ប្រជាពលរដ្ឋ បង្ហាញ​នូវ​ភាព​អាល័យ​ចំពោះ​ស្នាដៃ​លោក កែម ឡី​

27-07-2016 8:39 am 6648


​សព​របស់​លោក​កែម ឡី ទើប​ត្រូវ​បាន​បញ្ចុះ នៅ​ថ្ងៃ​ទី​២៥ កក្កដា​នេះ​។ ​មរណៈភាព​របស់​លោក បណ្ឌិត​កែម ឡី ដែលជា​អ្នក​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បង្ហាញ​នូវ​ការសោកស្ដាយ អាល័យ​អាឡោះ ចំពោះ​វិរៈភាព​ក្នុង​ការបញ្ចេញមតិរ​បស់​លោក​។ ថ្វី​បើ​លោក​កែម ឡី បាន​លាចាក​លោក​ក្ដី ប៉ុន្តែ  គេ​ឃើញ​មានការ​បង្ហោះ​នូវ​វីដេអូ រូបភាព និង​ពាក្យ​សំដី​របស់​លោក ដែល​បាន​លើកឡើង​ក្នុង​កម្មវិធី​វិទ្យុ និង​ក្នុង​សិក្ខាសាលា​ផ្សេងៗ នៅតាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដូច​ឃ្លា​មួយ​ពោល​ថា​«​ទូក​ទៅ​កំពុង​នៅ​»​។​


​ក្នុងការ​ការ​ដង្ហែ​រស​ព លោក​កែម ឡី មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម មិន​ថា​អ្នក​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ឡើយ​។ ពួកគេ​ចំណាយ​ពេល​ពី​ការងារ​របស់​ខ្លួន​ពេញ​មួយថ្ងៃ សម្រាប់​ចូលរួម​ដង្ហែរ​សព បើ​ទោះបីជា​មិន​មែន​សាច់ញាតិ​លោក​កែម ឡី ដើម្បី​គោរព​នូវ វិរៈភាព​របស់​លោក​ក្នុងការប​ញ្ចេ​ញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។


​លោក​តារា ដែល​ជា​យុវជន ម្នាក់​មក​ពី​ស្រុក​ស្អាង​ខេត្ត​កណ្ដាល បាន​លើកឡើង​ថា លោក​ស្គាល់​លោក កែម ឡី តាមរយៈ​ការបង្រៀន​របស់​លោក​នៅ សាកលវិទ្យាល័យ​ដែល​លោក​កំពុង​សិក្សា​។ នៅពេល​ជួប​ជាមួយ​លោក​កែម ឡី យុវជន​រូប​នេះ​ធ្លាប់​បាន​សួរនាំ​អំពី​បញ្ហា​សង្គម និង​នយោបាយ​ផងដែរ​។ ការវិភាគ​របស់លោក​កែម ឡី​មានភាព​ស៊ីជម្រៅ ទៅលើ​អ្វី​ដែល​កើតឡើង​ជាក់ស្ដែង ដោយ​មិន​ខ្លាច​ការគំរាមកំហែង​ឡើយ​..........


​សំឡេង​លោក​តារា​៖


​ស្នាដៃ​មួយចំនួន​ដែលនាំឱ្យ​យុវជន​រូប​នេះ​ចំណាំ​លោក​កែម ឡី រហូតដល់​ពេល​នេះ គឺ​សំឡេង​នៃ​ការវិភាគ​ទៅលើ​ដែល​កោះ​របស់​កម្ពុជា និង ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​មួយចំនួន ដែល​កើតចេញ​ពី​ការស្រាវជ្រាវ របស់​លោក​ដល់​ទីតាំង​ផ្ទាល់​............


​សំឡេង​លោក​តារា​៖

 

​ឈរ​ស្រក់​ទឹកភ្នែក​លើ​ចញ្ចើមផ្លូវ​ជាតិ​លេខ​៣ ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ក្រោយពី​រថយន្ត​ដង្ហែរ​សព​ឆ្លង​ផុត​ទៅ អ្នកស្រី​វុទ្ធា ដែល​ជា​ពលរដ្ឋ​ម្នាក់ ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​បាន​លើកឡើង​ថា ការ​យំ​របស់​អ្នកស្រី​នេះ គឺ​ដោយសារ​សោកស្ដាយ​ភាពក្លាហាន​របស់លោក​កែម ឡី ដែល​ត្រូវបាន​បញ្ចប់​ដោយ​គ្រាប់កាំភ្លើង​។ អ្នកស្រី​ថា លោក​កែម ឡី ចូល​ចិត្ត​និយាយ​អ្វី​ដែល​ជា​ការពិត ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​គណបក្ស​ណាមួយ​ឡើយ​...........


​សំឡេង​អ្នកស្រី វុទ្ធា​៖


​អ្នកស្រី​ស្គាល់​លោក កែម ឡី តាមរយៈ​បទ​វិភាគ​តាម​វិទ្យុ ដោយ​មិន​ដែល​បាន​ជួប​ផ្ទាល់​នៅ​ខាងក្រៅ​ឡើយ​។ តែ​ទោះ​យ៉ាងណា​អ្នកស្រី​ធ្លាប់​ស្គាល់​មុខមាត់​លោក​កែម ឡី​តាមរយៈ បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដែល​ធ្វើឱ្យ​គ្រួសារ​របស់​អ្នកស្រី​នាំគ្នា ចូលរួម​ក្នុង​ពិធី​ដង្ហែរ​សព​ទាំងអស់គ្នា​.........


​សំឡេង​អ្នកស្រី វុទ្ធា​៖


​មាន​វ័យ​ចំណាស់ និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ លោក វណ្ណា ពលរដ្ឋ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ថា ការវិភាគ​របស់លោក កែម ឡី មាន​ភាពត្រឹមត្រូវ​តាម​កាលៈទេសៈ ស្រប​ទៅ​តាម​ទិដ្ឋភាព​សង្គម​ជាក់ស្ដែង​។ លោក​កែម ឡី គឺជា​អ្នកវិភាគ​ប្រៀប​ដូច​ជា​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់ ដែល​ធ្លាប់​រិះគន់​គ្រប់​ភាគី​នយោបាយ​ដែល​មាន​ភាព​អសកម្ម​..............


​សំឡេង​លោក វណ្ណា​៖


​បុរស​វ័យ​៦៥​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​នូវ​ជំនឿ​ជា​ក់លើ​ការវិភាគ​របស់លោក​កែម ឡី ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ដោយ​ហ៊ាន​លើកឡើង​ពី​គ្រប់​បញ្ហា​ដែល​កើតមាន​។ លោក​ថា​អ្នកវិភាគ​មួយ​ចំនួន​ផ្សេង​ទៀត អាច​នឹង​ខ្លាច​មិន​ហ៊ាន​វិភាគ​លម្អិត​ដូច​លោក​បណ្ឌិត​កែម ឡី ឡើយ​.............


​សំឡេង​លោក វណ្ណា​៖


​សូមជម្រាបថា លោក​កែម ឡី ដែល​គេ​ស្គាល់​ថា​ជា​អ្នកវិភាគ​ឯករាជ្យ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ សព​របស់លោក​ត្រូវបាន​តំកល់ទុក​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ រយៈពេល​២​សប្តាហ៍ ទើប​ចាប់ផ្តើម​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​របស់​លោក នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ថ្ងៃ​ទី ២៤ ខែកក្កដា ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​។​
​(ដោយ៖ គីម​ ចាន់ចាវ)

ព័ត៌មានផ្សេងទៀត