ថ្លែងក្រោយពេលលោកស្រីហ៊ីលឡារី គ្លីនតុន បានទទួលការតែងតាំងជាផ្លូវការក្នុងបក្សប្រជាធិបតេយ្យ ជាបេក្ខជនប្រធានាធិបតីចូលប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ាជាប្រធានាធិបតីអាមេរិកជិតផុតអាណត្ដិថា គ្មាននរណាមានសមត្ថភាពជាងលោកស្រីគ្លីនតុនឡើយ។លោកនៅតែគាំទ្រលោកស្រីគ្លីនតុន ធ្វើជាប្រធានាធិបតីបន្ទាប់ពីលោកផុតអាណត្ដិ។
ពេលធ្វើសុន្ទរកថាទៅកាន់សមាជិកបក្សប្រជាធិបតេយ្យក្នុងក្រុងPhiladelphia លោកបារ៉ាក់ អូបាម៉ាឲ្យដឹងទៀតថា គ្មានស្ដ្រីណា ឬបុរសណាមានសមត្ថភាពជាងលោកស្រីគ្លីនតុនឡើយ ដើម្បីគ្រងតំណែងប្រធានាធិបតីអាមេរិក។លោកសង្កត់ធ្ងន់ថា លុះត្រាតែអ្នកឯងអង្គុយនៅតុធ្វើការ បើមិនអ៊ីចឹងទេអ្នកប្រាកដជាមិនដឹងឡើយថាត្រូវធ្វើអ្វី ត្រូវគ្រប់គ្រងវិបត្ដិក្នុងពិភពលោកយ៉ាងម៉េច ឬក៏ចង់ឲ្យអ្នកជំនាន់ក្រោយជួបសង្គ្រាម?ប៉ុន្ដែសម្រាប់លោកស្រីគ្លីនតុនធ្លាប់ធ្វើកិច្ចការនេះ ហើយលោកស្រីក៏ធ្លាប់ជាផ្នែកមួយនៃការសម្រេចចិត្ដលើបញ្ហាដែលបានជួបប្រទះជាច្រើនមកដែរ។
ការលើកឡើងរបស់លោកអូបាម៉ា ចង់សម្ដៅគ្រាដែលលោកស្រីគ្លីនតុននៅជារដ្ឋមន្ដ្រីការបរទេសអាមេរិក កាលណោះលោកស្រីបានស្ថិតនៅជួរមុខ ដោះស្រាយបញ្ហាជាមួយនឹងភាពវ័យឆ្លាត ការវិនិច្ឆ័យត្រឹមត្រូវ និងវិន័យដ៏ល្អរបស់លោកស្រី។ដូច្នេះវាជាផ្នែកមួយដែលលោកអូបាម៉ាគាំទ្រលោកស្រីគ្លីនតុន។
ដោយឡែកសម្រាប់លោកដូណាល់ ត្រាំ ដែលទើបតែជាប់ការតែងតាំងផ្លូវការជាបេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋ លោកអូបាម៉ាមិនពេញចិត្ដហើយក៏មិនគាំទ្រឲ្យធ្វើជាប្រធានាធិបតីអាមេរិកដែរ។លោកអូបាម៉ាបានរិះគន់លើគោលនយោបាយមួយចំនួនរបស់លោកដូណាល់ ត្រាំ មានគោលនយោបាយទាក់ទងនឹងជនអន្ដោប្រវេសន៍ជាដើម ហើយលោកបារម្ភខ្លាចអាមេរិកត្រូវជួបគ្រោះថ្នាក់ នៅពេលលោកត្រាំជាប់ជាប្រធានាធិបតី។
យ៉ាងណាក៏ដោយ អ្វីៗមិនអាចដឹងមុនបានឡើយ ត្រូវរង់ចាំការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខបិទបញ្ចប់សិន។ទាំងលោកស្រីគ្លីនតុននិងលោកត្រាំសុទ្ធតែមានសំឡេងគាំទ្រដូចគ្នា ពិបាកសន្និដ្ឋានណាស់ថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិកឲ្យពិតប្រាកដ។ហេតុនេះមានតែរង់ចាំមើលទាំងអស់គ្នា៕