ហ្វីលីពីន​ប្រាប់​ចិន​ថា​​កុំ​ទាន់​ត្រេកអរ​​រឿង​សមុទ្រ​ចិន​​ខាងត្បូង​

27-07-2016 11:42 am 2468
រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​ពេល​ធ្វើសន្និសីទកាសែត

​ហ្វីលីពីន​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​ឲ្យ​ដាក់បញ្ចូល​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ ដែល​កាត់ក្ដី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ចូលទៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​។​ប៉ុន្ដែ​គោលបំណង​នេះ​មិនបាន​សម្រេច​ទេ ដោយសារ​គ្មាន​ការឯកភាព​ទាំងស្រុង​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ជាក់ស្ដែង​មាន​កម្ពុជា​មិន​បាន​បង្ហាញ​ជំហ​រថា​គាំទ្រ​ឬ​បដិសេធ​នឹង​សេចក្ដីសម្រេច​នេះ​ទេ ពោល​គឺ​កម្ពុជា​មិន​លូកដៃ​ចូល​តែ​ម្ដង​។​


​យ៉ាងណាមិញ​ទោះ​សេចក្ដីថ្លែងការណ៍​រូ​ម មិន​បាន​បញ្ចូល​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​ក៏ដោយ រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​លោក​Perfecto Yasay​បាន​និយាយថា ការសម្រេចចិត្ដ​មិនលើ​កឡើង​ពី​បញ្ហា​នេះ​របស់​ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន មិនមែនជា​ជ័យជម្នះ​របស់​ចិន​ឡើយ ដូច្នេះ​ចិន​កុំ​ទាន់​ត្រេកអរ​។​


​លោក​Perfecto Yasay​បាន​និយាយ​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ថា “​ការចេញ​សេចក្ដីថ្លែងការណ៍​រួម​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ទោះជា​យ៉ាងណា​ក៏ដោយ​ជា​ជោគជ័យ​មួយ​សម្រាប់​អាស៊ាន ដែល​ហ្វីលីពីន​មិន​បាន​ស្នើ​ឲ្យ​គាំទ្រ​លើ​ករណី​តុលាការ​អាជ្ញាកណ្ដាល​នេះ​ទេ​។​ខ្ញុំ​ចេញ​មុខ​និយាយ​ពេល​នេះ គ្រាន់តែ​ចង់​លុបបំបាត់​ចោល​របាយការណ៍​ដែលថា ចិន​ទ​ទូល​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ព្រោះ​យើង​បាន​ព្រមព្រៀង​គ្នា​មិន​លើកឡើង​ពី​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​។​តែ​តាមពិត​ទៅ ការសម្រេច​របស់​តុលាការ​នេះ គឺជា​បញ្ហា​រវាង​ចិន​ជាមួយ​ហ្វីលីពីន​ទេ​។​”


​សូមបញ្ជាក់​ថា ទាក់ទង​នឹង​បណ្ដឹង​ហ្វីលីពីន​ប្ដឹង​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង ចិន​មិនបាន​ចូលរួម​ហើយ​ក៏​មិន​ទ​ទូល​ស្គាល់​ពាក្យបណ្ដឹង​នេះដែរ​។​ក្រោយ​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ចេញ​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី​១២​កក្កដា ចិន​បាន​ច្រានចោល​សេចក្ដីសម្រេច​នេះ​ទៀត​។​ដោយឡែក​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ សេចក្ដីថ្លែងការណ៍​រួម​ក៏​មិន​បាន​ដាក់បញ្ចូល​សេចក្ដីសម្រេច​របស់​តុលារ​ការ​អាជ្ញាកណ្ដាល​អន្ដរជាតិ​ទេ ធ្វើឲ្យ​ចិន​ហាក់​ធូរស្រាល​បាន​មួយកម្រិត​៕

ព័ត៌មានផ្សេងទៀត