ចិន​ស្នើ​​អាមេរិក​ឲ្យ​គាំទ្រ​​កិច្ច​ចរចា​ជា​ថ្មី​​រវាង​ចិន​​ជាមួយ​ហ្វីលីពីន​​រឿង​នៅ​​សមុទ្រ​ចិន​​ខាងត្បូង​

26-07-2016 3:26 pm 941
រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​(ឆ្វេង)​ចាប់ដៃជាមួយរដ្ឋមន្ដ្រីការបរទេសចិន

​រដ្ឋមន្ដ្រីការបរទេស​ចិន​បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ដ្រីការបរទេ​សអា​មេរិក គាំទ្រ​នូវ​កិច្ចពិភាក្សា​ឡើងវិញ​រវាង​ចិន​ជា​មួយ​ហ្វីលីពីន ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ ចេញ​សេចក្ដីសម្រេច​គាំទ្រ​ហ្វីលីពីន ហើយ​ប្រឆាំង​ការអះអាង​កាន់កាប់​របស់​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។​


​ចិន​មិនបាន​ចូលរួម ហើយក៏​មិន​ទទួលស្គាល់​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១២​កក្កដា​ឆ្នាំ​២០១៦​នេះដែរ ក្រោយ​ពេល​តុលាការ​សម្រេច​ឲ្យ​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ដ​អាមេរិក​ឈ្នះក្ដី​។​


​នៅ​ក្នុង​កិច្ច​ជំនួប​ក្នុង​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​២៥​កក្កដា ស្របពេល​ដែល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រព្រឹត្ដឡើង រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​និយាយ​ទៅ​កាន់​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​លោក​ច​ន ឃើ​រីថា ចិន​រួម​ជាមួយ​សមាគម​អាស៊ាន បាន​យល់ស្រប​ជាមួយ​គ្នា​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​គួរតែ​វិល​ទៅរក​ការដោះស្រាយ តាមរយៈ​កិច្ចចរចា​ដោយផ្ទាល់​រវាង​ភាគី​ពាក់ព័ន្ធ​។​


​ចិន​សង្ឃឹមថា អាមេរិក​គាំទ្រ​កិច្ចពិភាក្សា​ជា​ថ្មី​រវាង​ចិន​ជា​មួយ​ហ្វីលីពីន ហើយ​គាំទ្រ​ដល់​ចិន​និង​អាស៊ាន​ដើម្បី​រក្សា​សន្ដិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​។​នេះ​ជា​ការបញ្ជាក់​របស់លោក​វ៉ាង យី ដោយយោង​តាម​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​២៦​កក្កដា​នេះ​។​


​ជា​ការកត់សម្គាល ចិន​នៅ​តែ​បន្ទោស​អាមេរិក​សម្រាប់​ការបង្កឲ្យ​មាន​ភាពតាន​តឹងនៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការ​លូកដៃ​ចូល​ក្នុង​ជម្លោះ​ទាំង​ខ្លួន​មិន​មែន​ជា​ភាគី​ពាក់ព័ន្ធ​។​ប៉ុន្ដែ​អាមេរិក​បាន​បដិសេធ​ការចោទប្រកាន់​របស់​ចិន និង​បញ្ជាក់​ថា ទង្វើ​អាមេរិក​គ្រាន់​ចង់​រក្សា​សន្ដិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​ប៉ុណ្ណោះ​។​ចិន​ក៏​បាន​បន្ទោស​ជប៉ុន​ផងដែរ ថា​បាន​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕
 

ព័ត៌មានផ្សេងទៀត