​ជាក់ស្ដែង​មាន​ការវាយប្រហារ​នៅ​ប្រទេស​បារាំង នៅ​អាល្លឺម៉ង់ នៅ​បែលហ្ស៊ិក​ជាដើម​។​ដោយឡែក​នៅក្នុង​ប្រទេស​រុស្ស៊ី ក្រុម​រដ្ឋ​អ៊ីស្លាម​មិន​ធ្លាប់​ធ្វើ​សកម្មភាព​ទេ។​នេះ​ជា​លើក​ទី​មួយ​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម ប្រកាស​វាយប្រហារ​នៅ​រុស្ស៊ី​៕

ព័ត៌មានផ្សេងទៀត