ការឃោសនារកសំឡេងគាំទ្រកន្លងមក របស់បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន និងបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ គឺដើម្បីចង់បានការគាំទ្រឲ្យតែងតាំងអ្នកទាំងពីរជាបេក្ខជនប្រធានាធិបតីតំណាងបក្ស។ការចង់បានបែបនេះ គឺថាបើសិនត្រូវតែងតាំងផ្លូវការជាបេក្ខជនតំណាងបក្សហើយ បានន័យថាទាំងលោកស្រី ហ៊ីលឡារី គ្លីនតុននិងលោកដូណាល់ ត្រាំ មានសង្ឃឹមដូចគ្នាអាចគ្រងតំណែងប្រធានាធិបតីអាមេរិកជំនួសលោកបារ៉ាក់ អូបាម៉ា ដែលជិតផុតអាណត្ដិទៅហើយនោះ។
អ្វីដែលលោកស្រីគ្លីនតុននិងលោកត្រាំប្រាថ្នាចង់បាន ពិតជាសម្រេចដូចបំណងមែន។ទីបំផុតលោកស្រីគ្លីនតុនត្រូវទទួលការតែងតាំងជាផ្លូវការ ហើយលោកត្រាំក៏ទទួលការតែងតាំងជាផ្លូវការដូចគ្នា ជាបេក្ខជនប្រធានាធិបតីតំណាងបក្ស ព្រោះបុរសនិងស្ដ្រីខ្លាំងទាំងពីររូបបានយកឈ្នះលើបេក្ខជនដទៃទៀតក្នុងបក្សរៀងៗខ្លួន។នៅពេលនេះ រង់ចាំតែការបោះឆ្នោតនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៦ប៉ុណ្ណោះ ជាការបោះឆ្នោតសម្រេចជោគវាសនាអ្នកទាំងពីរ។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅតាមរដ្ឋនីមួយៗរបស់អាមេរិក ដើម្បីទទួលបានការគាំទ្រក្នុងបក្ស បេក្ខជនទាំងពីរលើកឡើងពីគោលនយោបាយ យុទ្ធសាស្ដ្រ និងផែនការផ្សេងៗគ្នា។យុទ្ធសាស្ដ្រ គោលនយោបាយ និងផែនការមួយចំនួនដ្បិតខុសគ្នាក៏ពិតមែន ប៉ុន្ដែទាំងលោកស្រីគ្លីនតុន និងលោកដូណាល់ ត្រាំសុទ្ធតែមានទិសដៅចង់ដឹកនាំអាមេរិកទៅរកភាពរីកចម្រើន មានសុខសន្ដិភាពដូចគ្នា។
ការរិះគន់ ការបង្អាប់បន្ទោស ការវាយប្រហារគ្នាដោយពាក្យសម្ដីបានផ្ទុះឡើងយ៉ាងសម្បើម។លោកស្រីគ្លីនតុនថាលោកត្រាំគ្មានសមត្ថភាពធ្វើជាប្រធានាធិបតី ព្រោះគ្មានបទពិសោធន៍គ្រប់គ្រាន់។ដោយឡែកលោកត្រាំថា លោកស្រីគ្លីនតុនមិនសមជាប្រធានាធិបតី ព្រោះមិនអាចជួយអ្វីដល់ប្រជាជនអាមេរិកបាន ខុសពីលោកដែលមានចំណេះដឹងខ្ពស់ផ្នែកសេដ្ឋកិច្ច អាចធ្វើឲ្យប្រជាជនអាមេរិកទទួលបានការងារល្អ និងធ្វើឲ្យអាមេរិករីកចម្រើនកាន់តែខ្លាំងផ្នែកសេដ្ឋកិច្ច។បេក្ខជនប្រធានាធិបតីទាំងពីររូប វាយប្រហារគ្នាដោយមិនសំចៃមាត់ឡើយ ធ្វើយ៉ាងណាឲ្យតែទទួលបានប្រជាប្រិយភាព និងទទួលបានការតែងតាំងឲ្យទៅប្រជែងយកតំណែងប្រធានាធិបតីថ្មីអាមេរិក។
ការប្រកួតប្រជែងក្នុងពេលឃោសនារកសំឡេងគាំទ្រក្នុងបក្សម្ខាងៗក៏បានបញ្ចប់ទៅហើយ ប៉ុន្ដែនៅសល់ពេលវេលាចុងក្រោយដ៏សំខាន់ គឺការប្រជែងគ្នាដោយផ្ទាល់ដើម្បីគ្រប់គ្រងសេតវិមាន។ហេតុនេះទាំងលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ ត្រូវឃោសនារកសំឡេងគាំទ្រម្ដងទៀត ហើយការវាយប្រហារដោយពាក្យសម្ដីក៏ត្រូវកើតឡើងម្ដងទៀតដែរ។
បើនិយាយពីសន្ទុះនៃការគាំទ្រមានប្រហាក់ប្រហែលគ្នា ហើយវិធីសាស្ដ្រទាញយកប្រជាប្រិយភាពក៏មិនខុសពីយុទ្ធនាការពីមុនដែរ ដោយបានបន្ទោសគ្នាទៅវិញទៅមក និងថាគោលនយោបាយដៃគូប្រកួតសុទ្ធតែមិនល្អ អាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ។ការសន្យាវិញគឺសន្យាមិនចេះចប់ ប្ដេជ្ញាមិនចេះនឿយហត់ ឲ្យតែខ្លួនឯងស្ថិតក្នុងបេះដូងប្រជាជនអាមេរិក ហើយទទួលការឆ្លើយតបមកវិញតាមរយៈសន្លឹកឆ្នោតមួយសន្លឹកពីប្រជាជនម្នាក់ ជាសន្លឹកឆ្នោតគាំទ្រមិនមែនប្រឆាំង។
លោកស្រីគ្លីនតុនក៏ខ្លាំង លោកដូណាល់ ត្រាំក៏មិនអន់ តើទីបំផុតនរណាអាចគ្រងតំណែងប្រធានាធិបតីទី៤៥របស់អាមេរិកបាន បន្ទាប់ពីលោកអូបាម៉ាផុតអាណត្ដិ?តើនរណាជាតួឯកពិតប្រាកដក្នុងបេះដូងប្រជាជនអាមេរិក?លទ្ធផលមិនអាចប៉ាន់ស្មានដឹង មានតែរង់ចាំមើលការបោះឆ្នោតថ្ងៃទី០៨វិច្ឆិកាខាងមុខបិទបញ្ចប់សិន។ប៉ុន្ដែច្បាស់ណាស់ថា បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូប ពិតជាប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទាក់ទាញទឹកចិត្ដអ្នកគាំទ្រ ដែលខំតស៊ូគាំទ្រតាំងពីការប្រជែងក្នុងបក្ស រហូតដល់ការប្រជែងជាសាកលក្នុងសហរដ្ឋអាមេរិក៕