លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បន្ត​យុទ្ធនាការ​​ចុះ​ជួប​​ប្រជាពលរដ្ឋ​​​​នៅ​​ទូទាំង​​​ប្រទេស​​

26-07-2016 3:33 pm 3410

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ បានចាប់ផ្តើម​បន្ត​យុទ្ធនាការ​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​តាម​ខេត្ត​នានាក្នុងប្រទេស​កម្ពុជា​ ហើយ​នៅ​ថ្ងៃនេះ​លោក​ចុះ​ទៅ​ខេត្ត​ចំនួន​២ គឺ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដើម្បី​ពិនិត្យមើល​នូវ​សមិទ្ធផល​នានា​និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ។

 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃនេះ បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​​លោកថា ​នឹង​ចុះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដើម្បី​ពិនិត្យមើល​នូវ​សមិទ្ធផល​នានា​និង​ពិនិត្យ​ដោះ​ស្រាយ​​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​។ បន្ថែ​ពីនេះ​លោក ក៏​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​នោះ​ផងដែរ​។​

 

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ក៏​សូម​អភ៏យទោស​ចំពោះ​សិស្សានុសិស្ស​និង​ពលរដ្ឋ​មួយចំនួន នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ ដែល​រង់ចាំ​ស្វា​គម​ន៏​លោក​តាម​ដងផ្លូវ​កន្លងមក ដោយ​លោក​មិន​បាន​ចុះ​ជួប​សំណេះសំណាល ដោយ​លោក​អះអាង​ថា​ដំណើរ​ផ្លូវ​ឆ្ងាយ និង​មាន​កម្មវិធី​ការងារ​ច្រើន​។​

 

​សូមជម្រាប់ថា បើ​គិត​មក​ត្រឹម​ពេលនេះ យុទ្ធនាការ​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​តាម​ទាំង​២៥ រាជធានី​ខេត្ត​របស់​លោកនាយក​រដ្ឋមន្ត្រី គឺ​មាន​ចំនួន​៨​ខេត្តហើយ ដែល​យុទ្ធនាការ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៦ ដោយ​លោក​បាន​ជ្រើសរើស​ខេត្ត​បាត់ដំបង ជា​ខេត្ត​គោលដៅ​ទី​មួយ​របស់​លោក​។

 

​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ពេលនេះ ត្រូវបាន​អ្នកវិភាគ​សង្គម និង​នយោបាយ​នៅ​កម្ពុជា​យល់ឃើញ​ស្រដៀង​គ្នា​ន​ថា ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី លែង​ទុកចិត្ត​លើ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម ដែល​តែងតែ​រាយការណ៍​មក​ថ្នាក់លើ​តែ​ចំណុច​ល្អ ដោយឡែក​ចំពោះ​ចំណុច​ដែល​អាក្រក់​ត្រូវបាន​មន្ត្រី​ទាំងអស់​នោះ​លាក់ទុក​។​

 

​ម្យ៉ាងវិញទៀត អ្នកវិភាគ យល់​ថា​សកម្មភាព​ថ្មី​របស់​លោក ហ៊ុន សែន​នេះ អាចនិយាយបាន​ថា ជាការ​ភ្ញាក់​រម្លឹក​មួយ​ផងដែរ នៅពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ត្រូវបាន​បាត់បង់​ការគាំទ្រ​ពី​ប្រពល​រដ្ឋ កាល​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។​

 

​យ៉ាងណាក្តី លោក​មិន​ជំទាស់​ចំពោះ​ការចុះ​របស់​លោកនាយក​រដ្ឋមន្ត្រី នៅតាម​មូលដ្ឋាន​នោះទេ ប៉ុន្តែ​អ្នកវិភាគ​បាន​ស្នើរ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ថា បើ​លោក​នាយករដ្ឋមន្ត្រី​ចុះ​តាម​មូលដ្ឋាន សូម​កុំ​ប្រាប់​មុន ពី​ព្រោះ​មន្ត្រី​នៅតាម​មូលដ្ឋាន​មួយ​ចំនួន​ចេះ​ណាស់ ក្នុង​ការរៀបចំ​ទុក​មុន​ជា​ស្រេច​តែ​ចំណុច​ល្អ​៕

(ដោយ គួន សំបូរ​)

 

ព័ត៌មានផ្សេងទៀត