លោក​សម រង្ស៊ី​៖ អ្នក​បិទបាំង​លើ​ការស៊ើបអង្កេត​រក​ឃាតករ​ពិត អ្នក​នោះ​អាច​ជាប់​ពាក់ព័ន្ធ​

28-07-2016 3:30 pm 15617

​តាមរយៈ​ការ​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​VOA នា​ថ្ងៃ​ទី​២៨ កក្កដា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន នៅ​ប្រទេស​អាមេរិក បាន​ថ្លែងថា ជា​ការកត់សម្គាល់ រូប​លោក​តែងតែ​សង្កេតឃើញថា រាល់​ពេល​កើតមាន​អំពើ​ភេរវកម្ម​ម្តងៗ ឃាតករ​ពិត និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង មិន​ត្រូវបាន​ចាប់ខ្លួន ឬ​វែកមុខ​ឲ្យបាន​ច្បាស់​នោះ​ទេ​។ ជាក់ស្តែង​ដូចជា ករណី​គប់​គ្រាប់បែក នៅ​មុខ​រដ្ឋសភា​ចាស់ កាលពី​ឆ្នាំ​១៩៩៧ ការបាញ់​សម្លាប់​លោក​ជា វិជ្ជា រួម​នឹង​មេដឹកនាំ​សហជីព​២​រូប​ផ្សេងទៀត​, ករណី​បាញ់សម្លាប់ សកម្មជន​ព្រៃឈើ លោក​ឈុត វុទ្ធី និង​ករណី​បាញ់សម្លាប់ លោក​កែម ឡី​ជាដើម​។ លោក​សម រង្ស៊ី បន្តថា ប្រសិនបើ​សមត្ថកិច្ច​ប្រើ​បច្ចេកទេស ស៊ើបអង្កេត​ត្រឹមត្រូវ ច្បាស់​ជា​រកឃើញ​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ តាំងពី​យូរយារ​ណាស់​មក​។ មានន័យ​ថា អ្នក​ដែល​មាន​អំណាច ជួយ​បិទបាំង​ការពិត ហើយ​អ្នក​ដែល​ទទួល​ផលប្រយោជន៍ ពី​ការបិទបាំង​នេះ ច្បាស់​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទាំងអស់នោះ​ហើយ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម ពី​លោក​សម រង្ស៊ី​។

សំឡេង

​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​លើកឡើង​ថា ជាទូទៅ​ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេស យល់​ឃើញ​ដូច​អ្វី ដែល​លោក​សម រង្ស៊ី បានលើកឡើង ព្រោះ​កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច ហាក់​មិន​ផ្តល់​នូវ​យុត្តិធម៌​ណាមួយ តាមរយៈ​ការស៊ើបអង្កេត ស្វែងរក​ឃាតករ​។ ដោយឡែក នាពេល​បច្ចុប្បន្ន​នេះ ករណី​បាញ់សម្លាប់​លោក​កែម ឡី ក៏​មិន​ឃើញ​មាន​ការស្រាវជ្រាវ ស៊ើបអង្កេត ជា​ដំុំកំភួន​នោះដែរ​។​

សំឡេង​

​យ៉ាងណាមិញ​សម្រាប់ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់​លោក​សម រង្ស៊ី ដោយ​បាន​អះអាង​ថា មាន​លក្ខណៈ​នយោបាយ​។ លោក​ផៃ ស៊ីផា​ន បន្តថា ការដែល​អាជ្ញាធរ មិនទាន់​វែកមុខ​ឃាតករ​ឃើញ​នោះ ព្រោះ​មាន​ករណីខ្លះ ជា​រឿង​អាថ៌កំបាំង​។ ប៉ុន្តែ​ទោះបីជា​មិន​ទាន់​រកឃើញ ក៏​សមត្ថកិច្ច​មិន​បោះបង់ ចំពោះ​ការស្វែងរក​ជនល្មើស និង​អ្នក​ពីក្រោយ​ខ្នង​នោះ​ដែរ​។​

សំឡេង

​គួរបញ្ជាក់​ថា ជា​ការកត់សម្គាល់ ករណី​ឃាតកម្ម​ធំៗ ដែល​កើតឡើង​នៅ​កម្ពុជា ភាគច្រើន​សមត្ថកិច្ច​មិន​អាច​វែកមុខ រក​ឃាតករ​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះ​ឡើយ​។ ករណី​ទាំង​នោះ រួម​មាន​ការ​គប់​គ្រាប់បែក ចូល​ហ្វូង​បាតុករ ដឹកនាំ​ដោយ​លោក​សម រង្ស៊ី កាលពី​ឆ្នាំ​១៩៩៧ បណ្តាលឲ្យ​មនុស្ស​យ៉ាងតិ​ចជិត​២០​ស្លាប់ និង​ជាង​១០០​នាក់​ផ្សេង​ទៀត បាន​រងរបួស​។ ការបាញ​សម្លាញ់​លោក​ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​, មេដឹកនាំ​សហជីព​លោករ​ស់ សុ​វណ្ណា​រ៉េត លោក​ហី វុទ្ធី​, សកម្មជន​ការពារ​ព្រៃឈើ លោក​ឈុត វុទ្ធី និង​ចុងក្រោយ​លោក​កែម ឡី ដែលជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ មិន​ទាន់​ចាប់ខ្លួន​បាន យក​មក​ផ្ដន្ទាទោស​ឡើយ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  សម រង្ស៊ី

ព័ត៌មានផ្សេងទៀត