ផ្សារ​ស្ទឹងត្រែង​​ត្រូវបាន​​នាយករដ្ឋមន្ត្រី​​ប្ដូរ​ឈ្មោះ​​ថ្មី​ថា ​«​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​»​

27-07-2016 10:50 am 1118

«​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​» គឺជា​ឈ្មោះ​ថ្មី​នៃ​ផ្សារ​ស្ទឹងត្រែង ដែល​នឹង​ត្រូវ​ប្រើប្រាស់ ជា​ផ្លូវការ​ក្រោយពេល សាង​សាង់​រួចរាល់ បន្ទាប់​ពី​គ្រោះ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្សារ​ធំ​ប្រចាំ​ខេត្ត​អស់​ប្រមាណ​ជាង ១២០០ តូប កាលពី​ជាង​បី​ខែ​កន្លងទៅនេះ​។ ឈ្មោះ​ថ្មី​នេះ ត្រូវបាន​ប្ដូរ​ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខណៈ​ដែល​លោក​បាន​ចុះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ដើម្បី​ពិនិត្យមើល​នូវ​សមិទ្ឋផល​នានា និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ព្រម​ទាំង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត នា​ថ្ងៃ​ទី ២៦ កក្កដា ឆ្នាំ​២០១៦​។

 

​បន្ទាប់ពី​បាន​ជួបជុំ​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្តស្ទឹងត្រែង​រួចមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង ព្រមទាំង​បាន​ដោះស្រាយ​បញ្ហា​ផ្សារ ជូន​ពួកគាត់​ដូច​ដែរ​បាន​សន្យា កាលពី​ជាង​បី​ខែ​កន្លងទៅនេះ​។​

 

​លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា លោក និង​សប្បុរសជន​ទទួល​សាងសង់​ផ្សារ និង​តូប​លក់ដូរ​ជូន​អាជីវករ​ទាំងអស់​គ្នា ហើយ​អាជីវករ​ទាំងអស់​អាច​ប្រកប​របរ​រកស៊ី​ទទួល​ទាន​នៅក្នុង​ផ្សារ​នេះ​អស់​មួយ ជីវិត​តកូនតចៅ អត់​បង់លុយ​អ្វី​ឡើយ តែ​ត្រូវ​បង់​ព​ន្ឋ និង​ភាស៊ី ហើយ​ជ្រើសរើស​គណៈកម្មការ​ផ្សារ​ដោយ​ខ្លួនឯង​។ តែ​លោក​បាន​បញ្ជាក់ថា​មិន​ចេញ ប័ណ្ណ​កម្ម​សិទ្ឋិ​អោយ​ទេ ។
​ចំណែក​ទំហំ​តូប​នីមួយៗ​គឺ​ប្រហាក់ប្រហែលគ្នា (2mx2m) ហើយ​អាជីវករ​នីមួយៗ​នឹង​ទទួលបាន​ចំនួន តូប ទៅតាម​ទំហំ​តូប​ដែល​អាជីវករ​ធ្លាប់មាន​ពីមុន​ផ្សារ​ឆេះ​។ ប៉ុន្តែ​ទីតាំង​ថ្មី​អាច​រំកិល​ចេញ​ពី​ជួរ​ទីតាំង​ចាស់ អោយ​ផុត​ពី​ផ្លូវ​សាធារណៈ​។​

​ជាមួយគ្នា​នោះ អាច​មាន​នៅ​សល់​ដី​មួយចំនួន​គឺ​នឹង​សម្រួល​ផ្តល់ជូន​អ្នកលក់ដូរ​តាម​កញ្ច្រែង​មួយ​ចំនួន ដែល​គ្នា​ត្រូវ​ការលក់ដូរ​ទទួលទាន​ប្រចាំថ្ងៃ​ដែរ​។ បន្ទាប់​មក​អាជ្ញាធរ​នឹង​បិទ​ប្លង់​តូប​នៅក្នុង​ផ្សារ​ជូន​អាជីវករ​អោយបាន​ដឹង​គ្រប់ៗ​គ្នា​ ។

 

​គួររម្លឹកថា ផ្សារ​ស្ទឹងត្រែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​កណ្ដាល​អាធ្រា​ត្រដោយ​ពុំ​ដឹង​ពី​មូលហេតុ កាលពី​រាត្រី​ថ្ងៃទី ០៧ មេសា ឆ្នាំ​២០១៦ ។ បើ​យោង​តាម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ធ្លាប់បាន និយាយថា ផ្សារ​នេះ​មិនមែន​ឆេះ​ដោយសារ​តែ​ទុស្សេ​ខ្សែភ្លើង​នោះ​ទេ គាត់​ថា​គឺ​មាន​គេ​លួច​ដុត​តែម្ដង​។ តែ​យ៉ាងណាក្ដី ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន បញ្ជា​ឲ្យគេ​សាងសាង់​ផ្សារ​ឡើងវិញ ដោយ​កាលណោះ​លោក​បាន​បញ្ជា​ឲ្យ​នាយ​ឧត្តមសេនីយ ខ្វាន់ ស៊ា​ម អគ្គមេបញ្ជាការ​រង​ក​ង​ទ័ព និង​ជា​មេបញ្ជាការ​កង​វិស្វកម្ម​បញ្ជូន​កម្លាំង​ចុះ​សិក្សា​សម្រាប់​សាងសង់ ឡើងវិញ​៕


 ពាក្យគន្លឹះ  ផ្សារស្ទឹងមានជ័យ

ព័ត៌មានផ្សេងទៀត