កិច្ចប្រជុំ​​អាស៊ាន​​​ជាន់​ដាន​ចាស់​​លើ​សំណុំរឿង​​សមុទ្រ​ចិន​ខាងត្បូង​

25-07-2016 10:34 am 1604
រូបភាព​នៃកោះ​សិប្បនិម្មិត​​ក្នុងសមុទ្រចិន​ខាងត្បូង

កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​បាន​ប្រព្រឹត្ដទៅ​នៅ​ទីក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​២៤​កក្កដា​។​រដ្ឋមន្ដ្រីការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​បាន​ជួបជុំគ្នា ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​ក្នុងនោះ​ក៏​មាន​របៀបវារៈ​ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​ជាប់គាំង​ផងដែរ​។​មិន​ខុស​ពី​កិច្ចប្រជុំ​កាលពី​ឆ្នាំ​២០១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​នៅ​ប្រទេស​ឡាវ​លើក​នេះ អាស៊ាន​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ទេ​។​


​ហ្វីលីពីន​និង​វៀតណាម​ទាមទារ​ឲ្យ​អាស៊ាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម គោរព​តាម​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​ក្រុងឡាអេ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១២​កក្កដា​និយាយថា ចិន​គ្មាន​សិទ្ធិ​ទាមទារ​កាន់កាប់​ទាំងស្រុង​នៅ​សមុទ្រ​ចិន​ខាងត្បួង​។​ប៉ុន្ដែ​គោលបំណង​នេះ​ត្រូវ​បរាជ័យ ព្រោះ​សមាជិក​មិន​ស្រុះស្រួល​គ្នា​។​ជាក់ស្ដែង​មាន​កម្ពុជា មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​ក្រុងឡាអេ​ឡើយ​។​


​ការ​ដែល​កម្ពុជា​បដិសេធ​មិន​លើកឡើង​ពី​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ បាន​ធ្វើឲ្យ​កិច្ចប្រជុំទាំងមូល​ត្រូវ​ជួប​ភាពច្របូកច្របល់​។​សម្រាប់​កម្ពុជា​គាំទ្រ​ការប្រឆាំង​របស់​ចិន​ទៅ​នឹង​អាស៊ាន​រឿង​សមុទ្រ​ចិន​ខាងត្បូង ហើយ​គាំទ្រ​ថា​បញ្ហា​គួរ​ដោះស្រាយ​ដោយ​ទ្វេភាគី គឺ​ដោះស្រាយ​ជាមួយ​អ្នកពាក់ព័ន្ធ​។​


​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយ​ណេ បាន​ប្រឆាំង​ដាច់ខាត​នឹង​ការអះអាង​របស់​ចិន​ថា ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ចិន​។​ប្រទេស​ទាំង​បួន​នោះ ក៏​បាន​ចោទប្រកាន់​ចិន​ថា​បាន​ប្រើ​យុទ្ធសាស្ដ្រ​អូសទាញ​កម្ពុជា តាមរយៈ​ការផ្ដល់​ជំនួយ​ឥត​សំណង​និង​កម្ចី​ជាច្រើន​។​ហេតុ​នេះ​ចង់​មិន​ចង់​បើសិន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​អាច​នឹង​ប៉ះពាល់​ចិន ជា​អ្នកមានគុណ​មួយ​រួប​ដែរ​លើ​ផ្នែក​សេដ្ឋកិច្ច​។​


​ជារួម​កិច្ចប្រជុំ​អាស៊ាន​លើ​ក​នេះ របៀបវារៈ​ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​ជាប់គាំង​ដដែល មិន​ទាន់​រក​ផ្លូវ​ចេញ​ពី​ភាព​ទ័លច្រក​បាន​ឡើយ​៕

ព័ត៌មានផ្សេងទៀត