កម្ពុជា​​ត្រូវការ​​ឱប​​ចិន ដើម្បី​​ទប់​ឥទ្ធិពល​​វៀតណាម​​

27-07-2016 4:38 pm 61338

​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា នា​ពេល​ចុង​ក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា កម្ពុជា​កំពុងតែ​ងាក​ទៅរក​មហា​យក្ស​ចិន​។ ជំហរ​ទៅរក​ចិន​នេះ បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​បដិសេធ​មិន​ព្រម​លើកឡើង​ពី​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញា​កណ្ដាល​​អន្ដ​រ​ជាតិ ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​កំពុងមាន​ជម្លោះ​។ អ្នកជំនាញ​បាន​អះអាងថា នយោបាយ​ការទូត​កម្ពុជា ដែល​ផ្អៀង​ទៅរក​ចិន​ពេលនេះ គឺ​ដើម្បី​ទប់​ឥទ្ធិពល​វៀតណាម ខណៈ​ដែល​វៀតណាម កំពុងតែ​ផ្អែមល្ហែម​ជា​មហាអំណាច​អាមេរិក​។ តើ​ការសម្រេចចិត្ត​របស់​កម្ពុជា​នេះ​ចំណេញ ឬ​ខាត ?​សួ​ម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

សំឡេង៖

 

​នៅ​ទី​បំផុត​ទៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជាប់គាំង​ដដែល​ក្រោយ​អាស៊ាន​មិន​បាន​ចេញ​សេ​ក្ដី​ថ្លែងការណ៍​រួម​បាន ទាក់ទង​នឹង​បញ្ហា​នេះ​។ ប្រទេសកម្ពុជា និង ឡាវ ត្រូវ​បាន​រិះគន់​ចំពោះ​ភាពស្ទាក់ស្ទើរ​ក្នុងការ​ថ្កោលទោស ចំពោះ​ការអះអាង​របស់​ចិន​លើ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវបាន​ចាត់ទុក​ថា នៅ​ក្រោម​សម្ពាធ​ពី​ចិន ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​ការវិនិយោគ​ច្រើន​នៅក្នុង​ប្រទេស​ទាំង​ពីរ​នេះ​។​

 

​ការចោទប្រកាន់​របស់​សមាជិក​អាស៊ាន​មកលើ​កម្ពុជា​ពេល​នេះ មិនមែន​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា​។ តែ​យ៉ាងណាក្តី​បើទោះបីជា​មាន​ការរិះគន់​ពី​សមាជិក​អាស៊ាន​ក៏ដោយ កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា រឿង​សមុទ្រ​ចិន​ខាងត្បូង គួរ​ដោះស្រាយ​ដោយ​ទ្វេភាគី គឺ​ដោះស្រាយ​ជាមួយ​អ្នកពាក់ព័ន្ធ មិន​អាច​ដោយ​ដោះស្រាយ​ជាមួយ​អាស៊ាន​ទាំងមូល​បាន​ទេ​។​

 

​ចំណែក​ហ្វីលីពីន និង​វៀតណាម ទាមទារ​ឲ្យ​អាស៊ាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម គោរព​តាម​សេចក្ដីសម្រេច​តុលាកា​រ​អាជ្ញាកណ្ដាល​ក្រុងឡាអេ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១២​កក្កដា ឆ្នាំ​២០១៦ ដែល​និយាយថា ចិន​គ្មាន​សិទ្ធិ​ទាមទារ​កាន់កាប់​ទាំងស្រុង​នៅ​សមុទ្រ​ចិន​ខាងត្បួង​។ ប៉ុន្ដែ​គោលបំណង​នេះ​ត្រូវ​បរាជ័យ​ដោយសារ​តែ​កម្ពុជា​មិន​ព្រម​និយាយ​អ្វី​ទាក់ទង​នឹង​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​ក្រុង​ឡាអេ​ឡើយ​។​

 

​ជំហរ​របស់​រាជរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នា​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា កម្ពុជា​កំពុងតែ​ងាក​ទៅរក​មហា​យក្ស​ចិន ស្របពេល​ដែល​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ជាពិសេស​ហ្វីលីពីន និង​វៀតណាម ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​មហា​យក្ស​ចិន​។​

​តើ​មាន​មូលហេតុ​អ្វី​បាន​ជា​នយោបាយ​ការបរទេស​កម្ពុជា ងាក​ទៅ​ចាប់​ចិន​នៅពេលនេះ​?

 

​សំណួរ​នេះ ត្រូវបាន​អ្នកជំនាញ​លើកឡើង​ថា​ទី​១ ដោយសារ​តែ​កម្ពុជា​យល់​ឃើញថា ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មិន​ដែល​ឯកភាព​គ្នា​នោះ​ទេ បើទោះបីជា​អាស៊ាន​មាន​គោលការណ៍​របស់​ខ្លួន​ក្តី​។

 

​ទី​២ សមាជិក​អាស៊ាន​មួយចំនួន​មិន​ដែល​ឲ្យ​តម្លៃ​មក​លើក​កម្ពុជា ព្រមទាំង​បាន​មើលស្រាល​កម្ពុជា ជា​ពិសេស​ប្រទេស​ជិត​ខាង​កម្ពុជា​។

 

​ទី​៣ យើង​នៅ​ចាំបាន​ថា នៅពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន ជាមួយ​ប្រទេស​ថៃ​អំពី​បញ្ហា​ប្រាសាទព្រះវិហា កាលពី​ឆ្នាំ​២០០៨ ពុំ​មាន​សមាជិក​អាស៊ាន​ណាមួយ​មក​គាំទ្រ​កម្ពុជា​នោះ​ទេ​។

 

​ទី​៤ សមាជិក​អាស៊ាន​មួយចំនួន ភាគច្រើន​មាន​ប្រទេស​មហាអំណាច​នៅ​ពីក្រោយ​ខ្នង​រៀងៗ​ខ្លួន ដើម្បី ការពារ​ប្រទេស និង​ការ​អភិវឌ្ឃន​សេដ្ឋកិច្ច​។​

 

​ទី​៥ នៅ​ក្នុង​កាលៈទេសៈ​នៃ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន កម្ពុជា​ត្រូវ​ការចាប់​ចិន​ដើម្បី​អភិវឌ្ឃន​ជាតិ ព្រោះ​លុយ​ចិន​អាច​ប្រើ​ប្រាប់​សម្រាប់​ជាតិ​បាន​។ ម្យ៉ាងវិញទៀត​កម្ពុជា​ត្រូវការ​ឱប​ចិន ដើម្បី​ទប់ទល់​ឥទ្ធិពល​វៀតណាម​មកលើ​កម្ពុជា ខណៈ​វៀតណាម​កំពុងតែ​ឱប​អាមេរិក ដើម្បី​តតាំង​ជាមួយ​មហា​យក្ស​ចិន​ដើម្បី​ផលប្រយោជន៍​សមុទ្រ​ចិន​ខាងត្បូង​។​

 

​សូម​រម្លឹកថា បើ​យើង​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ នយោបាយ​ការបរទេស​កម្ពុជា​ពេលនោះ គឺ​ឱប​អាមេរិក ស្របពេល​ដែល​វៀតណាម​ខាងត្បូង ឱប​អាមេរិក​ដូច​កម្ពុជា​ដែរ​។ កំឡុងពេល នោះ​កម្ពុជា បាន​បន្ត​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ខណៈ​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង រួបរួម​គ្នា​បាន​ជា​ប្រទេស​តែ​មួយ​។ ចំណែកឯ​សហរដ្ឋអាមេរិក បាន​ដកទ័ព​ចេញពី​ឧបទ្វិប​ឥណ្ឌូចិន​បាន​សម្រេច​ដោយ​ខ្ចីដៃ​កម្ពុជា ធ្វើសង្គ្រាម​តទល់​ជាមួយ​វៀតណាម​ខាងជើង​។​

 

​ខាងលើនេះ ជា​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បង្ហាញ​ពី​ភាពកំសោយ​របស់​ថ្នាក់ដឹកនាំ​ខ្មែរ​នា​សម័យ​នោះ ដោយ​មិន​បាន​តាម​ឲ្យទាន់​ពី​ភូមិសាស្ត្រ​នយោបាយ​ការប​រទេស​ពិភពលោក​។

 

​ចំណែក​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​នា​បច្ចុប្បន្ននេះ បាន​បញ្ជាក់​ឲ្យឃើញថា កម្ពុជា​ត្រូវការ​ចិន ចិន​ក៏​ត្រូវការ​កម្ពុជា​។ កម្ពុជា​ត្រូវការ​ចិន គឺ​ដើម្បី​ទប់ទល់​ឥទ្ធិពល​វៀតណាម និង​ត្រូវការ​លុយ​ចិន​ដើម្បី អភិវឌ្ឃន​ប្រទេស​។ ក្រោយ​កម្ពុជា​បាន​គាំទ្រ​ចិន​មក រដ្ឋាភិបាល​ក្រុង​បេកាំ​ង​បាន​បោះ​ជំនួយ​៦០០​លាន​ដុ ល្លា​ភ្លាមៗ​មក​កម្ពុជា និង​ជួយ​សាងសង​អគា​រដ្ឋបាល​មួយ​ខ្នង​កម្ពស់​១២​ជាន់​ថែមទៀត​។ នេះ​យើង​គិត​ត្រឹម ពេលបច្ចុប្បន្ន​។​

 

​ចំណែក​ចិន​វិញ ត្រូវការ​កម្ពុជា​ក្នុង​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ាន ខណៈ​ដែល​ពេល​នេះ​មហា​យក្ស​ចិន មិនទាន់​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ណាមួយ​គាំទ្រ​ខ្លួន​ទេ គឺមាន​តែ​កម្ពុជា​។ មួយវិញទៀត មហា​យក្ស​ចិន ត្រូវការ​រក​សម្ព័ន្ធមិត្ត​បន្ថែម​ដើម្បី​គាំទ្រ​សមុទ្រ​ចិន​ខាងត្បួង​ដែល​កំពុង​មាន​ជម្លោះ ព្រមទាំង គោលនយោបាយ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​សេដ្ឋកិច្ច​សូត្រ និង​ការបង្កើត​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​ជា​នយោបាយ​របស់​ចិន​ត​ភ្ជាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​។

 

​យ៉ាងណាក្តី នយោបាយ​ការបរទេស​កម្ពុជា ងាក​ទៅ​ចាប់​ចិន​នៅពេលនេះ ច្បាស់​ណាស់​ថា វៀតណាម ដែល​ធ្លាប់​ធ្វើ​បងធំ​កម្ពុជា ទាំង​ប្រយោល និង​ចំ នឹង​មិន​អត់ឱន​ដល់​កម្ពុជា​នោះ​ទេ​។ បើ​តាម​អ្នកជំនាញ​មួយចំនួន បាន​ពន្យល់ថា វៀតណាម​នឹង​អុកឡុក​ផ្ទៃក្នុង​កម្ពុជា​ជា​រើ​យៗ បើសិនជា​កម្ពុជា​មិន​ប្រុងប្រយ័ត្ន​។​

 

​ជារួមមកដើម្បី​ដំណោះស្រាយបញ្ហានេះ កម្ពុជា​ត្រូវតែ​រួបរួមគ្នា ជាពិសេស​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ ដើម្បី​ការពារ​ប្រទេសជាតិ​។ មួយវិញទៀត ពលរដ្ឋ​ខ្មែរ​ទាំងអស់​គួរតែ​បញ្ចប់​ការ​ប្រឌិត​ព័ត៌​មាន​​ក្នុងន័យ​លាប​ពណ៌​ដាក់គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ជាពិសេស​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ ចំណែក​រដ្ឋាភិបាល ត្រូវតែ​រឹតបន្តឹង សន្តិសុខ​ប្រទេស​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​ចៀសវាង​មាន​ជន​​ឆ្លៀត​ឱកាស​បង្កចលាចល​ក្នុងប្រទេស ។ ដោយឡែក ចំពោះ​នយោបាយ​ការបរទេស​វិញ រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ឲ្យ​ខ្លាំង​ជាង​នេះ ដើម្បី​ធ្វើឲ្យ​កម្ពុជា ដើរតួរ​នាទី​ជា​អ្នក​គូសវាស​ភូមិសាស្ត្រ​នយោ​បាយ​​ការបរទេស លើ​ឧបទ្វិប​ឥណ្ឌូចិន​ម្តងវិញ​៕

(ដោយ៖គួន សំបូរ)


 ពាក្យគន្លឹះ  កម្ពុជា និងចិន

ព័ត៌មានផ្សេងទៀត