តើពាក្យ​«គោលោត​ ឬ​អន្ទិត​គោ​លោត​»មានន័យ​ដូចម្តេច?​

25-07-2016 8:37 am 5197

ពលរដ្ឋខ្មែរ ពិសេសអ្នកជនបទស្រែចម្ការ តែងប្រើពាក្យនេះក្នុងន័យចំអន់លេង ទៅលើមនុស្សស្គាល់គ្នា នៅ​​ក្នុង​ស្រុកភូមិជាមួយគ្នា។ អ្នកយកពាក្យនេះទៅប្រើចំអន់គេ ច្រើនជាមនុស្សដែលមាន​វ័យ​ចាស់ ចំអន់ទៅក្មេងប្រុសជំទង់ ដោយហៅថា«អា អន្ទិតគោលោត» ដែលជាការ​ចំអន់លេង​សើចជាមួយ​ប៉ុណ្ណោះ​។

 

តើពាក្យ«គោលោត ឬអន្ទិតគោលោត» មានន័យដូចម្តេច?

បើយើងបំបែកពាក្យនេះ វាបានមកពី«អន្ទិត +គោ+លោត»

 

«អន្ទិត» ក្លាយមកពីពាក្យថា បណ្ឌិត ។ ពាក្យ«អន្ទិត» គេចូលចិត្តហៅអ្នកទើបសឹកពីបួសថ្មីៗ ព្រោះគេ​យល់​ថា អ្នកនោះបានបួសមានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ….។​

 

«គោ» ក្នុងន័យដែលយើងដឹងជាទូទៅ គឺជាសត្វពាហនៈ សម្រាប់ប្រើទឹម ដឹក អូស ជាសត្វមាន​ប្រយោជន៍​​យ៉ាងសំខាន់សម្រាប់មនុស្ស។

 

«លោត» គឺមានន័យថា ស្ទុះឡើងផុតពីទីប្រក្រតី, ស្ទុះផ្លោះរំលង។ ក្នុងន័យម្យ៉ាងទៀត អាចប្រើ​ចំពោះ​ការ​ខឹង ដូចជាខឹងច្រឡោតខ្លាំង ឬអរខ្លាំង បញ្ចេញលំនាំស្ទុះលោតទាំងអង្គុយ ឬទាំងជំហរ។

ឧទាហរណ៍៖ ខឹងច្រឡោត ឬអរលោតកញ្ឆេង…………។

 

ចុះពាក្យ«គោលោត ឬអន្ទិតគោលោត» ដែលខ្មែរប្រើសម្រាប់ចំអន់លេង ទៅលើ ក្មេងជំទង់នោះ មាន​ន័យ​ដូច​ម្តេចទៅវិញ?

 

អត្ថន័យដែលយើងប្រើ«គោលោត ឬអន្ទិតគោលោត» នេះ គឺប្រើចំពោះក្នុងន័យចំអន់លេង ដោយមើល​ឃើញ​ក្មេងជំទង់នោះឆោត ឬជោរ។ ក្នុងវចនានុក្រមខ្មែរ ពាក្យទំនឹមបុរាណថា «អន្ទិតគោលោត ឲ្យស្រី​បញ្ឆោត អស់​ពោត​មួយចម្ការ» ដោយអត្ថន័យថា មានអន្ទិតម្នាក់ ទើបនឹងសឹកពីបួស មានស្រីម្នាក់​និយាយ​បញ្ជោរ ឲ្យ​លក់​ពោតឲ្យ ហើយវាកាច់ពោតអស់មួយចម្ការ អត់បានលុយ…..។

 

ដូច្នេះ«អន្ទិតគោលោត» ប្រើក្នុងន័យចំអន់លេង ចំពោះក្មេងជំទង់ ដែលឆោត ឡើងបញ្ជោរ ដែលជា​ពាក្យ​ទំនឹម​ទំនៀមពីបុរាណរបស់ខ្មែរ។

(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ ត្រង់ទំព័រ៩៣១)

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត