លោកកឹម សុខា​៖ពេល​គណបក្សសង្គ្រោះជាតិ​ដឹកនាំ​ប្រទេស​ត្រូវតែកែទម្រង់​ស្ថាប័នជាតិ​ទាំង​៣​ឲ្យ​មាន​​តុល្យ​ភាព​​អំណាច​

31-07-2016 4:19 pm 7187

ថ្លែងទៅកាន់សិក្ខាកាម ក្នុងកម្មវិធី បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទាំង ១៩៧ ក្រុង-ស្រុក-ខណ្ឌ ក្រុម​ទី២ វគ្គទី២ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ព្រឹកថ្ងៃទី៣១ កក្កដា នេះ លោកកឹម សុខា​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ ដែលសំងំតែនៅក្នុងទី​ស្នាក់ការ​ជាង​ពីរ​ខែ​មក​ហើយនោះ បាន​បញ្ចេ​ញ​​សារនយោបាយថ្មីមួយទៀត សម្រាប់​គណបក្សលោក ពេលឈ្នះឆ្នោត គឺត្រូវតែ​ធ្វើ​ការកែទម្រង់ ស្ថាប័ន​ជាតិទាំង៣ គឺស្ថាប័ននីតិបញ្ញត្ដិ ស្ថាប័ន​​នីតិប្រតិបត្ដិ និងស្ថាប័ន​តុលា​ការ ដើម្បី​ឲ្យ​មានតុល្យ​ភាព​អំណាច។

 

លោកកឹម សុខា យល់ឃើញថា ប្រទេសជាតិណាក៏ដោយ ដែលមានស្ថាប័នជាតិរឹងមាំ មិនអាស្រ័យ​តែ​លើ​បុគ្គលមេដឹកនាំម្នាក់ ឬ មួយក្រុមនោះទេ ។លោកថា ជាការចាំបាច់ណាស់​សម្រាប់ប្រទេសកម្ពុជា​ដែល​ត្រូវតែធ្វើការកែទម្រង់ ស្ថាប័នជាតិទាំង៣នេះ។លោកបន្តថា ប្រទេសណា ដែលស្ថាប័នជាតិទាំងបី រឹងមាំ ​ប្រទេសនោះតែងតែមាន យុត្ដិធម៌ សន្ដិភាព និង ការរីកចម្រើនប្រកបទៅដោយចីរភាព ទោះបី​ជា​មាន​​ការផ្លាស់ប្ដូរអ្នកដឹកនាំប្រទេសក៏ដោយ។

 

ក្នុងនាមគណបក្សប្រឆាំងដ៏ធំ និងមានសុទិដ្ឋិនិយមថា អាចនឹងឈ្នះឆ្នោតនៅអាណត្តិទី៦ខាងមុខ លោក​​កឹម​ សុខា បានប្តេជ្ញាថា គណបក្សសង្គ្រោះជាតិ នឹងដឹកនាំប្រទេស ប្ដេជ្ញាធ្វើការកែ​ទម្រង់​ស្ថាប័ន​ជាតិ​ខាង​លើនេះ ដើម្បីឲ្យអ្នកដឹកនាំជំនាន់ក្រោយ ដឹកនាំតាមប្រព័ន្ធប្រជាធិបតេយ្យ ជាដាច់ខាត។ លោក​លើក​ឡើងថា ការដឹកនាំ​បែបនេះ ធ្វើឲ្យប្រទេសជាតិយើងចាកផុតអំពី អស្ថិរភាពសង្គម ដូចដែល​បាន​កើត​​ឡើង កន្លងមកមិនចេះអស់ មិនចេះហើយនោះ ៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត