អ្នកវិភាគ​ចាត់ទុក​ពិធី​ដង្ហែ​សព​​លោក​កែម ឡី ​ជា​ព្រឹត្តការណ៍​​មហាជន​​បន្ទាប់​ពី​​សម្តេ​ចតា​

24-07-2016 6:55 pm 25943
រូបថតដោយ​៖ ខាន់​ ភូមិន្ទ

​គេ​នៅ​ចាំបាន​ថា ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះមហាវីរក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ កាលពី​ឆ្នាំ​២០១៣ មាន​មហាជន​មក​ពី​គ្រប់ទិសទី​រាប់សែន​នាក់​បាន​នាំគ្នា​មក​បង្ហាញ​នូវ​ក្តី​គោរព​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់​។ នេះ​ជា​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​ដំបូង​ដែល​ប្រជាពលរដ្ឋ​ប្រុស​ស្រី ចាស់​ក្មេង ទាំង​គ្រហស្ថ ព្រះសង្ឃ​ខ្មែរ ជនជាតិ​ផ្សេងៗ បាន​ទួញ​សោកស្តាយ អាឡោះអាល័យ ចំពោះ​ព្រះមហាវីរក្សត្រ ដោយ​ពួកគេ​បាន​លើក​ពី​មនោសញ្ចេតនា និង​អនុស្សាវរីយ៍​រៀងៗ​ខ្លួន ដែល​មាន​ចំពោះ​ទ្រង់​។​

 

​នៅ​ថ្ងៃនេះ​មាន​ព្រឹត្តការណ៍​មួយ​ដែល​គេ​ចាត់ទុកថា ជា​ព្រឹត្តការណ៍​មហាជន​ធំ​ទីពីរ បន្ទាប់​ពី​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេច​តា នោះ​គឺ​ពិធី​ដង្ហែ​សព​លោក​កែម ឡី​។ សព​លោក​បណ្ឌិត​កែម ឡី ដែល​បាន​តម្កល់​ទុក​គោរព​វិញ្ញាណក្ខន្ធ​នៅ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ចាស់ នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល ១៤​ថ្ងៃ​កន្លង​មក​ហើយ​នោះ ត្រូវបាន​ដង្ហែ​ទៅកាន់​លំនៅឋាន ស្ថិតនៅ​ភូមិ​អង្គ​តា​កុក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ក្រោម​វត្តមាន​អ្នកចូលរួម​ដ៏​ច្រើន​កុះករ​។

 

​ហេតុអ្វី​បានជា​គេ​ចាត់ទុក​ពិធី​ដង្ហែ​សព​លោក​កែម ឡី ជា​ព្រឹត្តការណ៍​មហាជន​ធំ​ទីពីរ បន្ទាប់​ពី​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេច​តា​?

 

​តាម​សេចក្តីរាយការណ៍​របស់​គណៈកម្មការ​បុណ្យ​សព ឲ្យដឹងថា មាន​មហាជន​ខ្ទង់​លាន​នាក់​បាន​ចូលរួម​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី ដើម្បី​សម្ដែង​ពី​ការសោកស្ដាយ និង​រំឭក​នូវ​វីរភាព​របស់​លោក​បណ្ឌិត​។ ជាមួយគ្នានេះ លោក​មាស នី អ្នកវិភាគ​សង្គម និង​នយោបាយ ដូច​លោក​កែម ឡី ដែល​បាន​ចូលរួម​ពិធី​ដង្ហែ​សព​បាន​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​២៤​កក្កដា​នេះ​ថា ក្រៅពី​មនុស្ស​ចូលរួម​ដង្ហែរ​សព​ខ្ទង់​លាន​នាក់ អ្វី​ដែល​លោក​កត់សម្គាល់​នោះ គឺ​អ្នក​ដែល​ចូលរួម​ដង្ហែ​សព និង​អ្នក​ដែល​ឈរ​អម​សងខាង​ផ្លូរ បាន​លើក​ទង់​ជាតិខ្មែរ ខ្លះ​បាន​លើក​រូបថត​លោក​កែម ឡី ស្ថិត​ក្នុង​ទឹកមុខ​ក្រៀមក្រំ​។ លោក​មាស នី លើកឡើងថា នេះ​ការបង្ហាញ​ពី​ឯករាជ្យភាព​ជាតិ​យ៉ាងសំខាន់​បំផុត​....​។​

​សំឡេង​លោក​មាស នី​៖

 

ដំបូង​ឡើយ​គណៈកម្មការ​រៀបចំ​បុណ្យសព បាន​រំពឹង​ថា អ្នកចូលរួម​ដង្ហែ​សព​លោក​កែម ឡី មាន​ប្រមាណ​តែ​កន្លះ​លាន​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាម​ទិដ្ឋភាព​ជាក់ស្តែង គេ​សង្កេតឃើញថា មាន​អ្នកចូលរួម​លើស​ពី​ការរំពឹងទុក​។ ទាក់ទង​និង​ចលនា​ចូលរួម​ពី​មហាជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ លោក​មាស នី ចង់​ឲ្យ​វា​ក្លាយជា​សារ​មួយ​ដល់​រាជរដ្ឋាភិបាល​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ការឯកភាព​ជាតិ ពោល​គឺ​មិន​ត្រូវការ​ឲ្យមាន​អ្នកន​យោបា​យ​ចេះតែ​ឈ្លោះ​គ្នា​ឡើយ​។​

​សំឡេង​លោក​មាស នី​៖

 

​ដោយឡែក លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​លើកឡើង​ថា ទោះបីជា​លោក​បណ្ឌិត​កែម ឡី បាត់បង់​ជីវិត​ក្តី ប៉ុន្តែ​អ្វី​ដែល​លោក​បាន​សាយ​ព្រោះ​កន្លងមក បាន​ចាប់ផ្តើម​មាន​ឥទ្ធិពល​យល់​ប្រជាជន​ខ្មែរ ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​។ លោក​អ៊ូ វីរៈ ដែល​បាន​អមដំណើរ​ដង្ហែ​សព​លោក​កែម ឡី ឲ្យដឹងទៀតថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​នាពេលនេះ បង្ហាញថា ជា​គំរូ​ដល់​មនុស្ស​ក្នុង​សង្គម​កម្ពុជា​ឲ្យ​រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ ហើយ​ស្លាប់​ដោយ​កិត្ត​យស​....​។

​សំឡេង​លោក​អ៊ូ វីរៈ​៖

 

​ជា​ការកត់សម្គាល់ ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ដែល​ចូលរួម​ដង្ហែ​សព​លោក​កែម ឡី បាន​លើកឡើង​ថា លោក​បណ្ឌិត​កែម ឡី គឺជា​អ្នកសេ្នហាជាតិ ជា​វីរបុរស និង​ជា​បុគ្គល​ស្លូតត្រង់​។ ហើយ​ទោះបីជា​ពិធី​ដង្ហែ​សព​មាន​ចំងាយ​ផ្លូវ​ឆ្ងាយ​គួរសម និង​ស្ថិត​នៅក្រោម​កំដៅ​ថ្ងៃ ដោយ​អ្នកខ្លះ​បែកញើស​សស្រាក់​ស​ស្រ៊ាំ លាយឡំ​និង​ទឹកភ្នែក ហើយ​អ្នកខ្លះ​ទៀត​មាន​បញ្ហា​សុខភាព​ក៏​ពិតមែនក្តី ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច ក្នុងការ​ដង្ហែ​សព​លោក​កែម ឡី ឲ្យទៅដល់​គោលដៅ​។

 

​ទិដ្ឋភាព និង​ឆន្ទៈ​នៃ​ការចូលរួម​របស់​មហា​ជន​នាពេលនេះ លោក​អ៊ូ វីរៈ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់​បងប្អូន ដែល​មាន​ទឹកចិត្ត​សេ្ន​ហា​ជាតិ​មាតុភូមិ​។ លោក​អ៊ូ វីរៈ ថ្លែង​បញ្ជាក់​ដូច្នេះ​ថា​....

​សំឡេង​លោក​អ៊ូ វីរៈ​៖

 

​សូមបញ្ជាក់​ថា លោក​កែម ឡី ត្រូវបាន​ឃាតក​បាញ់​សម្លាប់​នៅ​ម៉ា​ត​មួយកន្លែង ក្បែរ​ស្តុប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា​។ ក្នុងពេល​ដង្ហែ​សព​លោក​កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ មាន​មនុស្ស​រាប់​ម៉ឺន​ចូលរួម​អមដំណើរ និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​កែម ឡី​ជា​បន្តបន្ទាប់​។ ហើយ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​នេះ ពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង បាន​ចូលរួម​ដង្ហែ​សព​លោក​កែម ឡី និង​អ្នកខ្លះ​ទៀត​ឈរ​ចាំ​នៅ​មាត់​ដងផ្លូវ​យ៉ាង​កកកុញ ទោះ​មិន​បាន​ធ្វើដំណើរ​ទៅ​ជាមួយ​ក៏​ដោយ តែ​ពួកគាត់​ចាត់ទុកថា នេះ​ជា​ការជូន​ដំណើរ​លោក​បណ្ឌិត​កែម ឡី ជា​លើក​ចុងក្រោយ​។​

 

​មួយវិញទៀត មនុស្ស​គ្រប់រូប​ដែល​ស្រលាញ់ ចូលចិត្ត និង​គោរព​នូវ​គំរូ​វីរភាព​របស់​លោក​បណ្ឌិត​កែម ឡី តែងតែ​រំលេច​នូវ​សារ​មួយ​ថា​៖ «​ជូត​ទឹកភ្នែក​របស់​អ្នក រួច​បន្តដំណើរ​ទៅមុខទៀត​» ដើម្បី​លើក​ឆន្ទៈ​ស្មារតី និង​សកម្មភាព​បន្តវេន​ពី​លោក​បណ្ឌិត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

 ពាក្យគន្លឹះ  កែម ឡី

ព័ត៌មានផ្សេងទៀត